អន្តរជាតិ៖ បន្ទាប់ពីប្រទេសវៀតណាម បានឆ្លងជំងឺ COVID-19 ក្នុងសហគមន៍នោះ បានធ្វើឲ្យអាជ្ញាធររកឃើញចំនួនអ្នកឆ្លងកាន់តែកើនឡើងជាលំដាប់ ។ ជាក់ស្តែងកាលពីល្ងាចថ្ងៃទី៦ និងនៅព្រឹកថ្ងៃសុក្រទី៧ ខែសីហា ឆ្នាំ២០២០នេះ អាជ្ញាធរវៀតណាម បន្តរកឃើញករណីថ្មីចំនួន ៣៣នាក់បន្ថែមទៀត និងម្នាក់ទៀតស្លាប់ ដោយករណីថ្មីនេះ ឆ្លងក្នុងសហគមន៍តែម្តង ។
ទីភ្នាក់ងារសារព័ត៌មាន Vietnam Insider នាព្រឹកថ្ងៃសុក្រ ទី៧ ខែសីហានេះថា យោងតាមរាយការណ៍របស់ក្រសួងសុខាភិបាលវៀតណាមបានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 ចំនួន ៣នាក់បន្ថែមទៀត ។ ខណៈកាលពីល្ងាចថ្ងៃទី៦ ម្សិលមិញនេះ ខ្លួនក៏រកឃើញករណីថ្មីចំនួន៣០នាក់ ផងដែរ។ ចំពោះករណីថ្មីទាំង ៣នេះ គឺជាពលរដ្ឋដែលមានទំនាក់ទំនងជាមួយអ្នកជំងឺ COVID-19 ពីមុន ឬបានទៅមន្ទីរពេទ្យដាណាង។ ដូច្នេះតួលេខថ្មីចុងក្រោយនេះ នាំឱ្យវៀតណាមមានករណី COVID-19 សរុប ៧៥០នាក់ និងមានការស្លាប់សរុប ១០នាក់។
គួរបញ្ជាក់ថា បើគិតចាប់តាំងពីថ្ងៃទី២៥ ខែកក្កដា រហូតមកដល់ពេលនេះ វៀតណាមបានរកឃើញករណីជំងឺ COVID-19 ក្នុងសហគមន៍ចំនួន ២៩៨ករណី ហើយទីតាំងដែលជាបណ្ដុំផ្ទុះឡើងគឺក្រុងដាណា ដោយមានករណីសរុប ១៩៣ករណី។ ក្នុងខេត្តដែលឆ្លងជំងឺនេះមានដូចជា៖ ខេត្តក្វាងណាមដែលនៅជិតខាងក៏មាន ២៩ករណី, ទីក្រុងហូជីមិញមាន ៨ករណី, ទីក្រុងហាណូយមាន ៣ករណី … ។
បច្ចុប្បន្ននេះ ប្រទេសវៀតណាមមានករណីជំងឺ COVID-19 ចំនួន ៧៥០ករណី ចាប់តាំងពីមានការរីករាលដាលនៃជំងឺរាតត្បាតនេះ។ ក្នុងនោះមាន ៣៩២នាក់ បានជាសះស្បើយ ១០នាក់ បានស្លាប់ និង ៣៤៨នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ហើយប្រទេសមួយនេះកំពុងដាក់មនុស្សជាង ១៧០,០០០ នាក់ ឱ្យនៅដាច់ដោយឡែកផងដែរ ៕ដោយ៖ស តារា