​លោក ណា​ជីប ក្រោយតុលាការកាត់ទោសឲ្យ​ជាប់គុក​១២​ឆ្នាំ ពាក់ព័ន្ធរឿង​លួច​លុយ​រដ្ឋ​ លោកថា គឺ​ចាយ​លើ​សកម្មភាព​សុខុមាលភាព​ប្រជាជន និង​ក្មេង​កំព្រា

ចែករំលែក៖

អន្តរជាតិ៖ ក្រោយ​តុលា​ការចេញ​សាលក្រម​កាត់ទោសឲ្យអតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណា​ជីប រ៉ា​ហ្ស៉ា​ក់ ជាប់គុក​១២​ឆ្នាំ បន្ទាប់ពីរកឃើញថា មាន​កំហុស​ក្នុង​សំណុំរឿង​ពុករលួយ​ពាក់ព័ន្ធ​មូលនិធិ​អភិវឌ្ឍ 1MDB ។ លោក ណាជីប ​បកស្រាយ​​ពី​ភាព​ស្អាតស្អំ​របស់លោកថាភាគច្រើន​នៃ​លុយ​ដែល​លោក​ត្រូវបាន​ចោទប្រកាន់ថា​កិបកេង​នោះ គឺ​ចាយ​លើ​សកម្មភាព​សុខុមាលភាព​ប្រជាជន និង​ផ្គត់ផ្គង់​ក្មេង​កំព្រា​។

អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណា​ជីប រ៉ា​ហ្ស៉ា​ក់ ​បង្ហោះ​​វីដេអូនៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់លោក កាលពីថ្ងៃទី ៣ ខែសីហាកន្លងទៅនេះថា ៩៩​ភាគរយ​នៃ​លុយ​ដែល​លោក​ត្រូវបាន​ចោទប្រកាន់ថា កឹ​ប​កេង​ពី​មូលនិធិ​រដ្ឋ 1MDB គឺ​ត្រូវបាន​ចំណាយ​លើ​សកម្មភាព​នៃ​ការទទួលខុសត្រូវ​ទៅលើ​សង្គម (Corporate Social Responsibility) ។

អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ីរូបនេះ បន្តថា «​វា​ពុំមែន​សម្រាប់​ការចំណាយ​ផ្ទាល់ខ្លួន ឬ​សម្រាប់​ក្តី​សុខ​ផ្ទាល់ខ្លួន​ខ្ញុំ​ឡើយ​។ ដូច​ខ្ញុំ​ធ្លាប់​និយាយ​ពី​ពេលមុន តុលាការ ផ្ទៀ​ត​ផ្ទាត់​ថា លុយ​ពុំ​ត្រូវបាន​ប្រើ​សម្រាប់​គោលដៅ​ផ្ទាល់ខ្លួន​ឡើយ​»​។  លោក ណា​ជីប  សរសេរ​បែបនេះ ដោយ​បន្ថែមថា ការធ្វើ​វិភាគទាន​លុយ ៩៤ ៨៥៦ ដុល្លារ​របស់លោក​ទៅ​ឲ្យ​មណ្ឌល​កុមារកំព្រា​ក្រោម​ឈ្មោះ​លោក​ក្នុង​ក្រុង Pekan គឺ​ដើម្បី​មើលថែទាំ​ក្មេង​កំព្រា និង​ចំណាយ​លើ​ការសិក្សា​របស់​ពួកគេ​។

​បើតាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia លោក ណា​ជីប សង្កត់ធ្ងន់ថា លោក​បែរជា​ត្រូវ​ដាក់ទោស ដោយសារ​រឿង​មនុស្សធម៌​បែបនេះ​ទៅវិញ​។ អតីត​នាយករដ្ឋមន្ត្រី​រូបនេះ បន្តថា លោក​ក៏​រង​ពិន័យ​ព្រោះ​លោក​បាន​បរិច្ចាគ​លុយ​ទៅ​បក្ស​អង្គការ​ជាតិ​ម៉ា​ឡេ​រួបរួម​ក្នុង​រដ្ឋ Johor, Penang និង Kedah សម្រាប់​កម្មវិធី​សុខុមាលភាព​ពួកគេ​ផងដែរ​។

​លោក ណា​ជីប បញ្ជាក់តាមរយៈ​វីដេអូ​ដដែលទៀតថា មាន​ឧទាហរណ៍​ច្រើន​ដែល​លោក​បាន​ចាយលុយ​ទាំងនោះ​សម្រាប់​បក្ស និង​ប្រជាជន​ដោយ​ពុំមែន​សម្រាប់​ខ្លួន​លោក​ឡើយ​។ លោក​ថា លោក ទទួល​ការគាំទ្រ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុងចំណោម​ថ្នាក់មូលដ្ឋាន​ពី​ទង្វើ​សប្បុរស​ទាំងនេះ​។ ទាក់ទិន​នឹង​សាលក្រម​តុលាការ លោក​ប្តេជ្ញា​ប្រយុទ្ធ​ប្រឆាំងនឹង​ភាពអយុត្តិធម៌​។

​សូមជម្រាបថា កាលពី​ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២០ លោក ណា​ជីប រ៉ា​ហ្ស៉ា​ក់ ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់គុក​១២​ឆ្នាំ ហើយ​ពិន័យ​ជា​ប្រាក់ ជិត​៥០​លាន​ដុល្លារ ក្រោយ​តុលាការ​រកឃើញថា​លោក​មានទោស​ក្នុង​សំណុំរឿង​ពុករលួយ​លុយរាប់​រយ​លាន​ដុល្លារ​ពាក់ព័ន្ធ​នឹង​មូលនិធិ​អភិវឌ្ឍ1MDB ។ បទ​ចោទ​គឺ​រួមមាន ការរំលោភ​អំណាច ការលាង​លុយកខ្វក់ និង​បរាជ័យ​ក្នុងការ​អនុវត្ត​កាតព្វកិច្ច​ក្នុង​អាណត្តិ​ជា​នាយករដ្ឋមន្ត្រី​។

​បទល្មើស​ប្រឆាំង​លោក ណា​ជីប គឺ​ផ្ដោតលើ​ការផ្ទេរ​លុយ​ប្រមាណ ៩,៨​លាន​ដុល្លារ ពី​ក្រុមហ៊ុន SRC International ដែលជា​អតីត​ស្ថាប័ន​មួយ​របស់​មូលនិធិ​រដ្ឋ 1MDB ចូលទៅ​គណនី​ធនាគារ​ផ្ទាល់ខ្លួន​លោក​ក្នុង​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥​។  លោក​ណា​ជីប កាន់អំណាច​ពី​ឆ្នាំ​២០០៩ដល់ ឆ្នាំ​២០១៨​។

​តាម​ការចុះផ្សាយទូរទស្សន៍​សិង្ហ​បុរី​ដដែល បានបញ្ជាក់ថា ក្រោយ​មានការ​បន្ធូរបន្ថយ លោក ណា​ជីប ទទួលបាន​ការផ្អាក​ទោស​បណ្ដោះអាសន្ន ដោយ​រង់ចាំ​ការប្ដឹង​ឧទ្ធរណ៍​។ ហើយលោក​បានដាក់​ពាក្យបណ្ដឹង​តវ៉ា​ទៅកាន់​តុលាការ​ជាន់ខ្ពស់ ខណៈ​លោក Shafee Abdullah ដែលជា​ទីប្រឹក្សា​លោក ណា​ជីប សង្ឃឹមថា ដំណើរការ​ប្ដឹងតវ៉ា នឹង​រៀបចំឡើង​ក្នុង​ចន្លោះពេល​៣​ខែ​ខាងមុខ ហើយ​បើ​បរាជ័យលោក​នឹង​លើក​ករណីនេះ​ទៅកាន់​តុលាការ​សហព័ន្ធ​ដែលជា​ជម្រើស​ចុងក្រោយ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print