អាជ្ញាធរភូមិកំពង់​សំបួរ អំពាវនាវ​ឲ្យ​ពលរដ្ឋ​​ដែលធ្វើដំណើរ​តាមផ្លូវកំពង់សំបួរ ត្រូវជិះ​វាង​ទៅ​ផ្លូវ​សំរោង​ក្នុង​វិញ ព្រោះបញ្ហាបាក់ដីខ្លាំង

ចែករំលែក៖

ខេត្តបាត់ដំបង​៖ ដើម្បីបញ្ចៀសបញ្ហាគ្រោះថ្នាក់ជាយថាហេតុ ដោយសារភ្លៀង​ធ្លាក់​ច្រើន​ថ្ងៃ ហើយ​ទឹក​ហូរ​ច្រុះ​ដីបណ្ដាលឲ្យមានការបាក់ដីស្ថិតនៅតាម​បណ្ដោយ​ស្ទឹង​សង្កែនោះ ។ លោក ប៉ាត សុ​ភី ដែលជាមេភូមិ​កំពង់​សំបួរ បានអំពាវនាវ​ឲ្យ​ពលរដ្ឋ​ដែល​ត្រូវ​ធ្វើដំណើរ​តាមផ្លូវ​កំពង់​សំបួរ នៅតាម​បណ្ដោយ​ស្ទឹង​សង្កែ ជិះ​វាង​ទៅ​ផ្លូវ​សំរោង​ក្នុង​វិញ ដោយសារ​ផ្លូវ​នេះ​អាច​នឹង​បាក់​បន្តទៀត ។ ខណៈបច្ចុប្បន្ន បាន​បាក់​ប្រមាណ​២០​ម៉ែត្រ ហើយ​ទទឹងផ្លូវ​នៅសល់​ប្រមាណ​១​ប៉ុណ្ណោះ​។

​លោកមេភូមិ​កំពង់​សំបួរ​ បានបញ្ជាក់ថា៖«​ផ្លូវ​នេះ បាក់​នៅ​ម្ដុំ​ក្លោងទ្វារវត្ត​សំរោង​ក្នុង​ខាងលិច​ប្រហែល​ម៉ោង​១០​យប់ បាក់​ជាង​២០​ម៉ែត្រដោយសារ​ទឹកភ្លៀង​ច្រុះ​ដី ហើយ​ផ្លូវ​នេះ​នៅសល់​ទទឹងផ្លូវ​ប្រមាណ​១​ម៉ែត្រ​ប៉ុណ្ណោះ​»​។ ហើយបច្ចុប្បន្ន​លោក ក៏បាន​រាយការណ៍​ទៅ​ថ្នាក់ស្រុក​ហើយ ដើម្បី​សុំ​ការជួយ​អន្តរាគមន៍​។

បន្ថែមពីនេះទៅទៀត លោកមេភូមិកំពង់សំបួរ និយាយបន្តថា

«​ប្រសិនបើ​មាន​ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ទៀត ផ្លូវ​នេះ អាច​នឹង​បាក់​បន្តទៀត អ៊ឹ​ចឹ​ង​សុំ​ឲ្យ​បងប្អូន​ប្រយ័ត្ន​ឲ្យ​បាន​គ្រប់ពេល​ផង ទាំង​អ្នកធ្វើដំណើរ​និង​អ្នក​មានផ្ទះ​នៅក្បែរ​ហ្នឹង​»​។ លោក​សង្កត់ធ្ងន់ថា ផ្លូវ​នេះ​នៅសល់​ប្រមាណ​១​ម៉ែត្រ គឺ​មានតែ​ម៉ូតូ​និង​កង់​ប៉ុណ្ណោះ​ដែល​អាចធ្វើ​ដំណើរ​បាន​។ ប៉ុន្តែ​ដើម្បី​ជៀសវាង​គ្រោះថ្នាក់ណាមួយអាចកើតឡើងជាយថាហេតុ លោកស្នើ​ឲ្យ​ពលរដ្ឋ​ធ្វើដំណើរ​ផ្លូវ​វាង​វិញ ។

ជាមួយគ្នានោះដែរលោកមេភូមិ បានគូសបញ្ជាក់ថា កាលពី​ឆ្នាំមុន​ផ្លូវ​នេះ​មាន​សភាព​បាក់​តិចតួច​ប៉ុណ្ណោះ ប៉ុន្តែ​មាន​បណ្ដោយ​វែង​ជាង​១៣០​ម៉ែត្រ ដោយសារ​ទឹកជំនន់​ពី​ស្ទឹង​សង្កែ​។ ដោយលោក​ក៏បាន​រាយការណ៍​ទៅ​ថ្នាក់លើ​ដែរ ប៉ុន្តែ​មិនមាន​ការជួសជុល​ណាមួយ​ឡើយ ព្រោះ​ត្រូវ​ចំណាយ​ថវិកា​ច្រើន​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print