ភ្នំពេញ៖ រថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនវីអាយភី ពូវ៉េន ភ្នំពេញ បើកលឿនដូនហោះ ជ្រុលចង្កូតទៅបុកម៉ូតូបើកឆ្លងផ្លូវពេញទំហឹង បណ្តាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតបានស្លាប់ពេលដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីម៉ោងជាង៨យប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្បែរស្ពានលេខ២ ស្ថិតនៅក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។
លោក មាច សេរី នាយនគរបាលប៉ុស្តិ៍ព្រែកលៀបបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ខាងលើមានឈ្មោះសាន តុ ភេទប្រុស អាយុ២២ឆ្នាំ ជាកម្មករសំណង់បុរីឌឺមេគង្គ រ៉ូយ៉ាល់មានស្រុកកំណើតឃុំពររៀង ខេត្តព្រៃវែង និងម្នាក់ទៀតមានឈ្មោះស្រឿន សារ៉ាក់ អាយុ២១ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅការដ្ឋាន និងមានស្រុកកំណើតជាមួយគ្នា អ្នកទាំង២នាក់បើកម៉ូតូម៉ាកហុងដា MSX ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CT-3876 ។ ចំណែករថយន្តបង្កម៉ាកតូយ៉ូតា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AF-9188 របស់ក្រុមហ៊ុនវីអាយភី ពូវ៉េន ភ្នំពេញ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តដឹកអ្នកដំណើរក្រុមហ៊ុនវីអាយភី ពូវ៉េន ភ្នំពេញ មានដឹកអ្នកដំណើរពេញរថយន្តមកពីខេត្តមណ្ឌលគិរីចូលមករាជធានីភ្នំពេញ ដោយបើកបរយ៉ាងលឿនដូចហោះ ចំណែកម៉ូតូបើកបរស្របទិសជាមួយរថយន្ត តែបើកលើផ្លូវបញ្ច្រាសខាងឆ្វេងដៃ ខណៈមកដល់ចំណុចខាងលើ អ្នកបើកម៉ូតូបានបើកឆ្លងផ្លូវទៅខាងស្តាំដៃវិញ ត្រូវរថយន្តជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលចង្កូតទៅបុកម៉ូតូពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូ និងអ្នករួមដំណើរផ្លោងបោកនឹងថ្នល់ស្លាប់ម្នាក់នៅកន្លែងកើតហេតុ និងម្នាក់បានរងរបួសធ្ងន់ត្រូវរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យកាល់ម៉ែតដឹកយកទៅសង្គ្រោះ ជាអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់តាមផ្លូវទើបរថយន្តសង្គ្រោះដឹកត្រឡប់មកកន្លែងកើតហេតុវិញ ។
ក្រោយពេលកើតហេតុអ្នកបើករថយន្តបង្កបានបើករត់បានបន្តិច រួចឈប់រថយន្តទុកចោលហើយឡើងជិះរថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនកាលពីតូរហូតទៅដល់ចំណុចមុខក្រុមហ៊ុនហុងដា ក្បែររវង្វង់មូលជ្រោយចង្វាថ្មីត្រូវសមត្ថកិច្ចនគរបានឃាត់បានយកទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌជ្រោយចង្វា។
សពជនរងគ្រោះទាំង២នាក់ត្រូវបានសម្ថកិច្ចនគរបលប្រគល់ឲ្យបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតឯខេត្តព្រៃវែង ចំណែកម៉ូតូជនរងគ្រោះ និងរថយន្តបង្កត្រូវសមត្ថកិច្ចនគរបាលចរាចរវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក និងនាំខ្លួនអ្នកបើករថយន្តបង្កទៅឃុំខ្លួន ដើម្បីកសាងសំណុំបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕
...
ដោយ៖ ជ្រោយពេជ្រ