ភ្នំពេញ ៖ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានចុះត្រួតពិនិត្យស្ថានីយប្រេងឥន្ធនៈមួយកន្លែងបានរកឃើញថា ប្រេងសាំង និងប្រេងម៉ាស៊ូតដែលលក់ក្នុងស្ថានីយនេះមានលាយសារធាតុទឹកនិងថែមទាំងលក់ទំនិញចម្រុះមួយចំនួនសរុប១៦៦គីឡូក្រាមក្នុងម៉ាតដែលហួសកាលបរិច្ឆេទ ។ ហេតុការណ៍ចុះត្រួតពិនិត្យនេះបានកើតឡើងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ស្ថិតនៅស្ថានីយប្រេងឥន្ធនៈមួយកន្លែង នៅក្នុងភូមិផ្ទាំង សង្កាត់ស្នោ ខណ្ឌកំបូល ។
តាមប្រភពបានឲ្យដឹងថា បច្ចុប្បន្នមន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យម្ចាស់ស្ថានីយផ្អាកការលក់សាំង និងម៉ាស៊ូតដែលមានលាយទឹកជាបណ្តោះអាសន្ន ។
តាមប្រភពពីមន្ត្រីជំនាញបានឲ្យដឹងទៀតថា តាមការពិនិត្យរបស់មន្ត្រីជំនាញប្រេងសាំងស៊ុបពែរ និងប្រេងម៉ាស៊ូតដែលលក់នៅស្ថានីយខាងលើមានលាយសារធាតុទឹកដោយសារការជ្រាបគម្របទុយយោបូមប្រេងក្នុងពោងស្តុកប្រេងក្រោមដី ។ ពេលនេះមន្ត្រីជំនាញបានឲ្យម្ចាស់ស្ថានីយត្រូវជួសជុល និងកែសម្រួលឲ្យបានត្រឹមត្រូវឡើងវិញ ។
ក្នុងថ្ងៃដដែលនោះដែរ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារដែលដាក់តាំងលក់នៅក្នុងម៉ាតផងដែរ ។ មន្ត្រី សាខា ក.ប.ប. បានធ្វើការដកហូតទំនិញចម្រុះ ដូចជាភេសជ្ជៈ មី នំ និង សាប៊ូដុសខ្លួន ដែលហួសកាលបរិច្ចេទប្រើប្រាស់ សរុបចំនួន ១៦៦ គីឡូក្រាម យកមកអគ្គនាយកដ្ឋាន ក.ប.ប ដើម្បីអនុវត្តតាមនីតិវិធីបន្ត ៕ ដោយ៖ សុខាសែនជ័យ