ស្តាប់ប្រសាសន៍សម្តេច ស ខេង លើកថា៖ មន្រ្តីខ្លះដេកដល់ម៉ោង១០ព្រឹក ហើយសុំឲ្យតែងតាំងតំណែង ទៅមិនរួចទេ ពោរពេញដោយការគាំទ្រ

ចែករំលែក៖

ភ្នំពេញ៖ ការប្រឹងប្រែងធ្វើការងារនិងពង្រឹងសមត្ថភាព ទើបស័ក្តិសមនឹងទទួលបានការដំឡើងតំណែង។ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍បែបនេះជាការលើកទឹកចិត្តដល់បណ្តាមន្រ្តី។ ទន្ទឹមនឹងនេះ សម្តេចបានដាស់តឿនពួកគេថា មិនត្រូវរត់ការដើម្បីតំណែងតួនាទីឡើយ
ក្នុងពិធីតែងតាំងលោក ឆែម សាវុធ ជាអគ្គនាយកថ្មីនៃអគ្គនាយកដ្ឋានពន្ធនាគារ ជំនួសលោក ចាន់ គីមសេង នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០។ សម្តេច ស ខេងបានលើកឡើងពីមន្រ្តីខ្លះដែលមិនសូវរហ័សរហួននឹងការងារ តែបែរជាចង់បានតំណែង។
សម្តេចក្រឡាហោម បន្តថា៖ ខ្ញុំសុំទោស បើលើកទៅវាប៉ះអីយ៉ាងម៉េច សុំអធ្យាស្រ័យ…មន្រ្តីខ្លះ គឺថាគាត់ជួនអីដេកដល់ម៉ោង១០ព្រឹកមិនទាន់ក្រោកពីដំណេកផង វាមានអ៊ីចឹង ហើយឲ្យរៀបចំតែងតាំង ទៅវាមិនកើត។ រឿងនេះ ជារឿងជាតិ ជោគវាសនារបស់ជាតិយើង»។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ញើសារជូនមន្រ្តីទាំងនោះថា ការប្រឹងរត់ការ ដើម្បីបានតំណែង គឺជាការគិតខុសរបស់ពួកគេ។ ករណីរត់ការដើម្បីបានតំណែង គឺមកពីមន្រ្តីទាំងនោះមិនទុកចិត្តលើសមត្ថភាពខ្លួនឯង ហើយក៏មិនទុកចិត្តលើការវាយតម្លៃរបស់ថ្នាក់ដឹកនាំក្នុងការផ្តល់តំណែងនោះ ដូច្នេះហើយទើបពួកគេ ពឹងផ្អែកលើការរត់ការ។ សម្តេចបញ្ជាក់ថា៖«អាហ្នឹងខ្ញុំថាមិនល្អទេ កុំនាំគ្នាធ្វើអ៊ីចឹង»។
សម្តេចមិនឲ្យតម្លៃលើការរត់ការឡើយ ជាទស្សនៈសម្តេចថ្លែងថា៖«យើងខ្ញុំជាអ្នកដឹកនាំគ្រប់គ្រង មិនពឹងផ្អែកទៅលើអ្នករត់ការ ឬពឹងផ្អែកទៅលើថា យី! អ្នកណាចូលផ្ទះខ្ញុំញឹកញយ អ្នកណាឧស្សាហ៍ឲ្យអង្ករហូប ឬមួយត្រីងៀត អាហ្នឹងល្អ តែអាគ្នាខំធ្វើការចង់ងាប់ អត់បានយកអីទៅឲ្យយើង អាហ្នឹងអាក្រក់ ទស្សនៈអ៊ីចឹងមិនត្រឹមត្រូវទេ»។

សម្តេចក្រឡាហោមបានលើកករណីរបស់លោក ឆែម សាវុធ ដែលទើបនឹងបានតំណែងជាអគ្គនាយកពន្ធនាគារ មកធ្វើជាឧទាហរណ៍ជាក់ស្តែង។ សម្តេចអះអាងថា សម្តេចស្គាល់តែឈ្មោះលោក ឆែម សាវុធ ប៉ុណ្ណោះ តែមិនដែលបានជួបនិងមិនដែលស្គាល់មុខលោក ឆែម សាវុធ នោះទេ។ សម្តេចថ្លែងថា៖«បើដើរបុកគ្នា ក៏មិនស្គាល់ដែរ»។
ការថ្លែងរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនេះ គឺស្មើនឹងការដាស់តឿនដល់មន្ត្រីដែលខិតខំធ្វើការមានលទ្ធផលល្អ តាមរយៈការវាយតម្លៃពីថ្នាក់ដឹកនាំ ទទួលបានតួនាទីស័ក្តិសម ហើយមិនឱ្យមានវប្បធម៌រត់ការ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print