អន្តរជាតិ៖ កាលពីថ្ងៃសុក្រទី៧ ខែសីហាម្សិលមិញនេះ លោកស្រី គ្រីស្ទា ហ្វ្រីលែនដ៍ (Chrystia Freeland) ឧបនាយករដ្ឋមន្ត្រីកាណាដាបានប្រកាសថា ប្រទេសកាណាដានឹងដំឡើងពន្ធ ៣.៦ពាន់លានដុល្លារកាណាដា (២.៧ពាន់លានដុល្លារអាមេរិក) លើផលិតផលរបស់សហរដ្ឋអាមេរិក ក្រោយពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសអំពីការសម្រេចចិត្តថា នឹងដំឡើងពន្ធ ១០%ជាថ្មីម្ដងទៀតលើការនាំចូលអាលុយមីញ៉ូម ពីប្រទេសសម្ព័ន្ធមិត្តជិតខាងមួយនេះ។
បើតាមទីភ្នាក់ងារព័ត៌មានស៊ីនហួរ បានចេញផ្សាយនាព្រឹកថ្ងៃសៅរ៍ ទី០៨ ខែសីហា ឆ្នាំ២០២០នេះថា លោកស្រី ឧបនាយករដ្ឋមន្ត្រីកាណាដាបានបញ្ជាក់ថា ការដំឡើងពន្ធនេះ នឹងចូលជាធរមានក្នុងរយៈពេល ៣០ថ្ងៃទៀត បន្ទាប់ពីរដ្ឋាភិបាលកាណាដា ធ្វើការពិចារណាថា តើផលិតផលអាមេរិកណាខ្លះដែលត្រូវក្លាយជាគោលដៅ។
ឧបនាយករដ្ឋមន្ត្រីកាណាដាស្រីរូបនេះ និយាយទៀតថា ការលើកឡើងរបស់លោកត្រាំ «វាជារឿងដ៏គួរឲ្យអស់សំណើច»។ មិនតែប៉ុណ្ណោះលោកស្រី បានសង្កត់ធ្ងន់ទៀតថា ជម្លោះពាណិជ្ជកម្មថ្មីនេះនឹងធ្វើឲ្យប៉ះពាល់ ដល់ ការងើបឡើងវិញនៃសេដ្ឋកិច្ចប្រទេសទាំងពីរ ដែលកំពុងប្រឈមនឹងវិបត្តិ COVID-19 ដូចគ្នាតែប៉ុណ្ណោះ។ លោកស្រី Freeland ក៏បានគត់សំគាល់ដែលថា រដ្ឋាភិបាលលោក ត្រាំ គឺជា «រដ្ឋបាលគាំពារនិយមបំផុត នៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក»។
ដោយឡែកលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅរោងចក្រមួយនៃរដ្ឋអូហៃយ៉ូ(Ohio) ថា ការដំឡើងពន្ធ ១០% ទៅលើផលិតផលអាលុយមីញ៉ូម នាំចូលពីប្រទេសកាណាដា នឹងចូលជាធរមាននៅថ្ងៃទី១៦ ខែសីហាឆ្នាំ២០២០ ខាងមុខនេះ ដោយលើកហេតុផលថាជា «កង្វល់សន្តិសុខជាតិ»។
បើតាមការបញ្ជាក់ពី លោក ចាស្ទីន ទ្រូដូ (Justin Trudeau) នាយករដ្ឋមន្រី្តកាណាដា ក៏បានលើកឡើងយ៉ាងដូច្នេះថា «ដើម្បីឆ្លើយតបនឹងការយកពន្ធរបស់សហរដ្ឋអាមេរិក ដែលបានប្រកាសនៅថ្ងៃនេះ ប្រទេសកាណាដានឹងដាក់ចេញនូវវិធានការតបតវិញ ដោយការយកពន្ធលើការនាំចូលទំនិញ របស់សហរដ្ឋអាមេរិកដូចគ្នា»។ លោកនាយករដ្ឋមន្ត្រី បានបន្តទៀតថា «យើងនឹងតតាំងជានិច្ច ដើម្បីកម្មករអាលុយមីញ៉ូមរបស់យើង។ យើងបានធ្វើដូច្នេះម្តងហើយកាលពីឆ្នាំ ២០១៨ ហើយយើងនឹងក្រោកឈរឡើង សម្រាប់ពួកគេម្ដងទៀត»។
សូមជម្រាបថា លោកត្រាំ ធ្លាប់បានដំឡើងពន្ធ ១០%លើអាលុយមីញ៉ូមកាណាដា កាលពីខែមីនាឆ្នាំ ២០១៨ ម្តងរួចទៅហើយ ខណៈដែលប្រទេសកាណាដា បានសងសឹកវិញជាមួយនឹងការដំឡើងពន្ធរាប់ពាន់លានដុល្លារលើ ផលិតផលអាមេរិក។ ក្រោយមកសហរដ្ឋអាមេរិក បានលុបចោលវិញ និងយប់ព្រមបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីអាមេរិកខាងជើងសាជាថ្មី៕ដោយ៖ស តារា