អាជ្ញាធរខេត្តសៀមរាប គាំទ្រចំណាត់ការហាមឃាត់ការធ្វើអាជីវកម្មទិញលក់ពិឃាតសត្វសុនខ

ចែករំលែក៖

ខេត្តសៀមរាប៖ អាជ្ញាធរខេត្តសៀមរាប គាំទ្រចំណាត់ការរបស់មន្ទីកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត ស្ដីពីការហាមឃាត់ការធ្វើអាជីវកម្មទិញលក់ពិឃាតសត្វសុនខ ហើយអំពាវនាវដល់អ្នកប្រកបមុខរបបនេះ គួរតែប្ដូរទៅប្រកបមុខរបរផ្សេងតាមតែអាចធ្វើទៅបាន។
អង្គភាពមន្ទីរព័ត៌មានខេត្តសៀមរាប នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះបានឱ្យដឹងថា៖ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប ដោយមានការិះគន់ពីភ្ញៀវទេសចរអន្តរជាតិ ក្នុងនាមអាជ្ញាធរខេត្ត សូមគាំទ្រចំណាត់ការរបស់មន្ទីកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត ស្ដីពីការហាមឃាត់ការធ្វើអាជីវកម្មទិញលក់ពិឃាតសត្វសុនខ ព្រោះថា ការបរិភោគសាច់សត្វសុនខនេះ វាអាចធ្វើឲ្យមានជំងឺអាសន្នរោគ និងជំងីផ្សេងៗទៀត រួមទាំងមេរោគកូវីត ជាពិសេសធ្វើឲ្យសុខភាពអ្នកបរិភោគចុះទន់ខ្សោយឬអាចដល់ស្លាប់ក៏ថាបានដែរ ដូច្នេះតាមរយៈនេះ សូមអំពាវនាវដល់អ្នកប្រកបមុខរបបនេះ គួរតែប្ដូរទៅប្រកបមុខរបរផ្សេងតាមតែអាចធ្វើទៅបាន រួមទាំងអ្នកបរិភោគផងដែរ គួរតែបញ្ឈប់ការបិភោគសាច់សត្វសុនខ ។

គួររំលឹកថា កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ មន្ទីកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការហាមឃាត់ការធ្វើអាជីវកម្មទិញលក់ពិឃាតសត្វសុនខ ដោយបញ្ជាក់ថា ការដើរទិញលក់និងពិឃាតសត្វអាណាធិបតេយ្យគ្មានច្បាប់ទម្លាប់នេះ វាផ្ទុយនឹងខ្លឹមសារច្បាប់ស្ដីពីសុខភាពសត្វ និង ផលិតកម្មសត្វផង និង ប៉ះពាល់ដល់សុខភាពសាធារណៈផង ។

អង្គភាពមន្ទីរព័ត៌មានខេត្តសៀមរាបបានបន្តថា៖ លោក ង៉ាន់ ភិរុណ មានប្រសាសន៍ទៀតថា អាជ្ញាធរខេត្តនិងមន្ទីរជំនាញ មិនបានបិទទាំងស្រុង ហើយក៏មិនទាន់អនុវត្តវិធានការតឹងរឹងចំពោះការធ្វើអាជីវកម្មលើសត្វសុនខនេះភ្លាមៗនោះទេ គឺអាជ្ញាធរនៅតែបន្តណែនាំ ទុកពេលវេលាជូនអ្នកលក់ ដើម្បីពិនិត្យមើលមុខរបរថ្មីដោយខ្លួនឯងជាបណ្តើរៗ ហើយឈានទៅបញ្ឈប់អាជីវកម្មចាស់ និងចាប់យកមុខរបរថ្មីសមស្របទៅតាមលទ្ឋភាព និងសមត្ថភាពរបស់ខ្លួន ។

លោក ចាន់ ផ្លក់ រស់នៅភូមិអូរទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី បានបញ្ជាក់ថា លោកបានប្រកបមុខរបរនេះអស់ប្រមាណជា១០ឆ្នាំមកហើយ ហើយលោកនឹងឈប់ការប្រកបអាជីវកម្មនេះទៅតាមការណែនាំ ដោយសុខចិត្តប្តូរមុខរបរទៅចិញ្ចឹមសត្វនិងសុំច្បាប់អនុញ្ញាតលក់សាច់គោសាច់ជ្រូកវិញម្តង។

លោក ទា គឹមសុទ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បាននិយាយថា ៖ ការហាមឃាត់នេះមិនមែនជាការរឹតបន្តឹងដាច់ណាត់នោះទេ គឺជាការហាមដើម្បីរួមគ្នាកាត់បន្ថយជាបណ្តើរៗនៃការពិឃាត និងបរិភោគសាច់នេះឱ្យមកនៅកម្រិតអតិបរិមា និងឈានទៅលែងមានទាំងស្រុងនាពេលអនាគត និងក៏ជាការជួយលើកកម្ពស់សុខមាលភាពសត្វផង និងសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋទូទៅផង ជៀសវាងការឆ្លងរាលដាលជំងឺផេ្សងៗទៀតផងដែរ។

សូមបញ្ជាក់ថា៖ បើតាមរបាយការណ៍របស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត បានឲ្យដឹងថា៖ កន្លងមកនៅទូទាំងខេត្តសៀមរាប មានទីតាំងលក់ និងពិឃាតចំនួន ២៥កន្លែង ប៉ុន្តែបច្ចុប្បន្ននៅសល់ប្រមាណ ១៣កន្លែង និងសន្យាឈប់បន្តអាជីវកម្មលក់ ពិឃាតសត្វសុនខនេះជាបន្តបន្ទាប់ ដោយចាប់ប្រកបមុខរបរផ្សេងៗទៀតដែលច្បាប់អនុញ្ញាត ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print