លីបង់៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លីបង់ លោកស្រី Marie Claude Najm បានដាក់លិខិតលាលែងចេញពីតំណែងក្រោយការផ្ទុះសារធាតុគីមីសម្លាប់មនុស្សជាច្រើននៅទីក្រុងBeirut។
នៅថ្ងៃទី១០ ខែសីហានេះរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកស្រីMarie Claude Najm បានសម្រេចលាលែងចេញពីតំណែង។ លោកស្រីជារដ្ឋមន្ត្រីទី៣ហើយ ដែលបានលាលែងចេញពីតំណែង ចាប់តាំងពីការផ្ទុះនៅថ្ងៃទី៤ខែសីហាមក។ ថ្មីៗនេះរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកស្រីManal Abdel Samad រួមទាំងរដ្ឋមន្ត្រីក្រសួងបរិស្ថានលោកDamianos Kattar បានលាលែងចេញពីតំណែង។
លទ្ធផលនៃការស៊ើបអង្កេតបឋមបង្ហាញឲ្យឃើញថា ការធ្វេសប្រហែសនៃការគ្រប់គ្រងនិងប្រតិបត្តិការឃ្លាំងស្តុកសម្ភារដែលមានហានិភ័យខ្ពស់នៅកំពង់ផែបេរូត ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកគឺជាមូលហេតុនៃការផ្ទុះសម្លាប់មនុស្សជាច្រើន។ មកទល់ពេលនេះចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៥៨នាក់ហើយ និងជាង៦ពាន់នាក់រងរបួស ហើយនៅមានអ្នកបាត់ខ្លួន២១នាក់នៅឡើយ។ ក្រៅពីនេះមានពលរដ្ឋ ប្រមាណ៣សែននាក់បាត់បង់ផ្ទះសម្បែង។
ក្រុមអ្នកជំនាញបានលើកឡើងថា នឹងមានរដ្ឋមន្ត្រីជាច្រើនរូបទៀតលាលែងចេញពីតំណែង ខណៈពលរដ្ឋជាច្រើនបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ហើយនាំគ្នាធ្វើបាតុកម្មទាមទាររំលាយរដ្ឋាភិបាល។ ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីលីបង់ ក៏បានអំពាវនាវឲ្យរៀបចំការបោះឆ្នោតមុនពេលកំណត់ ដើម្បីផ្តល់ទំនុកចិត្តដល់ពលរដ្ឋ
មកលើរដ្ឋាភិបាលក្នុងការអភិវឌ្ឍឡើងវិញ៕
រដ្ឋមន្ត្រីមួយរូបទៀតហើយនៅ លីបង់លាលែងពីតំណែង
...