ភ្នំពេញ៖ លោកថេង សុថុល អភិបាលរងខណ្ឌសែនសុខដឹកនាំមន្ត្រីសាលាខណ្ឌ ចុះរៀបចំសណ្តាប់ធ្នាប់ និងពិនិត្យប្រព័ន្ធលូថ្មី តាមបណ្តោយផ្លូវភ្នំពេញហាណូយ កាលពីម៉ោង៩ព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយចុះពិនិត្យចាប់ពីមុខសាលាខណ្ឌសែនសុខ ដល់ខ្លោងទ្វារវត្តសំរោងអណ្តែត ស្ថិតនៅភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
លោកថេង សុថុល អភិបាលរងខណ្ឌសែនសុខបានមានប្រសាសន៍ថា ការចុះរៀបចំសណ្តាប់ធ្លាប់ខាងលើនេះគឺសំខាន់អោយបងប្អូនប្រជាពលរដ្ឋចេះសហការល្អជាមួយអាជ្ញាធរ និងមិនយកចិញ្ចើមផ្លូវសារធារណៈមកធ្វើអាជីវកម្មផ្ទាល់ខ្លួន និងអោយរុះរើខិតទៅខាងក្រោយដោយទុកចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើង និងដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ផង ម្យ៉ាងវិញទៀតយើងជិតដល់ថ្ងៃចូលឆ្នាំចិនផងដើម្បីអោយមើលទៅអោយមានសោភ័ណ្ឌភាពល្អ។
លោកអភិបាលរងបានប្រាប់បន្តទៀតថា ជារើយៗគណៈបញ្ជាការឯកភាពខណ្ឌសែនសុខតែងចុះរៀបចំសណ្តាប់ធ្នាប់ជាញឹកញាប់តាមផ្លូវនាៗក្នុងខណ្ឌ និងបានណែនាំដល់បងប្អូនដែលលក់ដូរតាមដងផ្លូវអោយចេះប្រើផ្លូវលក់ដូរតែមួយភាគបីនៃចំណីផ្លូវ ចំណែកការនៅសល់គឺសម្រាប់បងប្អូនធ្វើដំណើរដោយថ្មើរជើង និងជួយកាត់បន្ថយការកកស្ទះចរាចណ៍ផង និងគ្រោះថ្នាក់ចរាចរណ៍បានមួយផ្នែកដែរ។
ក្នុងប្រតិបត្តិការចុះរៀបចំសណ្តាប់ធ្នាប់ខាងលើយើងសង្កេតឃើញថា បងប្អូនដែលលក់ដូរតាមដងផ្លូវខាងលើចេះសហការណ៍ល្អមិនមានជំទាស់អ្វីឡើយដោយព្រមរុះរើរថយក្រោយដោយខ្លួនឯង៕
...
ដោយ៖ តុង សីហា