អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ បានប្រកាសនៅថ្ងៃទី៥ ខែសីហាថា អាមេរិកនឹងពង្រីកកម្មវិធី «បណ្ដាញស្អាត» ដែលជាគម្រោងមួយផ្ដោតលើការរឹតត្បិតកម្មវិធីរបស់ចិន ក្នុងបណ្ដាញប្រើប្រាស់អនឡាញនៅអាមេរិក តាមរយៈការផាត់ចេញកម្មវិធីទូរស័ព្ទផលិតនៅចិន និងប្រព័ន្ធផ្ទុកទិន្នន័យអនឡាញផងដែរ។ ហើយមិនត្រឹមបណ្ដាញសង្គមរបស់ចិនឡើយ សូម្បីតែកម្មវិធី (App) របស់ចិនដទៃ ក៏នឹងស្ថិតក្រោមការរឹតត្បិតរបស់អាមេរិកដែរ។
រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ បានសង្កត់ថា អាមេរិកចង់លុបចោលកម្មវិធីរបស់ចិនទាំងអស់ដែលមិនអាចទុកចិត្តបានពី Store របស់ក្រុមហ៊ុនផ្ដល់សេវាកម្មទូសព្ទ និងក្រុមហ៊ុនផលិតទូរសព្ទ។ លោករដ្ឋមន្រ្តី សង្កត់ធ្ងន់ថា លោកបានចុចឈ្មោះកម្មវិធីចំៗមានដូចជា៖កម្មវិធីTikTok និង WeChat ដែលមានក្រុមហ៊ុនធំនៅទឹកដីចិន ហើយដែលលោកចាត់ទុកជាការគំរាមដល់ទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់អាមេរិក មិនត្រឹមតែជាឧបករណ៍របស់បក្សកុម្មុយនីស្តចិន។
បើតាមទីភ្នាក់ងារព័ត៌មាន AFP អ្នកការទូតអាមេរិករូបនេះនិយាយច្បាស់ៗថា៖ «យើងមិនចង់ឲ្យក្រុមហ៊ុន (អាមេរិក) ចូលដៃចូលជើងក្នុងការបំពានសិទ្ធិមនុស្សរបស់ក្រុមហ៊ុន Huawei ឬស្ថាប័នស៊ើបការណ៍របស់បក្សកុម្មុយនីស្តចិនឡើយ។»លោក ម៉ៃ ប៉ុមប៉េអូ បន្តថា អាមេរិកក៏ចង់រារាំងកម្មវិធីរបស់អាមេរិកពីការដំឡើង ឬទុកឲ្យទាញយក (Download) សម្រាប់ទូរស័ព្ទចិន និងគ្រឿងបរិក្ខាររបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិនមាន Huawei ជាដើម។
សូមជម្រាបថា មិនចប់ត្រឹមនេះឡើយ លោក ប៉ុមប៉េអូ ដែលចិនអះអាងថា ជាមន្ត្រីអាមេរិកមើលប៉េកាំងក្នុងគំនិតខ្មៅរហូតនោះ ក៏ថែមទាំងបង្ហើបថា រដ្ឋាភិបាលក៏ត្រឹមកំហិតក្រុមហ៊ុនចិនមិនឲ្យប្រមូល រក្សាទុក និងដំណើរការព័ត៌មាននៅអាមេរិកទៀតផង។ មកដល់ត្រង់នេះ លោកក៏លើកឈ្មោះក្រុមហ៊ុន Alibaba Tencent និង Baidu ដែលផ្ដល់សេវាកម្មយ៉ាងច្រើននៅអាមេរិក។
គួរបញ្ជាក់ថា ការប្រកាសរបស់លោក ប៉ុមប៉េអូ ធ្វើឡើងពីរថ្ងៃក្រោយប្រធានាធិបតី ដូណាល់ ត្រាំ គំរាម TikTok ឲ្យឆាប់លក់ប្រតិបត្តិការរបស់ខ្លួននៅអាមេរិក បើចង់បន្តការរកស៊ីទៀត។ ByteDance ដែលជាម្ចាស់ TikTok មានពេលត្រឹមថ្ងៃទី១៥ ខែកញ្ញា ដើម្បីសម្រេចឲ្យបានកិច្ចព្រមព្រៀងទិញលក់ជាមួយក្រុមហ៊ុនអាមេរិក។ Microsoft ជាក្រុមហ៊ុនដែលចាប់អារម្មណ៍ការទិញ TikTok នៅអាមេរិក៕ដោយ៖ស តារា