អន្តរជាតិ៖ យោងតាមសេចក្តីរាយការណ៍របស់ក្រសួងសុខាភិបាលវៀតណាម បាននៅព្រឹកថ្ងៃទី៥ ខែសីហានេះប្រកាសថា ប្រទេសខ្លួនរកឃើញករណីឆ្លង COVID-19 ថ្មីចំនួន ២០ករណីបន្ថែមទៀត។ ក្នុងចំណោម ២០ករណីថ្មីនេះ មាន ១៩ករណីទាក់ទិននឹងករណីឆ្លងក្នុងទីក្រុងដាណាង និង ១ករណីទៀត គឺជាករណីនាំចូលពីបរទេស។
នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលវៀតណាម នៅល្ងាចថ្ងៃទី៤ ខែសីហា បានបញ្ជាក់ថា អាជ្ញាធរមូលដ្ឋានរាយការណ៍ថា៖ មានករណីឆ្លងចំនួន ១៨ករណីថ្មី ។ ចំណែកនៅព្រឹកថ្ងៃទី៥ ខែសីហានេះ មានពីរករណីថ្មីបន្ថែមទៀត។ ដែលតួលេខសរុបCOVID-19 នៅប្រទេសវៀតណាម បានកើនដល់ ៦៧២ករណី និងអ្នកស្លាប់មានចំនួន ៨នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន ៣៧៨នាក់។
លោក ង្វៀន ស៊ួនហ្វុក នាយករដ្ឋមន្ត្រីវៀតណាម នៅថ្ងៃទី៣ ខែសីហាកន្លងទៅថ្មីៗនេះ ពាក់ព័ន្ធនឹងការកើនឡើងករណីឆ្លង COVID-19 លោកក៏បានជំរុញឲ្យប្រជាជនរក្សាគម្លាតសុវត្ថិភាព ដើម្បីទប់ស្កាត់ការរាតត្បាត COVID-19 នៅក្នុងប្រទេស។ បន្ថែមពីនេះទៅទៀតនាយករដ្ឋមន្ត្រីវៀតណាមរូបនេះ ក៏បានសង្កត់ធ្ងន់ផងដែរថា អាជ្ញាធរថ្នាក់ស្រុក ត្រូវតែសម្រេចពីយុទ្ធសាស្ត្រមួយចំនួន ដើម្បីប្រយុទ្ធជាមួយCOVID-19។
ចំណែកអាជ្ញាធរក្រុងហាណូយ បានបញ្ជាក់ដែរថា ចំពោះទីក្រុងហាណូយវិញ នៅថ្ងៃទី៤ ខែសីហាម្សិលមិញនេះ បានបញ្ជាក់ថា បច្ចុប្បន្នខ្លួនកំពុងខ្វះសម្ភារធ្វើតេស្តរក COVID-19 លឿន ដើម្បីបន្តធ្វើតេស្តទ្រង់ទ្រាយធំលើប្រជាជនមកពីដាណាង។ ក្នុងចំណោមប្រជាជន ៨៨០០០នាក់ ដែលត្រលប់មកពីក្រុងដាណាងតាំងពីថ្ងៃទី៨ ខែសីហា អាជ្ញាធរបានធ្វើតេស្ត បានត្រឹមតែ៧០៦៨៩នាក់ប៉ុណ្ណោះ ព្រោះដោយសារខ្វះខាតឧបករណ៍ធ្វើតេស្តលឿន ។ ដោយឡែកវិទ្យាស្ថានវេជ្ជសាស្ត្រ និងមន្ទីរពេទ្យក្រុងហាណូយ គឺជាអ្នកទទួលបន្ទុក និងពន្លឿនការផលិតឧបករណ៍ធ្វើតេស្តចេញលទ្ធផលលឿននេះ។ យ៉ាងណាក៏ដោយ ឧបករណ៍ធ្វើតេស្តប្រភេទេនេះ អាចចេញលទ្ធផលមិនត្រឹមត្រូវ។
សូមជម្រាបថា ឧបករណ៍ធ្វើតេស្តCOVID-19 ដែលត្រឹមត្រូវជាង គឺជាឧបករណ៍ធ្វើតេស្ត COVID-19 ប្រភេទ PCR ដែលធ្វើតេស្តរកCOVID-19 តាមរយៈកំហាកបំពង់ក និងនៅច្រមុះ។ បើតាមការបញ្ជាក់របស់ប្រធានក្រុមហ៊ុនViet A Corp ដែលជាក្រុមហ៊ុនផលិតឧបករណ៍ធ្វើតេស្ត PCR វៀតណាមមិនខ្វះឡើយឧបករណ៍ធ្វើតេស្តCOVID-19 ហើយក្រុមហ៊ុនរបស់លោក មានឧបករណ៍គ្រប់គ្រាន់សម្រាប់ការធ្វើតេស្ត ២លានដង។
បច្ចុប្បន្ន បន្ទាប់ពីរកឃើញករណីឆ្លងCOVID-19 នៅក្នុងទីក្រុងដាណាង រដ្ឋាភិបាលវៀតណាម បានបញ្ជាឲ្យមន្ត្រីត្រួតពិនិត្យតាមព្រំដែនឃ្លាំមើលឲ្យម៉ត់ចត់ ដើម្បីការពារជនអន្តោប្រវេសន៍ខុសច្បាប់ចូលក្នុងប្រទេស ព្រោះនេះអាចជាប្រភពមួយនៃករណីឆ្លងនៅក្នុងទីក្រុងដាណាង ។
គួរបញ្ជាក់ថា នៅថ្ងៃទី៤ ខែសីហាម្សិលមិញនេះ មនុស្សចំនួន ៦នាក់ ត្រូវបានតុលាការវៀតណាម កាត់ទោសឲ្យជាប់ពន្ធនាគារ ២ឆ្នាំ និង៦ឆ្នាំពីបទរៀបចំឲ្យជនជាតិចិនចូលមកក្នុងវៀតណាមខុសច្បាប់៕ដោយ៖ស តារា