មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៍មាន បើកកិច្ចប្រជុំពិភាក្សាជាមួយម្ចាស់ គេហទំព័រសារព័ត៍មានលើកទី៣ ស្ដីពី“ការផ្សព្វផ្សាយព័ត៍មានប្រកបដោយក្រមសីលធម៍ និងវិជ្ជាជីវៈសារព័ត៍មាន”

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០នេះ លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​ព័ត៌មាន និង​សោត​ទស្សន៍ និងជាអ្នកនាំពាក្យក្រសួងព័ត៍មាន បានបើកកិច្ចប្រជុំពិភាក្សាជាមួយម្ចាស់ គេហទំព័រសារព័ត៍មានលើកទី៣ ស្ដីពីការផ្សព្វផ្សាយព័ត៍មានប្រកបដោយក្រមសីលធម៍ និងវិជ្ជាជីវៈសារព័ត៍មាន នៅទីស្តីការក្រសួង ។

លោក ផុស សុវណ្ណ អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​ព័ត៌មាន និង​សោត​ទស្សន៍ មានប្រសាសន៍ថាដោយសារតែមួយរយៈនេះ យើងសង្កេតឃើញថា ការផ្សព្វផ្សាយតាមប្រព័ន្ធបណ្ដាញសង្គមហ្វេសប៊ុក ចំពោះព័ត៍មានក្លែងក្លាយច្រើន ។ ដូច្នេះយើងជាអ្នកសារព័ត៍មានដែលមានក្រមសីលធម៍ និងវិជ្ជាជីវៈ ត្រូវនាំគ្នាផ្សាយព័ត៍មានការពិត ដើម្បីប្រឆាំងទៅនឹងព័ត៍មានក្លែងក្លាយ ខណៈដែលជនឆ្លៀតឱកាសមួយចំនួនតែងតែកាត់តរូបភាព ឬក៏សរសេរខ្លឹមសារផ្ទុយពីការពិតយកទៅបង្ហោះក្នុងបណ្ដាញសង្គមផ្សេងៗ ។ ទាំងនេះហើយដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ភ័ណច្រលំ  និងបង្កភាពអសន្តិសុខដល់សង្គមផងដែរ ។

គួរបញ្ជាក់ថា កន្លងទៅ លោក ផុស សុវណ្ណ  ក៏បានគូសបញ្ជាក់ក្នុងកម្មវិធីបើសម្ពោធសៀវភៅ​វិជ្ជា​ជីវៈ​សារ​ព័ត៌មានថា៖ សៀវភៅ​វិជ្ជា​ជីវៈ​សារ​ព័ត៌មាន ដំណឹង​ក្លែងក្លាយ និង​ព័ត៌មាន​មិន​ពិត ​គឺ​មាន​សារៈ​សំខាន់​ណាស់​ ជា​ពិសេស​ចំពោះ​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា។ បន្ថែមពីនេះទៅទៀតលោកថា សៀវភៅ​នេះ​នឹង​ជួយ​ពន្យល់​និង​បកស្រាយ​បន្ថែម​ពី​និយមន័យ​នៃ​ដំណឹង​ក្លែងក្លាយ និង​ព័ត៌មាន​មិន​ពិត​ដល់​អ្នក​សារ​ព័ត៌មាន​ក៏​ដូចជា​ប្រជា​ពលរដ្ឋ​ទូទៅ​បាន​យល់​ដឹង​កាន់​តែ​ច្បាស់​។

ដោយឡែក លោក ជួន ចាន់ភារុណ ទីប្រឹក្សាក្រសួងព័ត៍មាន និងជាអគ្គ​នាយក​រងសោត​ទស្សន៍ ​ក៏បានលើកឡើងក្នុងការស្វែងយល់ពីច្បាប់របបសារព័ត៍មាន និងវិជ្ជាជីវៈក្នុងការសរសេរអត្ថបទផងដែរ ។ ដោយលោក សង្កត់ធ្ងន់ថា ចំពោះអ្នកសារព័ត៍មានទាំងអស់ មានតួយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៍មានការពិតជាពិសេសគឺជំរុញលើកទឹកចិត្តឲ្យសិក្សាស្វែងយល់អំពីច្បាប់របបសារព័ត៍មាន មុននឹងចេញផ្សាយ ឬការឡាយវិដេអូ ក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដែលងាយនិងប៉ះផលដល់សិទ្ធិអ្នកដ៏ទៃផងដែរ ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print