ខេត្តកំពត៖ បន្ទាប់ពីគណនីហ្វេសប៊ុករបស់ឈ្មោះ (សូ សូសាវ៉ាត) ដែលបានបង្ហោះរូបភាពចំនួន ០៣សន្លឹក ពាក់ព័ន្ធរឿងមានជនឱកាសនិយមឆ្លៀតយកលុយពីប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ស្ពានឈើក្ដារតូចមួយ ស្ថិតនៅមុខសាលាឃុំ ភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត គឺត្រូវបង់ម្ដង១,០០០រៀល បើសិនឆ្លងទៅឆ្លងមក គឺត្រូវអស់ថវិកា ២,០០០រៀល កាលពីម៉ោង ២និង២៦នាទីរសៀលថ្ងៃទី៦ខែសីហា ឆ្នាំ២០២០ថ្មីៗនេះ ធ្វើឲ្យមហាជនជាច្រើន ពិសេសអ្នកនិយមលេងនៅលើបណ្តាញសង្គមនាំគ្នារិះគន់យ៉ាងខ្លាំង ។ រហូតដឹងដល់លោកអភិបាលស្រុកទឹកឈូ បានចុះទៅត្រួតពិនិត្យនឹងទិញយកស្ពាននោះតែម្តង ហើយដាក់ឲ្យបងប្អូនប្រជាពលរដ្ឋឆ្លង ដោយឥតគិតថ្លៃវិញ។
យោងតាមប្រភពពីគណនីហ្វេសប៊ុករបស់ឈ្មោះ (សូ សូសាវ៉ាត) ដែលមតិរបស់មហាជន បានលើកឡើងជាសំនួរថា «ទៅមកសូមបង់លុយ២០០០រៀល ! ដូចគេថា ស្ពានបាក់យកក្ដារតមែន ? សុំចោទសំណួរ ? ដូចពេកហើយទេដឹង ? តើផ្លូវនេះជារបស់រដ្ឋឬ ? ស្ពានបាក់នៅមុខសាលាឃុំ តែឃុំគ្មានលុយទិញក្ដារ ៤ ទៅ៥សន្លឹក យកមកធ្វើស្ពានបណ្ដោះអាសន្ន ឲ្យប្រជាពលរដ្ឋឆ្លងកាត់បាន ? ហេតុអ្វី ?» ។
ដោយឡែក បើតាមប្រភពពីមន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកទឹកឈូ បានឲ្យដឹងថា «ចាប់ពីម៉ោង៥ល្ងាច ថ្ងៃទី៦ សីហា ២០២០នេះតទៅ បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងផ្លូវលំសាលាស្រុកទឹកឈូ ទៅកាន់វត្តកំពូលមាស(វត្តប្រឡាយ) ផ្លូវលំដាច់ ត្រង់ស្ពានជិតសាលាឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត មិនត្រូវបង់ថវិកាទៀតទេ ។
មន្រ្តីដដែលបញ្ជាក់ថា «ឥឡូវនេះ ស្ពានដែលប្រជាពលរដ្ឋឆ្លងម្ដងត្រូវចំណាយលុយ១,០០០៛ (មួយពាន់រៀល) ត្រូវបានលោកអភិបាលស្រុកទឹកឈូ ទិញយកតែម្តង ហើយដាក់ឲ្យបងប្អូនប្រជាពលរដ្ឋឆ្លង ដោយឥតគិតថ្លៃ ថែមទាំងបានតភ្ជាប់បណ្តាញអគ្គិសនីដាក់បំភ្លឺផ្លូវ នៅត្រង់កន្លែងស្ពានឆ្លងនេះថែមទៀត ដើម្បីឲ្យពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរជៀសវាងគ្រោះថ្នាក់» ទៀតផង៕ដោយ៖សហការី