ក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំស្ដីពី វិសមិតភាពក្នុងការបំពេញមុខងារសាធារណៈ និងការប្រកបវិជ្ជាជីវៈជាមេធាវីរបស់មន្ដ្រីរាជការក្រសួងមហាផ្ទៃ

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីជៀសវាងការបំពេញមុខងារសាធារណៈផង និងប្រកបវិជ្ជាជីវៈជាមេធាវីផង ក្រសួងមហាផ្ទៃបានធ្វើការណែនាំចំពោះមន្ដ្រីរាជការចំណុះក្រសួងមហាផ្ទៃ ត្រូវជ្រើស​រើសយកការបំពេញមុខងារជាអ្នករាជការសាធារណៈ ឬប្រកបវិជ្ជាជីវៈជាមេធាវី។

ក្នុងសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ ចេញផ្សាយកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ កន្លងទៅបានឲ្យដឹងថា៖ មន្ដ្រី

រាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចំណុះក្រសួងមហាផ្ទៃ ដែល​ប្រកប​វិជ្ជាជីវៈជាមេធាវី ត្រូវធ្វើសំណើទៅគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីស្នើសុំ​ស្ថិតក្នុងស្ថានភាពមេធាវីសុំមិនប្រកបវិជ្ជាជីវៈ ឬសុំនៅក្រៅបញ្ជីនៃគណៈ​មេធាវីស្របតាមគោលការណ៍បែបបទនីតិវិធី និងច្បាប់ជាធរមាន។

នាយកដ្ឋានព័ត៌មានវិទ្យាបានបញ្ជាក់ថា៖ បន្ទាប់ពីបានសេចក្ដីសម្រេចស្ដីពី ការអនុញ្ញាតឲ្យដាក់ក្នុងស្ថានភាព​ភាពជាមេធាវីសុំមិន​ប្រកប​វិជ្ជាជីវៈ ឬសេចក្ដីសម្រេចស្ដីពីការដាក់ឲ្យនៅក្រៅបញ្ជីសាមីមន្ដ្រីរាជការ​ត្រូវថតចម្លងសេចក្ដីសម្រេចនោះ ជូនអង្គភាពសាមីនិងអង្គភាពគ្រប់គ្រងបុគ្គលិក ដើម្បីតម្កល់ទុកជាឯកសារ និងងាយស្រួលក្នុងការគ្រប់ គ្រងទិន្នន័យមន្ដ្រីរាជការ​ដែលមានវិជ្ជាជីវៈជាមេធាវី។

មន្ដ្រីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចំណុះក្រសួងមហាផ្ទៃ ដែលមានបំណងប្រកប​វិជ្ជាជីវៈជាមេធាវីត្រូវដាក់ពាក្យស្នើសុំលាឈប់ពីអ្នករាជការ​សាធារណៈស្រប​តាមគោល​ការណ៍បែបបទនីតិវិធី និងច្បាប់ជាធរមាន។

ក្នុងករណីមិនចង់លាឈប់ពីអ្នករាជការសាធារណៈ សាមីខ្លួនអាចដាក់ពាក្យស្នើសុំ​ស្ថិត​ក្នុងភាពទំនេរគ្មានបៀវត្ស ដើម្បីទៅប្រកបវិជ្ជាជីវៈជាមេធាវីស្របតាមគោលការណ៍ បែប​បទនីតិវិធី និងច្បាប់ជាធរមាន។ គ្រប់អង្គភាពនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ​ចំណុះ​ក្រសួងមហាផ្ទៃ ត្រូវចាត់ឲ្យមានការស្រាវជ្រាវ និងរៀបចំបញ្ជីឈ្មោះ​មន្ដ្រីរាជការ​ដែល​ប្រកបវិជ្ជាជីវៈជាមេធាវី ខណៈពេលកំពុងបំពេញមុខងារក្នុងក្របខ័ណ្ឌមន្ដ្រីរាជការ​ស៊ីវិល មន្ដ្រីនគរបាលជាតិ និងមន្ដ្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ។ បន្ទាប់ពីបានរៀបចំ បញ្ជីឈ្មោះមន្ដ្រីរាជការដែលប្រកបវិជ្ជាជីវៈជាមេធាវីរួចហើយ ប្រធានអង្គភាពសាមី និងអង្គភាពគ្រប់គ្រងបុគ្គលិក ត្រូវផ្សព្វផ្សាយខ្លឹមសារសេចក្ដីណែនាំនេះ ដើម្បីពង្រឹង​ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានជាធរមាន៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print