រដ្ឋមន្ត្រី​ការពារ​ជាតិចិន ព្រមាន​អាមេរិក​ចំពោះ​ការធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ទ្វេភាគី

ចែករំលែក៖

អន្តរជាតិ៖បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua បាននិយាយថា ក្នុងជំនួបតាមទូរស័ព្ទរយៈពេល៩០នាទីនៅថ្ងៃទី ខែសីហានេះ រដ្ឋមន្ត្រីការពារជាតិចិន លោក Wei Fenghe បានព្រមានទៅ លោក Mark Esper រដ្ឋមន្ត្រីការពារជាតិអាមេរិកឲ្យបញ្ឈប់សកម្មភាព និងពាក្យសម្តីដែលមិនត្រឹមត្រូវ និងជៀសវាងសកម្មភាពគ្រោះថ្នាក់ទាំងឡាយណាដែលធ្វើឲ្យអូសបន្លាយស្ថានការណ៍ លោករដ្ឋមន្ត្រីការពារជាតិចិននិយាយបែបនេះដោយសំដៅចំៗទៅលើបញ្ហាសមុទ្រចិនខាងត្បូង និងកោះតៃវ៉ាន់

ការព្រមានរបស់ លោក Wei Fenghe បានធ្វើឡើង បន្ទាប់ពីសហរដ្ឋអាមេរិក កាលពីថ្ងៃទី កក្កដាកន្លងទៅនេះ បានសម្រេចបញ្ជូនមន្ត្រីជាន់ខ្ពស់ទៅធ្វើទស្សនកិច្ចនៅតៃវ៉ាន់ និងស្របពេលដែលបញ្ហាសមុទ្រខាងត្បូងកាន់តែក្ដៅដែរនោះ ដោយគម្រោងទស្សនកិច្ចនៅតៃវ៉ាន់ធ្វើឲ្យចិនក្តៅក្រហាយ និងជំទាស់យ៉ាងដាច់ខាត

ចំពោះកិច្ចសន្ទនានោះដែរ បន្ទាប់ពីអាមេរិក ប្រកាសពីគម្រោងទស្សនកិច្ចរបស់លោក Alex Azar រដ្ឋមន្ត្រីសុខាភិបាល និងសេវាកម្មប្រជាជនទៅកាន់តៃវ៉ាន់ ដំណើរទស្សនកិច្ចរបស់សមាជិកគណៈរដ្ឋមន្ត្រីអាមេរិកនេះត្រូវបានគេចាត់ទុកថា ជាទស្សនកិច្ចកម្រិតខ្ពស់ក្នុងរយៈពេល២០ឆ្នាំចុងក្រោយក្នុងទំនាក់ទំនងមិនផ្លូវការអាមេរិក​-​តៃវ៉ាន់ ហើយក៏ចំពេលដែលអាមេរិក មិនទទួលស្គាល់ការទាមទារអធិបតេយ្យភាពរបស់ចិនក្នុងសមុទ្រចិនខាងត្បូង ដោយអះអាងថា មិនអនុលោមតាមច្បាប់អន្តរជាតិ

ដោយឡែកអ្នកនាំពាក្យក្រសួងការបរទេសចិន Wang Wenbin ចំពោះដំណើរទស្សនកិច្ចខាងលើនេះ បានទាមទារឲ្យលុបចោលដំណើរទស្សនកិច្ចខាងលើ លោក Wang បានសង្កត់ធ្ងន់ថា« ចិន ប្រឆាំងយ៉ាងដាច់ខាតចំពោះការផ្លាស់ប្តូរមន្ត្រីទៅវិញទៅមក រវាងចិន និងតៃវ៉ាន់​»​ លោកបន្ថែមថា ចិនទទូចឲ្យអាមេរិកគោរពគោលការណ៍ចិនតែមួយ ដើម្បីជៀសវាងគ្រោះថ្នាក់ធ្ងន់ធ្ងរលើទំនាក់ទំនងទ្វេភាគី ក៏ដូចជាសន្តិភាព និងស្ថិរភាពនៅសងខាងច្រកសមុទ្រតៃវ៉ាន់

សូមជម្រាបថា ផ្ទុយពីអ្វីដែលចិនបានលើកឡើង លោក Esper រដ្ឋមន្ត្រីការពារជាតិអាមេរិកបានលើកឡើងទៅវិញថា៖ រដ្ឋាភិបាលចិនឯណេះទេ ដែលជាអ្នកបង្កអស្ថិរភាព លោក Jonathan Hoffman អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកបានលើកឡើងថា លោក Esper ស្នើឲ្យចិនមានតម្លាភាពជាងមុនលើរឿង COVID-19 ប្រមុខការពារជាតិអាមេរិក ក៏បង្ហាញការបារម្ភលើអំពីការបង្ករអស្ថិរភាពរបស់ចិននៅជុំវិញតៃវ៉ាន់ និងស្នើឲ្យចិនគោរពតាមកាតព្វកិច្ចអន្តរជាតិ

គួរបញ្ជាក់ថា បើតាមពិតទៅ លោក Esper ក៏មានបំណងទៅធ្វើដំណើរទស្សនកិច្ចទៅចិនឲ្យបានមុនចុងឆ្នាំនេះដែរ គោលដៅនៃទស្សនកិច្ចនេះ គឺផ្ដោតលើការពិភាក្សាការធ្វើឲ្យប្រសើរឡើងទំនាក់ទំនងនៅពេលមានវិបត្តិ ជាពិសេសក្នុងស្ថានការណ៍ដែលកងទ័ពជើងទឹកអាមេរិកចេញប្រតិបត្តិការជាប្រចាំជិតកោះតៃវ៉ាន់ និងក្នុងសមុទ្រចិនខាងត្បូង៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print