មន្ទីរសុខាភិបាលខេត្តកណ្តាល ចាត់ទុកលិខិតចៅសង្កាត់សិត្បូ ធ្វើគ្មានមូលដ្ឋានច្បាស់លាស់ ពីស្ត្រីកងទ័ពមួកខៀវ

ចែករំលែក៖

ខេត្តកណ្តាល៖ មន្ទីរសុខាភិបាលខេត្តកណ្តាល បានធ្វើការបកស្រាយជុំវិញករណិលិខិតចៅសង្កាត់សិត្បូ ចំពោះស្ត្រីជាកងទ័ពមួកខៀវមានផ្ទុកវិជ្ជមានកូវីដ១៩ ហើយមកដល់ផ្ទះធ្វើបាយសម្លជូនចាស់ៗ និងធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្តទៀត ជាការធ្វើរបាយការណ៍ គ្មានភាពច្បាស់លាស់ ។
សូមរំឮកថា៖ កាលពីពេលថ្មីៗនេះ មានការចែកចាយជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងលិខិតមួយច្បាប់ដែលបញ្ជាក់ថា ស្ត្រីមានផ្ទុកវិជ្ជមានកូវីដ១៩ម្នាក់ បានមកដល់ផ្ទះនៅភូមិព្រែកត្រែង សង្កាត់សិត្បូ ហើយពេលមកដល់ផ្ទះ ស្ត្រីរូបនោះបានធ្វើបាយសម្លជូនចាស់ៗ និងចែកប្រាក់ដល់ក្មេងៗ ព្រមទាំងបានធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្តទៀតផង។

ជុំវិញករណីនេះ មន្ទីរសុខាភិបាលខេត្តកណ្តាលបានធ្វើការបញ្ជាក់ថា ករណីដែល លោក អ៊ុំ ឡេង ចៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានធ្វើរបាយការណ៍ជូន លោកអភិបាលក្រុងតាខ្មៅ ខេត្តកណ្ដាល ស្ដីអំពីសកម្មភាពរបស់ អ្នកជំងឺ ផ្ទុកមេរោគកូវីដ១៩ រស់នៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលទើបនឹងរកឃើញថ្មី នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ថា បានធ្វើសកម្មភាពដូចក្នុង លិខិតលេខ ០១១/២០ របក ចុះថ្ងៃទី១០ខែសីហា ឆ្នាំ២០២០ (បានធ្វើបាយសម្លជូនចាស់ៗ និង ចែកប្រាក់ដល់ក្មេងៗព្រមទាំងធ្វើចង្ហាន់ទៅវត្ត) គឺមិនត្រឹមត្រូវទេ គ្មានប្រភពច្បាស់លាស់ខុសពីការចុះធ្វើអង្កេត តាមដានស្រាវជ្រាវរបស់មន្ត្រីជំនាញសុខាភិបាល និងការសហការផ្តល់ព័ត៌មានពីអ្នកជំងឺ និងក្រុមគ្រួសាររបស់គាត់។
បញ្ហានេះជាការបង្កើតរបាយការណ៍បំភ្លៃ ងាយធ្វើឱ្យមជ្ឈដ្ឋានទូទៅ មានការភ័ន្តច្រឡំ និងចាយចែកព័ត៌មាន មិនពិត។
ជាក់ស្តែងមន្ត្រីជំនាញសុខាភិបាលបានសហការជាមួយ អាជ្ញាធរគ្រប់ថ្នាក់ អនុវត្តតាមបច្ចេកទេសជំនាញជាជំហានៗ តាមវិធានការបង្ការទប់ស្កាត់ ការចម្លងជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាល។ ក្រោយពីអ្នកជំងឺខាងលើទទួលលទ្ធផល តេស្តមេរោគកូវីដ ១៩ វិជ្ជមាន ក្រុមការងារ បានចុះយកសំណាក ដើម្បីធ្វើតេស្ត រកមេរោគកូវីដ១៩ ដល់សមាជិកក្រុមគ្រួសារអ្នកជំងឺ ដែលរស់នៅក្នុងផ្ទះជាមួយគ្នា ចំនួន៩នាក់ (ស្រី ០៣នាក់) នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ហើយលទ្ធផលតេស្តពីវិទ្យាស្ថានប៉ាស្ទ័រ បញ្ជាក់ថា អវិជ្ជមាន ទាំង ០៩នាក់ នៅវេលាយប់ថ្ងៃនោះដែរ ហើយអ្នកទាំង០៩នាក់ បាននិងកំពុងដាក់ឱ្យធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កក្នុងក្រុងតាខ្មៅ ដើម្បីបន្តការពិនិត្យ អង្កេតតាមដាន និងព្យាបាល។ ជាបន្តមន្ត្រីសុខាភិបាល នឹងសហការជាមួយអាជ្ញាធរ អ្នកជំងឺ និងក្រុមគ្រួសារគាត់ ដើម្បីស្រាវជ្រាវ អង្កេតរកអ្នកប៉ះពាល់ ដោយប្រយោលបន្ថែមទៀត។
សូមបញ្ជាក់ថា៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីឱ វណ្ណឌីន បានបញ្ជាក់នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ មុននេះបន្តិចថា ៖ ស្ត្រីជនជាតិខ្មែរ ដែលជាកងទ័ពមួកខៀវ ដែលមានវីជ្ជមានវីរុសកូវីដ-១៩ រស់នៅក្នុងឃុំ សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល បច្ចុប្បន្នត្រូវក្រសួងសុខាភិបាលយកស្ត្រីរូបនេះ ទៅដាក់ឲ្យព្យាបាលនៅមន្ទីរពេទ្យ មិត្តភាព ខ្មែរ សូវៀតហើយ។
លោកស្រីបានបញ្ជាក់ទៀតថា តាមការសាកសួរផ្ទាល់ស្ត្រីដែលមានវីរុសកូវីដ-១៩របស់មន្ត្រីជំនាញសុខាភិបាលបានឲ្យដឹងថា នៅមុនពេលដែលស្ត្រីរូបនេះ មិនទាន់ទៅធ្វើតេស្តរកវីរុសកូវីដ-១៩ ស្ត្រីរូបនេះ គាត់មិនបានដើរទៅទីណាទេ គឺគាត់សម្រាកនៅក្នុងផ្ទះ ដែលមានសមាជិកគ្រួសារចំនួន៤នាក់ផ្សេងទៀត ហើយក្នុងការស្នាក់នៅក្នុងផ្ទះ ស្ត្រីរូបនេះ មិនបានប៉ះពាល់ផ្ទាល់ ឬ ប្រាស្រ័យទាក់ទងជាមួយសមាជិកគ្រួសារទាំង៤នាក់នេះឡើយ គឺគាត់ស្នាក់នៅដាច់ដោយឡែកតែម្នាក់ឯងគត់៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print