សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង សមាជិកគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បំពាក់ឋានន្តរស័ក្តិ និងគ្រឿងឥស្សរិយយស

ចែករំលែក៖

ភ្នំពេញ៖ ទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូល កាន់មុខតំណែងអនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បំពាក់ឋានន្តរស័ក្តិ និងបំពាក់គ្រឿងឥស្សរិយយស ជូនមន្រ្តីលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អនុប្រធាន សមាជិក មន្ត្រីលេខាធិការដ្ឋាននៃ គ.ជ.ប.ទ អគ្គនាយដ្ឋានពាក់ព័ន្ធ ព្រមទាំងអង្គភាពនានា ជាច្រើនផងដែរ។

នាឱកាសនោះ លោក នុត សាអាន ប្រធាន គ.ជ.ប.ទ បានថ្លែងថា ដោយស្មារតីទទួលខុសត្រូវខ្ពស់ សមាជិក-សមាជិកា គ.ជ.ប.ទ និងមន្ដ្រីលេខាធិការដ្ឋាន បានចាប់បំពេញតួនាទីរបស់ខ្លួនចាប់ពីខែឧសភា ឆ្នាំ២០១៨ បន្ទាប់ពីមន្ដ្រី នៃគណៈកម្មាធិការជាតិរៀបចំផ្លាស់ប្ដូរទៅកន្លែងថ្មី។ បើគិតមកដល់ថ្ងៃនេះ មានរយៈពេលជាង២ឆ្នាំហើយ ទោះបីមិនទាន់មានការិយាល័យ និងថវិកាដំណើរការការងារគ្រប់គ្រាន់ សមស្រប និងគ្មានមធ្យោបាយធ្វើដំណើរ របស់អង្គភាព ជាពិសេស នៅដើមឆ្នាំ២០២០នេះ ដោយសារ បញ្ហាជំងឺកូវីដ-១៩ ធ្វើឲ្យរាំងស្ទះដល់ការងារចុះត្រួតពិនិត្យតាម ទីកន្លែងដកហូតសេរីភាព និងការចុះអប់ រំផ្សព្វផ្សាយលិខិតបទដ្ឋាននានា តាមបណ្ដារាជធានី-ខេត្ត។
ជាងនេះទៅទៀត លោក នុត សាអាន បានបញ្ជាក់ថា គ.ជ.ប.ទ បានចុះត្រួតពិនិត្យតាមទីកន្លែងឃុំ ឃាំង និងបានចុះត្រួតពិនិត្យភាពមិនប្រក្រតី ដែលពាក់ព័ន្ធនឹងទារុណកម្ម បានរកឃើញបញ្ហាប្រឈម នានា និងបានផ្ដល់អនុសាសន៍កែលម្អជូនអាជ្ញាធរពាក់ព័ន្ធផងដែរ។

សូមជម្រាបថា មន្រ្តីរាជការដែលត្រូវបានប្រកាសចូលកាន់មុខតំណែងជា សមាជិក គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងបំពាក់ឋានន្តរស័ក្តិ ព្រមទាំងគ្រឿងឥស្សរិយយសជូននាពេលនេះ រួមមាន៖ សមាជិក គណៈកម្មាធិការជាតិប្រឆាំង ទារុណកម្ម មានចំនួន៤រូប, បំពាក់ឋានន្ដរស័ក្តិថ្នាក់ឧត្តមសេនយ៍ឯក មានចំនួន១រូប, បំពាក់ឋានន្ដរស័ក្តិថ្នាក់ឧត្តមសេនយ៍ទោ មានចំនួន២រូប និងបំពាក់គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីវឌ្ឍន៍ មានចំនួន១រូប។

សូមបញ្ជាក់ដែរថា បច្ចុប្បន្នពន្ធនាគារទាំង២៨នៅទូទាំងប្រទេសផ្ទុកអ្នកជាប់ឃុំ គិតត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ សរុបចំនួន៣៩.៣១៦នាក់ ស្ដ្រី២.៥៧១នាក់ ក្នុងនោះ មានជនបរទេសចំនួន១.៨៧៣នាក់ ស្ដ្រី២៤៨នាក់ អនីតិជន១.៦៨២នាក់ ស្ដ្រី៧២នាក់។ ក្នុងចំណោមជនជាប់ឃុំសរុបត្រូវបានបែងចែកជាប្រភេទជនជាប់ឃុំ ដូចជា ៖ ជនត្រូវចោទ៨.៩០០នាក់ ក្នុងនោះ៥៦៧នាក់ ជនបរទេស៥៨៩នាក់ អនីតិជន៤៥៥នាក់។ ជនជាប់ចោទ៤.៦៤៩នាក់ ក្នុងនោះស្ដ្រី២៥៩នាក់ ជនបរទេស៣០៩នាក់ អនីតិជន៣៤៨នាក់។ ពិរុទ្ធជន១៤.៨១៧នាក់ ក្នុងនោះស្ដ្រី១.០០៦នាក់ ជនបរទេស៦៨៣នាក់ អនីតិជន៧៣៥នាក់។ ទណ្ឌិត១០.៩៥០នាក់ ក្នុងនោះស្ដ្រី៧៣០នាក់ ជនបរទេស២៩៣នាក់ អនីតិជន២០៧នាក់។ ហើយបទល្មើសភាគច្រើនគឺគ្រឿងញៀនស្មើនឹង៥៨,៨៧% បទល្មើសលួចមានទម្ងន់ទោស៩,៥៤% បទល្មើសលួច៧,២៧% រំលោភសេពសន្ថវៈ៥,៨៧% បទល្មើសឃាតកម្ម៥,៣៥% និងបទល្មើសផ្សេងៗ១៣,១០%៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print