ខេត្តមណ្ឌលគិរី៖ កន្លងទៅការបើកយុទ្ធនាការបង្ក្រាបបទល្មើសធនធានធម្មជាតិនៅតំបន់អូរហ៊ុច កាលពីកំឡុងឆ្នាំ២០១៧ ដោយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឃាត់ខ្លួនជនជាតិវៀតណាម៨នាក់ ចាប់យកឡាន និងឈើមូលជាច្រើន គឺរកឃើញមានសមត្ថកិច្ចជាច្រើនពាក់ព័ន្ធនិងបទល្មើសនោះ ហើយ លោក មេនគរបាលវរៈការពារព្រំដែនគោកលេខ ៦២១ ក៏ជាជនជាប់ចោទក្នុងរឿងនេះ ដល់បច្ចុប្បន្នបន្តប្រព្រឹត្តបទល្មើសនេះ បើកភ្លើងខៀវឱ្យឈ្មូញវៀតណាម មកបំផ្លាញឈើយ៉ាងគឃ្លើនទៀត។
ជាក់ស្តែងកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២ សមត្ថកិច្ចចម្រុះបានប្រទះឃើញក្បូនបណ្ដែតឈើជាច្រើនគ្រឿងចតនៅអែបច្រាំងនៃអូលើទឹកដីវៀតណាមចំណុចបង្គោលព្រំដែនលេខ៦១ លើ២(១) និយាមការលេខ០៧១៧៩៦៣ ,១៣៣៩៥០៨ ក្នុងភូមិអូររអាម ឃុំស្រែខ្ទុម ស្រុកកែវសីមាខេត្តមណ្ឌលគិរី។
ប្រភពបានឱ្យដឹងទៀតថា៖ ក្បូនបណ្ដែតឈើទាំងនោះត្រូវគេអូសចេញពីភូមិសាស្រ្តនៃស្រុកអូររាំងចូលមកស្រុកកែវសីមា ក្នុងខណៈទឹកហូរជន់ឡើងខ្ពស់ដើម្បីត្រៀមយកលក់ឲ្យឈ្មួញវៀតណាម។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា៖ ឈើដែលគេបណ្តែត តាមក្បូនជាច្រើនគ្រឿង ជាឈើមូលមានជាប់សំបកកាត់ចុងកាត់គល់មានបណ្ដោយវែងៗ ហើយសមត្ថកិច្ចកំពុងចាត់វិធានការត្រួតពិនិត្យ។តាមការអះអាងរបស់សមត្ថកិច្ចបានឲ្យដឹងថា៖ ក្បូនសណ្ដោងឈើទាំងនោះត្រូវជាប់គាំងក្នុងអូដោយសារទឹករាក់មិនអាចទៅមុខរួចកុំអីឈ្មួញអាចយកឈើទាំងនោះទៅដល់គោលដៅបានដូចបំណង។មន្ត្រីអាជ្ញាធរក្នុងស្រុកកែវសីមាបានសូមគោលការណ៍ពីលោក ស្វាយ សំអ៊ាងអភិបាលខេត្តមណ្ឌលគិរីដើម្បីសហការជាមួយមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធដើម្បីចាត់ការតាមនីតិវិធី។ បើតាមប្រភពខ្លះបានបង្ហើបថា៖ ឈើទាំងនោះត្រូវបានគេកាត់នឹងអូសចេញពីតំបន់អូរហ៊ុច ដែលស្ថិតក្រោមការគ្រប់គ្រងរបស់វរៈការពារព្រំដែនលេខ៦២១ និងអនុសេនាធំលេខ២ (គ២) ចំណុះវរៈសេនាតូចលេខ២។ ប្រភពដដែលបានលួចបន្តថា៖ ឈើទាំងនោះជារបស់មន្ត្រីយោធាម្នាក់ក្នុងកងអនុសេនាធំលេខ២(គ២) ដែលជាមេខ្លោងក្នុងការកាប់ឈើនៅតំបន់អូរហ៊ុចហើយអូសឈើតាមក្បូនទៅលក់ឲ្យឈ្មួញវៀតណាមដោយមានការឃុបខិតគ្នាជាលក្ខណៈប្រព័ន្ធ។
ប្រភពគួរឱ្យទុកចិត្តបានបង្ហើបថា៖ ក្រុមមេៗសមត្ថកិច្ចខាងលើបាន ត្រូវរ៉ូវគ្នាអស់ហើយ ដើម្បីអោយមន្ត្រីយោធា១រូប ក្នុងកងអនុសេនាធំលេខ២(គ២) រៀបចំកាប់ អារ ឈើផ្តួល អូសតាមក្បូនឱ្យវៀតណាម ខណៈពួកគេបានយកកញ្ចប់ពីឈ្មួញវៀតណាម ហើយនោះ ។ ប៉ុន្តែត្រូវអាក់ខាន បរាជ័យ បន្ទាប់ពីក្បូនឈើជាប់គាំង ដោយទឹករាក់ ទើបឈានដល់បែកការណ៍ក្នុងរឿងឧក្រិដ្ឋនេះ ។
សង្ឃឹមថា៖ អាជ្ញាធរសមត្ថកិច្ច ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ បន្តស្រាវជ្រាវក្នុងបទល្មើសនេះ ថាតើអ្នកណាជាមេខ្លោង ហើយអ្នកណាខ្លះបានជាប់ពាក់ព័ន្ធនិងប្រយោជន៍ បើកភ្លើងខៀវឱ្យឈ្មួញ យកក្បូនមកអូសឈើក្នុងដីកម្ពុជា..?
ដោយ៖ សិលា