ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា សូមឲ្យឪពុកមា្តយ ជីដូនជីតា ចេះចែករំលែកពេលវេលានៅជាមួយកូនចៅ
នៅលើប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុក កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ សម្ដេចតេជោហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា៖ «ពាក្យចាស់ពោលថា ស្រឡាញ់កូនមួយតៅ ស្រឡាញ់ចៅមួយថាំង ពិតជាត្រឹមត្រូវណាស់។ បទពិសោធន៌នៃជោគជ័យរបស់ខ្ញុំលើការអប់រំកូនកំពុងបានប្រើប្រាស់ ដើម្បីអប់រំចៅជាបន្តរទៀត។
ការគួបផ្សំរវាងសាលារៀនសង្គមជាតិ និងគ្រួសារគឺជាមូលដ្ឋានផ្តល់ឱ្យគ្រួសារនីមួយៗមានភាពងាយស្រួលដើម្បីសំរេចនូវបំណង ដែលចង់បណ្តុះបណ្តាលកូនឬចៅ។
កត្តាគ្រួសារដើរតួរនាទីសំរេចកំណត់ឯកត្តាសាលារៀន និងសង្គមមានតួនាទីមិនអាចខ្វះបាន។ ភាពជិតស្និតដែលឪពុក ម្តាយ ជីដូន ជីតាផ្តល់ឱ្យកូនឬចៅសំខាន់ខ្លាំងណាស់ដើម្បី ឱ្យពួកគេមានភាពកក់ក្តៅ មិនមានអារម្មណ៌ឯកោ ហើយបែរជាចេញទៅក្រៅផ្ទះរហូតកូន ឬចៅក្លាយជាក្មេងទំនើង ឬក្មេងខ្វះការអប់រំ។ សូមឪពុកមា្តយ ជីដូនជីតា ចែករំលែកពេលពេលាដើម្បីកូនៗ និងចៅៗ។ នេះជាបទពិសោធន៌ដែលខ្ញុំមានហើយចង់ចែករំលែកជាមួយឪពុក និង ជីតាគ្រប់រូប» ៕