វៀតណាម៖ មកដល់ថ្ងៃទី១២ខែសីហា វៀតណាមមានករណីឆ្លងកូវីដ-១៩កើនឡើងដល់ទៅ១៦នាក់ហើយ ហើយអ្នកស្លាប់ភាគច្រើនគឺមានជំងឺប្រចាំកាយដំណាក់កាលចុងក្រោយ។
បណ្តាខេត្តក្រុងនៅក្នុងប្រទេសវៀតណាមបានចាត់វិធានការតឹងតែងបំផុត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។ មកទល់ពេលនេះវៀតណាមមានអ្នកឆ្លងសរុបកើនឡើងដល់ទៅ៨៦៦នាក់ ក្នុងនោះមានអ្នកស្លាប់១៦នាក់។ ចំណែកអ្នកព្យាបាលជាសះស្បើយមាន៣៩៩នាក់ ។
ទីក្រុងដាណាងជាតំបន់មានករណីឆ្លងច្រើនជាងគេ ទាំងនោះហើយបានជាមន្ត្រីក្នុងតំបន់នេះសម្រេច បន្តផ្អាកការហោះហើរចេញចូលទីក្រុងដាណាង។ មិនតែប៉ុណ្ណោះ ពលរដ្ឋមានសិទ្ធិធ្វើដំណើរទៅផ្សារទិញសម្ភារ៣ថ្ងៃម្តងគឺចាប់ពីថ្ងៃទី១២ខែសីហានេះទៅ។ គ្រួសានីមួយៗនៅទីក្រុងដាណាងទទួលបាន
បណ្ណសម្រាប់ទៅផ្សារតែ៥សន្លឹកប៉ុណ្ណោះសម្រាប់រយៈពេល១៥ ដើម្បីបញ្ចៀសការជួបជុំគ្នាច្រើន។
ចំណែកក្រុមហ៊ុនផ្លូវដែកពីទីក្រុងហូជីមិញ ទៅកាន់ហាណូយនិងពីហាណូយមកកាន់ហូជីមិញវិញត្រូវបានផ្ទាកចាប់ពីថ្ងៃទី១៤ខែសីហា ដោយសារតែផលប៉ះពាល់នៃការឆ្លងកូវីដ-១៩កើនឡើងខ្ពស់។
បច្ចុប្បន្ននៅលើពិភពលោកមានករណីឆ្លងកូវីដ-១៩ ជាង២០លាននាក់ហើយ ប៉ុន្តែពេលនេះក្តីសង្ឃឹម បានកើតមានឡើងក្រោយពេលរុស្ស៊ីប្រកាសជាផ្លូវការអំពីវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ហើយនៅពេលដ៏ខ្លីខាងមុខ នឹងមានវ៉ាក់សាំងប្រើប្រាស់ បញ្ចប់ក្តីកង្វល់ពីកូវីដ-១៩ទៀតហើយ៕