លោក David Beckham កំពុងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការនាំយកកីឡាករដើម្បីជួយក្រុមរបស់គាត់នៅក្លិប Inter Miami នៅពេលពួកគេចាប់ផ្តើមរដូវកាលដំបូងនៅលីគកំពូលអាមេរិក Major League Soccer(MLS) ។
លោក Beckham អាចងាកទៅរកក្រុមសេះបង្កង់ Juventus ដើម្បីនាំយកកីឡាករ Matuidi ក្នុងការត្រៀមខ្លួន ចាកចេញនៅរដូវក្តៅនេះទៅកាន់ទឹកដីអាមេរិកសម្រាប់ប្រជែងយកពានរង្វាន់រដូវកាលថ្មី។
យោងតាមសារព័ត៌មាន La Gazzetta dello Sport បានឲ្យដឹងថាកីឡាករ Blaise Matuidi កំពុងពិភាក្សាជុំវិញការផ្លាស់ប្តូរពីក្លិប Juventus ទៅក្លិបអាមេរិក។ កាសែតអុីតាលីបានរាយការណ៍ថា ខ្សែបម្រើសញ្ជាតិបារាំងរូបនេះមិនត្រូវបានបញ្ចូលក្នុងជម្រើសដំបូងរបស់គ្រូបង្វឹកថ្មីលោក Andrea Pirlo នោះទេ។
កីឡាករ Matuidi អាចទទួលយកការផ្តល់ជូនហិរញ្ញវត្ថុដ៏គួរឱ្យទាក់ទាញដែលត្រូវបានរៀបចំឡើងដោយលីគកំពូលអាមេរិក MLS ខណៈដែលកីឡាកររូបនេះចង់បញ្ចប់អាជីពដ៏ភ្លឺស្វាងដែលគាត់បានលេងទាំងក្លិបParis Saint Germain និងក្លិប Juventus ។
ប្រសិនបើការផ្ទេរនេះបានសម្រេច វានឹងក្លាយជាទីផ្សារដោះដូរយ៉ាងធំសម្រាប់ក្រុម Inter Miami ប្រសិនបើពួកគេអាចបញ្ចុះបញ្ចូលកីឡាករសញ្ជាតិបារាំងខាងលើឱ្យចូលរួមក្នុងក្រុម ហើយនឹងអាចពង្រឹងប្រព័ន្ធលេងរបស់គ្រូបង្វឹកសញ្ជាតិអ៊ុយរ៉ាហ្គាយលោក Diego Alonso ផងដែរ ៕ដោយ៖ភារៈ