ខេត្តស្វាយរៀង៖ កាលពីព្រឹកថ្ងៃទី១២ខែសីហាឆ្នាំ២០២០លោកម៉ែន វិបុល អភិបាលនៃគណ:អភិបាលខេត្តស្វាយរៀងបានអញ្ជើញចូលរូមក្នុងកិច្ចប្រជុំជាមួយគណ:ប្រតិភូក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដឹកដោយលោកស្រីឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងគោលបំណងរួមគ្នាទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ ដើម្បីកម្ពុជាជៀសផុតពីការឆ្លងរាលដាលជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍ ។
ក្នុងឱកាសនោះលោកស្រី ឱ វណ្ណឌីន
រដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងនូវការកោតសសើរចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងចូលរួមប្រយុទ្ធប្រឆាំងនិឹងជំងឺកូវីដ-១៩ ព្រមទាំងកិច្ចការងារផ្សេងៗទៀតដែលក្រសួងសុខាភិបាលបានជូនដំណឹងជាបន្តបន្តបន្ទាប់នាពេលកន្លងមក ក្នុងនោះក្នុងនាមក្រសួងសុខាភិបាលលោកស្រីក៏សូមអបអរសាទរប្រជាជាពលរដ្ឋខេត្តស្វាយរៀងគិតមកត្រឹមថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះពុំទាន់រកឃើញករណីវិជ្ជមានទៅលើប្រជាពលរដ្ឋណាមួយឡើយ។ លោកស្រីបន្តថា ក្នុងនាមក្រសួងសុខាភិបាល លោកស្រីមានជំនឿយ៉ាងមុតមាំថា រដ្ឋបាលខេត្តស្វាយរៀង និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់នៅតែបន្តចាត់វិធានការឆ្លើយតបឱ្យបានទាន់ពេលវេលាដូចជា ការធ្វើចត្តាឡីស័កអ្នកធ្វើដំណើរមកពីក្រៅប្រទេសចូលខេត្ត និងវិធានការចាំបាច់មួយចំនួនទៀត ជាពិសេសបង្កើនស្មារតីប្រុងប្រយ័ត្នបន្ថែមទៀត និងបន្តជំរុញការផ្សព្វផ្សាយដល់ពលរដ្ឋ ភ្ញៀវទេសចរឲ្យរក្សាបាននូវវិធានអនាម័យដោយការលាងដៃនឹងសាប៊ូ អាល់កុល ពាក់ម៉ាស ការរក្សាគម្លាតសុវត្ថិភាព ដោយត្រូវសម្របខ្លួនទៅនឹងរបត់ថ្មីនៃបរិបទសង្គមបច្ចុប្បន្ននេះ ៕ យឹម សុថាន