លីបង់៖ ការផ្ទុះកាលពីថ្ងៃទី៤ខែសីហា នៅកំពង់ផែទីក្រុង Beirut បណ្តាលឲ្យមានអ្នកស្លាប់ជិត១៦០នាក់ និងរបួសជាង៥ពាន់នាក់។ ក្រសួងសុខាភិបាលលីបង់បានប្រកាសនៅថ្ងៃទី៨ខែសីហាថា នៅមានមនុស្ស៦០នាក់ទៀតបាត់ខ្លួន មិនទាន់រកឃើញនៅឡើយ។
សារព័ត៌មាន AFP បានដកស្រង់ព័ត៌មានពីក្រសួងសុខាភិបាលដែលបានបញ្ជាក់ថា ចំនួនអ្នកស្លាប់កើនឡើង ១៥៤នាក់ ក្នុងនោះមាន២៥នាក់មិនទាន់កំណត់អត្តសញ្ញាណនៅឡើយទេ។
កន្លងមក នៅថ្ងៃទី ៧ខែសីហា ក្នុងចំណោមអ្នករងរបួសមាន១២០ នាក់ស្ថិតនៅក្នុងសភាពធ្ងន់ត្រូវសង្គ្រោះបន្ទាន់ ហើយអាចនឹងមានអ្នកស្លាប់កើនឡើងជាបន្តទៀត។ ក្រៅពីអ្នកស្លាប់និងរបួស នៅមានពលរដ្ឋជាង៣សែននាក់បាត់បង់ផ្ទះសម្បែង និងបំផ្លាញសេដ្ឋកិច្ចគិតជាទឹកប្រាក់រាប់ពាន់លានដុល្លារ ។
ជាមួយគ្នានេះដែរ បណ្តាប្រទេសនៅជុំវិញពិភពលោកបានសន្យារួមចំណែកចូលរួមជួយដល់លីបង់ ដំណើរការឡើងវិញ ក្រោយសោកនាដកម្ម។ តាមគម្រោង រដ្ឋាភិបាលបារាំង និងអង្គការសហប្រជាជាតិ នៅថ្ងៃទី ៩ខែសីហា នឹងដឹកនាំកិច្ចប្រជុំតាមអនឡាញដើម្បីជួយដល់ប្រទេសលីបង់។ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ក៏នឹងចូលរួមក្នុងកិច្ចប្រជុំនោះដែរ៕