ក្នុង​រយៈពេល ៥​ខែប៉ុណ្ណោះ! ករណីផ្ទុកCOVID-19 បាន​កើនឡើង​បី​ដង លើយុវជនដែលមាន​អាយុ​ចាប់ពី​១៥​ ដល់​២៤​ឆ្នាំ

ចែករំលែក៖

អន្តរជាតិ៖ បើយោងតាម​ការវិភាគ​មួយ​របស់​អង្គការ​សុខភាព​ពិភពលោក(​WHO) បានអះអាងថា ក្នុង​រយៈពេល ៥​ខែប៉ុណ្ណោះ ករណីផ្ទុកCOVID-19 បាន​កើនឡើង​បី​ដងទៅលើក្រុមយុវជនដែលមាន​អាយុ​ចាប់ពី​១៥​ឆ្នាំ ដល់​២៤​ឆ្នាំ ដោយសារតែពួកគេមានការ​ទ្វេ​ប្រហែសនិងការមិន​ប្រុងប្រយ័ត្ន​របស់​យុវជន​ផ្ទាល់តែម្តង ។

បើតាម​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃទី​៥ ខែសីហាម្សិលមិញនេះ​ថា អង្គការWHO បានវិភាគ​ទៅលើ​អ្នក​ផ្ទុក COVID-19 ចំនួន​៦​លាន​នាក់ ចាប់ពី​ថ្ងៃទី​២៤ ខែកុម្ភៈ ដល់​ថ្ងៃ​១២ ខែកក្កដា ករណី​ឆ្លង COVID-19 លើ​យុវជន ដែលមាន​អាយុ​ចាប់ពី​១៥​ឆ្នាំ ដល់​២៤​ឆ្នាំ គឺ​បាន​កើនឡើង​ពី​៤,៥​ភាគរយ​ទៅ​១៥​ភាគរយ​។ ជាក់ស្តែងដូចជា៖ អេ​ស្ប៉ា​ញ អាល្លឺម៉ង់ បារាំង ជប៉ុន និង​បណ្តា​ប្រទេស​អាស៊ី​មួយចំនួនទៀត ក៏បាន​អះអាងថា អ្នក​ឆ្លង COVID-19 ថ្មី​ជាច្រើន គឺជា​យុវជន​។

អង្គការ​សុខភាព​ពិភពលោក​ ក៏បានបន្ថែមថា ក្រៅពី​យុវជន ក៏មានកុមារ​ដែលផ្ទុក COVID-19 ដែល​ចាប់ពី​អាយុ​ចន្លោះ​៥​ឆ្នាំ ដល់​១៤​ឆ្នាំ បាន​កើនឡើង​ពី​០,៨​ភាគរយ​មក​៤,៦​ភាគរយ បើ​គិត​ចាប់ពី​ថ្ងៃទី​២៤ ខែកុម្ភៈ ដល់​ថ្ងៃ​១២ ខែកក្កដា​។

​ដោយឡែកលោកស្រី Neysa Ernst អ្នកគ្រប់គ្រង​គិលានុបដ្ឋាក​នៅ​មន្ទីរពេទ្យ​Johns Hopkins បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថាពាក់ព័ន្ធ​នឹង​ករណី​ឆ្លង​លើ​យុវជន​នេះ ដោយសារតែយុវជន​មួយចំនួន ខ្វះ​ការប្រុងប្រយ័ត្ន​លើ​ការពាក់​ម៉ាស់ និង​រក្សា​គម្លាត​សុវត្ថិភាព​។ ហើយការធ្វើដំណើរ គឺ​បង្កើន​ឱកាស​របស់​អ្នក​ក្នុង​ការឆ្លង និង​ចម្លង COVID-19នេះ ​។ លោកស្រី Neysa ​បន្ថែមថា ការកើនឡើង​នៃការឆ្លងរបស់​យុវជននេះដែថ គឺ​ដោយសារ​ពួកគេ​ទំនង​ទៅធ្វើ​ការ​ក្នុង​សហគមន៍​ច្រើន ឬ​ពេល​ទៅ​ឆ្នេរសមុទ្រ តៀមស្រា និង​ហាង​ទំនិញ​ជាដើម ។

សូមជម្រាបថា លោក​Tedros Adhanom Ghebreyesus អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក កន្លងមកក៏ធ្លាប់បាន​ព្រមាន​ម្តង​ហើយ​ថាក្រុមយុវជន អាច​ឆ្លង COVID-19 អាច​ស្លាប់ និង​ចម្លង​វីរុស​ទៅ​អ្នកដទៃ​។​

​គួរបញ្ជាក់ថា បើគិត​មក​ត្រឹម​រសៀល​ថ្ងៃទី​៥ ខែសីហា ម្សិលមិញនេះ ជំងឺឆ្លងCOVID-19 របស់​ពិភពលោក បាន​កើន​ដល់ ១៨,៧​លាន​ករណីនិង​អ្នកស្លាប់​ជាង ៧០​ម៉ឺន​នាក់​។ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន​ជិត ១២​លាន​នាក់​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print