ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងបង្កើតទីស្នាក់ការអភិរក្សធនធានមច្ឆជាតិនៅអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង សហការជាមួយអាជ្ញាធរស្រុកសេសាន ពង្រឹងយន្តការ​​អភិរក្សធនធានជីវចម្រុះ និងមច្ឆជាតិនៅខាងលើទំនប់វារីអគ្គិសនីសេសានក្រោមពីរ​​ដោយបង្កើត​​​​ឱ្យមានទីស្នាក់ការ​​និងដាក់មន្ត្រីប្រចាំការនៅទីនោះ។

ក្នុងឱកាសចុះពិនិត្យទីស្នាក់ការប្រចាំការអភិរក្សធនធានមច្ឆជាតិ នៅខាងលើទំនប់វារី​​អគ្គិសនីសេសានក្រោមពីរខេត្តស្ទឹងត្រែង លោកទុំ នីរ៉ូ នាយខណ្ឌរដ្ឋបាលជលផលខេត្ត បានបញ្ជាក់ថា៖ តំបន់នេះត្រូវ​បានក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានដាក់បញ្ចូលជាតំបន់អភិរក្សធនធានមច្ឆជាតិនិងឱ្យរដ្ឋបាលជលផលអនុវត្តឱ្យមានប្រសិទ្ធភាព ទើបនៅរដូវបិទនេសាទនេះខណ្ឌជលផលរួមគ្នារៀបចំយន្តការនិងបង្កើតឱ្យមានស្នាក់ការអភិរក្សនេះឡើង។

លោកនាយខណ្ឌបានពន្យល់ថា បញ្ហានេះភាគីពាក់ព័ន្ធត្រូវជួយទប់ស្កាត់បទល្មើសផ្សេងៗបន្ថែមទៀតបានន័យថាទាំងអាជ្ញាធរ ឃុំ ស្រុក និងប្រជានេសាទផង ត្រូវរួមគ្នា  ដោយ​គិតថា​​ធនធានទាំងអស់នេះ ជារបស់យើងទាំងអស់គ្នាមិនមែនជា របស់បុគ្គលណាម្នាក់​ឡើយ។

លោកសុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានបញ្ជាក់​​ថា៖ តំបន់នេះ​​អាជ្ញាធរបាន​​ខិតខំប្រឹងប្រែង​​សហការជាមួយប្រជាសហគមន៍ ហើយ​បានដាក់កម្លាំង​​ឱ្យមកប្រចាំការ​​ចំនួន៣​​នាក់​​​​ឱ្យ​ចុះល្បាត​ជាប្រចាំ ដើម្បីអភិរក្សត្រីមេពូជផងនិងការពារដល់ពពួកសត្វស្លាបផង ជាពិសេស​​សត្វននៀល​ខ្យងដែលវាមករស់នៅតំបន់នេះ។

លោក សុខ ណាវី ប្រធានសហគមន៍នេសាទឃុំស្រែគរបានបញ្ជាក់ថា ​តាមរយៈការចុះ​​ល្បាត​​សង្កេត​ឃើញ
ប្រជាអ្នកនេសាទភាគច្រើនបានយល់ដឹងពីច្បាប់ជលផលហើយ តែនៅ​​មាន​​ជនខិលខូចមួយចំនួនដែលចេះតែលួចលាក់ធ្វើសកម្មភាពបទល្មើស នេសាទ​​ខុស​ច្បាប់។

លោកអះអាងថា ការប្រព្រឹត្តខុសនោះគឺភាគច្រើនជនសង្ស័យធ្វើសកម្មភាពឆក់ ប្រភេទទី១ឆក់ក្តៅ ទី២ឆក់ត្រជាក់ ហើយបទល្មើសបន្ទាប់បន្សំទៀតដូចជាលួចដាក់មង ក្នុងតំបន់ហាមឃាត់​​ជាដើម ។

សូមបញ្ជាក់ថា តំបន់ខាងលើទំនប់វារីអគ្គិសនីសេសានក្រោមពីរនេះក្រសួងកសិកម្មរុក្ខាប្រមាញ់​​ និងនេសាទបានចេញប្រកាសលេខ៥៥៥ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ស្តីពីការបង្កើត​​កន្លែង​​អភិរក្ស​​ជលផល ដែលមានទំហំផ្ទៃ​​(៦.១៤៣ហិកតា)ដើម្បីឱ្យ​​ស្ថាប័នមាន​​សមត្ថកិច្ច​​អនុវត្ត​ឱ្យ​​មានប្រសិទ្ធភាព៕

ប្រភព៖ វិទ្យុជាតិកម្ពុជា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print