ភ្នំពេញ៖ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅ
ថ្ងៃអាទិត្យ ៥រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសព័ត៌មាន ច្រានចោលនូវការផ្សាយរបស់វិទ្យុអាសុី និយាយគ្មានមូលដ្ឋានពីការនាំចេញអង្កររបស់កម្ពុជា។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន បានលើកឡើងថា៖ កាលព្រឹកពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ វិទ្យុអាស៊ីសេរី បានផ្សព្វផ្សាយព័ត៌មានថា “ចំណែកអង្ករកម្ពុជា វិញមិនពាក់ព័ន្ធនឹងបញ្ហា EBA ឡើយ ក៏ប៉ុន្តែត្រូវបានសហភាពអឺរ៉ុបយកពន្ធ ១០០% តាំងពីដើមឆ្នាំ២០១៩មក ក្រោយត្រូវបានបង់ពន្ធពេញ ការនាំអង្ករចេញទៅទីផ្សារអឺរ៉ុបបានថយចុះយ៉ាងគំហុក … ។
ជុំវិញបញ្ហានេះ អគ្គនាយកដ្ឋានកសិកម្ម សូមគោរពជម្រាបជូនសាធារណជន មេត្តាជ្រាបថា ការនាំចេញអង្ករកម្ពុជាទៅ កាន់ទីផ្សារអឺរ៉ុបកំពុងមាននិន្នាការកើនឡើងគួរឱ្យកត់សម្គាល់។ ជាក់ស្តែង ការនាំចេញអង្ករទៅកាន់ទីផ្សារអឺរ៉ុប ក្នុងរយៈពេល៧ខែ ឆ្នាំ២០២០ មានការកើនឡើងចំនួន ៣៧,៧០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ (៧ខែឆ្នាំ២០១៩ មានចំនួន ១០៤ ៧៥៦តោន និង៧ខែឆ្នាំ២០២០ មានចំនួន ១៤៤ ២៤៧តោន)៕
ដោយ៖ សិលា