ភ្នំពេញ៖ រថយន្តឡិចសុីសមួយគ្រឿងបើកលឿនជ្រុលទៅបុករថយន្តនិងម៉ូតូដែលកំពុងឈប់រង់ចាំភ្លើងសញ្ញាចរាចរណ៍ពីក្រោយពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អគ្មានអ្នករងរបួសឡើយ។
ហេតុការណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង១២នាទីយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូ២គ្រឿងនិងរថយន្ត១គ្រឿងទៀតធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតលុះមកដល់ភ្លើងស្តុបចរាចរណ៍ជនរងគ្រោះទាំងម្ចាស់ម៉ូតូ២គ្រឿងនិងម្ចាស់រថយន្តក៏ឈប់រង់ចាំភ្លើងស្តុបចរាចរណ៍លោតពណ៌ខៀវ ភ្លាមនោះស្រាប់តែមានរថយន្តឡិចស៊ីសមួយគ្រឿងមិនចាំស្លាកលេខបើកក្នុងល្បឿនលឿនជាន់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុករថយន្តម៉ាក់រ៉េវហ្វ័រពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AD-2131ពីក្រោយពេញមួយទំហឹងបណ្ដាលឱ្យរងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ ចំណែករថយន្តរ៉េវហ្វ័រក៏ខ្ទាតទៅប៉ះម៉ូតូ២គ្រឿងមិនចាំស្លាកលេខមួយគ្រឿងម៉ាកឡេត និងមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមសេ១២៥បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្កហេតុបានបើកគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុដោយពិនិត្យឃើញមិនមានប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់រដ្ឋ ហើយជនបង្កក៏បើករថយន្តរត់ចេញពីកន្លែងកើតហេតុនៅសល់តែជនរងគ្រោះនោះក៏លើកម៉ូតូជិះទៅរៀងៗខ្លួន។ចំណែកម្ចាស់រថយន្តរ៉េវហ្វ័របានទំនាក់ទំនងហៅជាងមកជួសជុលរថយន្តដើម្បីបើកចេញពីកន្លែងកើតហេតុផងដែរ៕