ភ្នំពេញ៖ តារាសម្តែងស្រស់សោភាកញ្ញា រុន រីយ៉ា បាននិងកំពុងតែធ្វើឲ្យគេចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយពីស្នាដៃសម្តែងដ៏លេចធ្លោរជាច្រើនទទួលបានការពេញចិត្តពីទស្សនិកជន។ បន្ថែមពីលើភាពជោគជ័យនៃវិស័យសម្តែងតារាស្រីវ័យក្មេងរូបនេះត្រៀមបញ្ចេញស្នាដៃបទចម្រៀងOriginal Song ថ្មីបន្ថែមទៀតដើម្បីបំពេញចិត្តអ្នកគាំទ្រ។
កញ្ញា រុន រីយ៉ា ត្រូវបានគេស្គាល់ច្រើនតាមរយៈការសម្តែងក្នុងបទចម្រៀង“ស្រលាញ់អូនដល់កាន់ឈើច្រត់” និងស្នាដៃសម្តែងក្នុងតំណែងជាតួឯកក្នុងភាពយន្តខ្លីរឿង”សង្សារចាស់”ជាដើម។ នាងទទួលបានឱកាសការងារជាច្រើនពីផលិតករក្រោយពីរូបសម្រស់ និងសមត្ថភាពដែលមានព្រមគ្នាអ្វីដែលកាន់តែធ្វើគេភ្ញាក់ផ្អើលគឺក្រោយពីអ្នកគាំទ្រនាងដឹងថានាងនិងបញ្ចេញស្នាដៃបទចម្រៀងថ្មីបន្ថែមទៀត។ តារាស្រីវ័យ២០ឆ្នាំរូបនេះលើកឡើងថា ថ្ងៃទី០៩ ខែ សីហាឆ្នាំ២០២០នេះ នាងនឹងបញ្ចេញបទចម្រៀងសម្រិតសម្រាំងពិសេសមួយគឺបទ”Sad Flower” ដែលជាបទចម្រៀងមនោសញ្ចេតនាស៊ីជម្រៅរៀបរាប់អំពីស្នេហ៍ខកបំណងដែលបុរសជាសង្សារបណ្តូលចិត្តចាកចោលជារៀងរហូតក្រោយប្រគល់បាច់ផ្កាមកឲ្យ។ នាងថាបទចម្រៀងនេះនឹងត្រូវបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមYoutube និងបណ្តាញសង្គមនានាផងដែរ។នាងថានេះគឺជាចំណងដៃថ្មីបន្ទាប់ពីបទចម្រៀងរបស់នាងនិងរួមគ្នាជាមួយលោក រស់ម៉ានិត ដូចជាបទ”ស្រាជាមិត្ត” និងបទ”ចាប់បេះដូង” ជាដើមដែលទទួលបានការគាំទ្រច្រើនពោលគឺមានអ្នកចូលទស្សនាជាងកន្លះលានដងរួចមក។ នាងបានចាត់ទុកថាឆ្នាំ២០២០គឺជាឆ្នាំនៃភាពជោគជ័យលើវិថីសិល្បៈបើទោះបីជាមានការបារម្ភនៃការរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយពិសេសគឺការទទួលបានតំណែងជាតារាដំណាងផលិតផលថែរក្សាសម្រស់ពីបរទេសមួយផងដែរ។ នាងលើកឡើងដែរថាពីដើមឆ្នាំនេះនាងទទួលបានឱកាសសម្តែងជាច្រើនពីសំណាក់ផលិតករ។ តាមការគ្រោងទុកនាងគ្រោងបង្កើតStudio ផលិតបទចម្រៀងផ្ទាល់ខ្លួន ដែលចុងឆ្នាំនេះនាងនឹងបញ្ចេញបទចម្រៀងបែបញាក់កន្ត្រាក់អារម្មណ៍វិញម្តងបន្ទាប់ពីបទចម្រៀងមនោសញ្ចេតនាទាំងនេះ។ កាន់តែពិសេសនាងក៏គ្រោងនឹងបញ្ចេញMini Album មួយផ្ទាល់ដែលប្រមូលនូវស្នាដៃបទចម្រៀងថ្មីរបស់នាងទាំងអស់។
តារាស្រីរូបនេះរំពឹងថានាងនឹងទទួលបានការគាំទ្រ និងលើកទឹកចិត្តច្រើនពីទស្សនិកជន ហើយនាងសន្យាថានឹងស្វែងរកអ្វីដែលថ្មីដើម្បីបម្រើការកម្សាន្តរបស់ទស្សនិកជនផងដែរ៕
ដោយ៖វឌ្ឍនា