អន្តរជាតិ៖ បើតាមការដកស្រង់ ចេញពីសារព័ត៌មាន Global Times នៅរសៀលថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២០នេះថា បុរសជនជាតិចិនម្នាក់ ក្រោយជាប់ពន្ធនាគារអស់រយៈពេលជិត ២៧ឆ្នាំទៅហើយ ខណៈតុលាការចោទប្រកាន់ ពីបទសម្លាប់ក្មេងប្រុសពីរនាក់ ។ ប៉ុន្តែថ្មីៗនេះសំណុំរឿងរបស់គាត់ ត្រូវបាន តុលាការរកឃើញថា រូបគាត់មិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ ក៏សម្រេចដោះលែងឱ្យមានសេរីភាពឡើងវិញហើយ ។
សូមជម្រាបថា លោក ចាង យូហ័ន (Zhang Yuhuan) មានអាយុ ៥៣ឆ្នាំ ត្រូវបានដោះលែងនៅថ្ងៃអង្គារទី៤ សប្ដាហ៍នេះ បន្ទាប់ពីតុលាការកំពូលក្នុងខេត្ត ជាំងស៊ី (Jiangxi) នៃភាគខាងកើតប្រទេសចិន បានរកឃើញថា រូបលោកមិនមែនជាឃាតកដោយសំអាងថា គ្មានភស្ដុតាងគ្រប់គ្រាន់ដើម្បីដាក់បន្ទុក។ ប៉ុន្តែរយៈពេល ៩,៧៧៨ថ្ងៃមកហើយ ដែលលោក Zhang បានជាប់ឃុំក្នុងពន្ធនាគារទាំងខ្លួន គ្មានកំហុសសោះគិតចាប់តាំងពីខែតុលា ឆ្នាំ១៩៩៣ មកទល់នឹងពេលនេះ ហើយវាក៏បានធ្វើលោកក្លាយជា «ជនគ្មានកំហុស» ដែលជាប់ឃុំក្នុងពន្ធនាគារយូរបំផុត នៅក្នុងប្រវត្តិសាស្ត្រចិនសម័យទំនើបនេះផងដែរ។
ទីភ្នាក់ងារសារព័ត៌មាន Global Times បាននិយាយទៀតថាកាលពីខែតុលា ឆ្នាំ១៩៩៣ មានករណីក្មេងប្រុស ២នាក់ ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួន និងក្រោយមកត្រូវបានគេរកឃើញសាកសព នៅក្នុងទីក្រុង ណានឆាង (Nanchang) នៃខេត្ត Jiangxi។ ហើយនៅពេលនោះដែរ ប៉ូលីសបានសង្ស័យលើលោក Zhang ដែលជាអ្នកជិតខាងថា ជាឃាតកសម្លាប់ក្មេងប្រុសទាំង ២នាក់នេះ ហើយនៅឆ្នាំ១៩៩៥លោក Zhang ត្រូវបានផ្តន្ទទោសប្រហារជីវិត ជាមួយការអនុវត្តការព្យួរទោសរយៈពេល ០២ឆ្នាំ។
ប្រភពដដែលបន្តថា លោក Zhang បានប្ដឹងឧទ្ធរណ៍ឡើងតុលាការជាន់ខ្ពស់ ដោយអះអាងថា រូបលោកមិនមែនជាឃាតកនោះទេ ហើយប៉ូលីសបានធ្វើទារុណកម្មលើរូបលោក កំឡុងសួរចម្លើយដើម្បីបង្ខំឲ្យលោកឆ្លើយសារភាព។
គួរបញ្ជាក់ថា តុលាការជាន់ខ្ពស់បានបង្គាប់ឲ្យបើកសវនាការជាថ្មី តែសវនាការនេះមិនបានកើតឡើងឡើយ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០០១ខណៈសាលក្រមកាត់ទោសរូបលោក នៅតែរក្សាទុកជាបានការដដែល។ តែទោះជាយ៉ាងនេះក្ដី លោក Zhang និងក្រុមគ្រួសារ នៅតែបន្តប្ដឹងឡើងតុលាការកំពូលនៃខេត្ត Jiangxi កាលពីខែមីនា ឆ្នាំ២០១៩ ហើយរហូតដល់ថ្ងៃអង្គារទី៤ ខែសីហា ឆ្នាំ២០២០ថ្មីៗនេះ ទើបរូបលោកត្រូវបានដោះលែងឱ្យមានសេរីភាព ក្រោយរកឃើញថា មិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់។
ជុំវិញបញ្ហាខាងលើនេះដែរ តុលាការបានសុំទោសលោក Zhang ចំពោះការកាត់ទោសខុសនេះ ខណៈមេធាវីរបស់លោក Zhang ប្រាប់កាសែតរដ្ឋចិន China Daily ថា៖ កូនក្តីរបស់លោក នឹងប្ដឹងទាមទារសំណង។ លោក Zhang ថា លោកចង់ឲ្យអ្នកដាក់ទោសលោកខុសដើម្បីឲ្យពួកគេទទួលខុសត្រូវចំពោះទង្វើនេះផងដែរ៕ដោយ៖ស តារា