ទីបំផុត! ​ចៅប្រុស​ថៅកែ​ក្រុមហ៊ុន​ភេសជ្ជៈ Red Bull (​គោ​ជល់​) នៅតែបន្តគេចខ្លួន នឹងមិនអនុ​វត្តតាមដី​កាកោះហៅ​តុលាការថៃ

ចែករំលែក៖

អន្តរជាតិ៖ បើតាម​ការចុះផ្សាយ​របស់​កាសែត​ថៃ បាងកក​ប៉ុស្តិ៍​ ដែលបានដកស្រង់សម្តី អគ្គរាជអាជ្ញា​រង​ថៃ Nate Naksuk បាន​ចេញដីកាកោះហៅ​​ចៅប្រុស​ថៅកែ​ក្រុមហ៊ុន​ភេសជ្ជៈ Red Bull (​គោ​ជល់​) លោក Vorayuth Yoovidhya នៅ​ថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២០ តែលោកគ្មាន​វត្តមាន​បង្ហាញមុខតាម​ការ​កោះហៅ ​ដើម្បី​ទៅ​បំភ្លឺ ពាក់ព័ន្ធ​នឹង​ការចាត់ចែង​របស់​រាជ​អាជ្ញា​ក្នុង​សំណុំរឿង​ស៊ើប​ករណី​ស្លាប់​សាក្សី​សំខាន់ ។

អគ្គរាជអាជ្ញា​រង​ថៃ Nate Naksuk បន្តថា លោក Vorayuth Yoovidhya ចៅប្រុសថៅកែ Red Bull ត្រូវបាន​កោះហៅ​ឲ្យ​ទៅ​បំភ្លឺ​ដោយ​អនុគណៈកម្មាធិការ​មួយ ដែល​ស្ថិតនៅក្រោម​គណៈកម្មាធិកា​រ​ស៊ើបអង្កេត​ឯករាជ្យ​ដែល​បង្កើតឡើង​ដោយ​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា ។ប៉ុន្តែ​លោក​ពុំបាន​បង្ហាញមុខ​ការកោះហៅ​នេះឡើយ​។

​កាសែតថៃ បាងកកប៉ុស្តិ៍ និយាយទៀតថា កិច្ចប្រជុំ​នេះ មាន​រយៈពេល​ដល់​ទៅ ៥​ម៉ោង មានតែ​អ្នកនាំពាក្យ​នៃ​ការិយាល័យ​អគ្គរាជអាជ្ញា និង​រាជអាជ្ញា​មួយក្រុម​ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ខាងលើ បានបង្ហាញ​វត្តមាន​តាម​ការកោះហៅ​បំភ្លឺ​នៅ​ថ្ងៃទី​៩ ខែសីហា​។ ដោយនាយករដ្ឋមន្រ្តីថៃ លោក ប្រា​យុទ្ធ ក៏បាន​ចូលរួម​ស្ដាប់​ផងដែរ ក្នុងនាម​ជា​សមាជិក​ម្នាក់​នៃ​គណៈកម្មកា​ធិ​ការស្វែងរក​ការពិត​នេះ​។

​លោក Borwornsak Uwanno ដែលជា​អ្នកដឹកនាំ​អនុគណៈកម្មាធិការ​ស៊ើបសួរ​ខាងលើ បាន​និយាយថា ក្រុមការងារ​លោក នឹងធ្វើ​យ៉ាងណា​ដើម្បី​ធានាថា លោក Nate បង្ហាញខ្លួន​បកស្រាយ​សំណុំ​រឿងនេះ​។ ត្រង់ចំណុច​នេះ​លោក Uwanno និយាយ​ដូច្នេះ​ថា​៖«​លោក [​អគ្គរាជអាជ្ញា​រង Nate Naksuk] នឹង​ត្រូវមាន​វត្តមាន​ចំពោះមុខ​អនុគណៈកម្មាធិការ នៅ​ទីបំផុត​»​។

​សូមជម្រាបថា គិតមកដល់​បច្ចុប្បន្ននេះ គណៈកម្មាធិការ​ចំនួន​៣​ហើយ ត្រូវបាន​បង្កើតឡើង​ដើម្បី​ស៊ើបអង្កេត​មូលហេតុ​នៃ​ការទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង លោក Vorayuth ក្រោយ​ការសម្រេចចិត្ត​នេះ រង​ការរិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​សាធារណជន​ថៃ​។ ក្នុងនោះគណៈកម្មាធិការ​មួយ ត្រូវបាន​បង្កើតឡើង​ដោយ​នាយករដ្ឋមន្ត្រី និង​២​ទៀត ត្រូវបាន​បង្កើត​ដោយ​ការិយាល័យ​អគ្គរាជអាជ្ញា​ថៃ និង​ការិយាល័យ​ប៉ូលិស​ជាតិ​ថៃ​។

គួររំលឹកផងដែរថា លោក Vorayuth ដែលជា​ចៅប្រុស​មហាសេដ្ឋី Chaleo Yoovidhya ដែល​បាន​បង្កើត​ប្រេន ( Brand) ភេសជ្ជ​ប៉ូវ​កម្លាំងRed Bull ត្រូវបាន​ចោទប្រកាន់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​បើករថយន្ត Ferrari ពណ៌​ខ្មៅ​បុក​ប៉ូលីស​ម្នាក់​រហូតដល់​ស្លា​ប់​កាលពី​ឆ្នាំ​២០១២ ហើយ​អូស​សព​ជាច្រើន​ម៉ែត្រ មុនពេល​បើក​រត់គេច​ពី​កន្លែងកើតហេតុ​។​

​យ៉ាងណា កាលពី​ថ្ងៃទី​២៤ ខែកក្កដា បទ​ចោទ​ប្រឆាំង​លោក Vorayuth ចំនួន​៣ រួមមាន៖ បើកបរ​លើស​ល្បឿន​កំណត់ បុក​ហើយ​រត់ និង​បើកបរ​ខ្វះ​ធ្វេសប្រហែស​រហូតដល់​មាន​ករណី​ស្លាប់ ត្រូវបាន​រាជអាជ្ញា​ថៃ​ទម្លាក់ចោល​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print