ម៉ូតូPassApp​ ពន្លះរថយន្តFUSOដឹកដែកពេញទំហឹង​ បណ្ដាលឲ្យរួញចូលគ្នា​ខូចខាតយ៉ាងដំណំ​ របួសស្រាលម្នាក់

ចែករំលែក៖

ភ្នំពេញ​ ៖​ រថយន្តម៉ាកFUSO សណ្ដោងកុងតឺន័រដឹកដែក​មួយគ្រឿង​ ខណៈកំពុងធ្វេីដំណេីរ​ហេីយបម្រុងបត់អែបផ្លូវ​ ស្រាប់តែមានម៉ូតូPassAppមួយគ្រឿងមកបុកពីក្រោយពេញទំហឹង​ បណ្ដាលឲ្យPassAppរួញចូលគ្នារងការខូចខាតយ៉ាងដំណំ​ និងធ្វេីឲ្យតៃកុងរងរបួសបែកក្បាលហូរឈាមពេញអាវ​ តែមិនប៉ះពាល់ដល់ភ្ញៀវអង្គុយខាងក្រោយឡេីយ​ ។ 

​     ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ​ បានកេីតឡេីងកាលពីវេលាម៉ោង១០​ និង៣០នាទីយប់​ ថ្ងៃទី៧​ ខែសីហា​ ឆ្នាំ២០២០​ នៅចំណុចមុខក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា​,ព្រឹទ្ធសភា​ និងអធិការកិច្ច​ តាមបណ្ដោយផ្លូវ៧៨​ ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។ 

​   បេីតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ ដំបូងគេឃេីញរថយន្តម៉ាក​ FUSO ពណ៌ខៀវ​ ពាក់ស្លាកលេខ​ កំពង់ស្ពឺ​ 3A-1915 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ៧៨​ ទិសដៅពីលិចមកកេីតក្នុងល្បឿនលឿនល្មម​ ខណៈមកដល់ចំណុចកេីតហេតុក៏ចាប់ហ្រ្វ័ងបំណងបត់អែបផ្លូវខាងឆ្វេងដៃ​ ស្របពេលនោះក៏មានម៉ូតូPassAppមួយគ្រឿង​ ពណ៌ស​ ពាក់ស្លាកលេខ​ភ្នំពេញ​ 1HJ-9212 ដែលបានដឹកភ្ញៀវ២នាក់មកពីក្រោយយ៉ាងលឿន​ ចាប់ហ្រ្វ័ងមិនទាន់បានបុករថយន្តFUSO​ពេញទំហឹង​ បណ្ដាលឲ្យម៉ូតូPassAppរួញស្ទេីចូលគ្នារងការខូចខាតយ៉ាងដំណំ​ ។

ចំណែកតៃកុងPassAppបានបែកក្បាលហូរឈាមពេញអាវ​ តែមិនព្រមឡេីងរថយន្តសាមុយឡេីយ​ ។ ដោយឡែកភ្ញៀវ២នាក់អង្គុយខាងក្រោយមិនរងរបួសនោះទេ​ ក្រោយកេីតហេតុក៏ឡេីងPassAppផ្សេងចេញទៅបាត់​ ។ 

​     ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់​ទីតាំងខាងលេី​ ហេីយបានរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញឲ្យមកធ្វេីការវាស់វែងយករថយន្ត​ និងម៉ូតូPassAppខាងលេីទៅរក្សាទុកនៅ​ការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ ដេីម្បីរង់ចាំដោះស្រាយតាមច្បាប់៕​ ដោយ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print