ភ្នំពេញ៖ជនជាតិចិន២នាក់ដែលចាប់បង្ខាំងមនុស្សជំរិតទារប្រាក់ត្រូវបាននគរបាលខណ្ឌចំការមនឃាត់ខ្លួនកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ វេលា ម៉ោង២១:៣០នាទីយប់ នៅចំណុចផ្សារយីហោឆែវភាយជីងជៀ ក្នុងផ្សារចិនក្បែរកោះពេជ្រ ផ្លូវលេខ៧៨ ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ TANG DEWEN ភេទ ប្រុស អាយុ២០ឆ្នាំ ជនជាតិចិន ស្នាក់នៅផ្ទះជួល ផ្លូវលេខ៥១កែងផ្លូវលេខ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរ ទេសចរ កាន់លិខិតឆ្លងដែនលេខEJ.1131456។
ចំណែកជនសង្ស័យដែលកម្លាំងសមត្ថកិច្ចបង្រាបបានមានចំនួន២នាក់ ៖
១.ឈ្មោះ Fang ShiQi ភេទ ប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន ស្នាក់នៅក្នុងផ្សារចិន ផ្លូវលេខ៧៨ ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរទេសចរ កាន់លិខិតឆ្លងដែនលេខEC.0962064។
២.ឈ្មោះ Zhang Song ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិន ស្នាក់នៅផ្ទះជួល ផ្លូវលេខ៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរ លក់គ្រឿងអេឡិចត្រូនិក កាន់លិខិតឆ្លងដែនលេខ EE 2725212 ។
ហេតុការណ៍ ៖ នៅមុនពេលកើតហេតុ ជនរងគ្រោះបានមកហូបចំណីអាហារនៅកន្លែងកើតហេតុខាងលើ ហើយក៏ត្រូវជនសង្ស័យនិងបក្ខពួក៤នាក់ទៀតបានចាប់ជនរងគ្រោះដាក់ចូលក្នុងបន្ទប់មួយ រួចទូរស័ព្ទទៅបងប្រុសរបស់ជនរងគ្រោះជំរិតទារប្រាក់៥ម៉ឺនដុល្លារ ពេលនោះបងប្រុសរបស់ជនរងគ្រោះបានវេរលុយចំនួន១៤.០០០យ័ន(លុយចិន)ទៅឱ្យក្រុមជនសង្ស័យ រួចបានរាយការណ៍ប្រាប់នគរបាលមន្ទីរប្រឆាំងគ្រឿងញៀនឱ្យជួយធ្វើអន្តរាគមន៍ ។ រហូតដល់ម៉ោង ០០:៣០នាទីឈានចូលថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២០ នគរបាលមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយនគរបាលខណ្ឌចំការមន ធ្វើការបង្រ្កាបឃាត់បានជនសង្ស័យ២នាក់ខាងលើ និងរំដោះបានជនរងគ្រោះមកវិញ ចំណែកបក្ខពួកជនសង្យ័យផ្សេងទៀតបានគេចខ្លួនអស់ ។
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់ការតាមនីតិវិធី៕ ដោយ ជីណា