ក្នុងអំឡុងថ្ងៃឈប់សម្រាកសងបុណ្យចូលឆ្នាំខាងមុខនេះ ប្រជាពលរដ្ឋ នាំគ្នាសម្រុកកក់បន្ទប់ស្នាក់នៅតាមបណ្ដាខេត្ត ក្នុងតំបន់ទេសចរ

ចែករំលែក៖

ភ្នំពេញ៖ មន្រ្តីអ្នកនាំពាក្យនៃក្រសួងទេសចរណ៍ បានលើកឡើងថា ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកសងបុណ្យចូលឆ្នាំខាងមុខ គិតមកដល់ពេលនេះការកក់បន្ទប់ស្នាក់ទូទាំងប្រទេសនៅតាមសណ្ឋាគារ រីស៊ត និងផ្ទះសំណាក់ កើនឡើងដល់ប្រមាណ៨០ភាគរយហើយ។

លោក តុប សុភ័ក មន្រ្តីអ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ម្សិលមិញនេះថា មកដល់ពេលនេះក្រសួងមិនទាន់បានទទួលព័តមានគ្រប់គោលដៅទេសចរណ៍នៅឡើយទេ ប៉ុន្តែគោលដៅទេសចរណ៍សំខាន់ៗ ដូចជាខេត្តសៀមរាប កំពត និងខេត្តព្រះសីហនុជាដើម គឺមានការកក់បន្ទប់យ៉ាងច្រើនរួចទៅហើយ។

ទាក់ទងនឹងតម្លៃស្នាក់នៅវិញ លោកបានបន្តថា នាពេលកន្លងមកក្រសួងផ្សព្វផ្សាយដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ឱ្យចុះណែនាំដល់អ្នកប្រកបរបរអាជីវកម្មក្នុងវិស័យទេសចរណ៍ទាំងអស់ សុំកុំឱ្យតម្លើងថ្លៃក្នុងដំណាក់កាលនេះ ពីព្រោះថាពេលនេះជាដំណាក់កាលដែលពិបាកទាំងអស់គ្នាទេដោយសារការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ ដោយត្រូវចូលរួមទាំងអស់គ្នា ធ្វើយ៉ាងណាឱ្យកន្លែងស្នាក់នៅទាំងអស់ប្រកបដោយផាសុខភាព សេវាកម្មល្អ ទាក់ទាញ និងផ្តល់ទំនុកចិត្តខ្ពស់សម្រាប់ភ្ញៀវដែលមកលេងកម្សាន្តនិងស្នាក់នៅ។

លោក តុប សុភ័ក លើកឡើងថា ក្រសួងទេសចរណ៍បានចេញវិធានទៅដល់អ្នកធ្វើអាជីវកម្មក្នុងវិស័យនេះត្រូវចូលរួមគោរពតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល សំខាន់បំផុតការពាក់ម៉ាស ការវ៉ាស់កំដៅ ការលាងសំអាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែលជាប្រចាំ គឺធានាយ៉ាងណាដើម្បីរក្សាសុវត្ថិភាពជូនភ្ញៀវឱ្យមានផាសុខភាព និងចៀសផុតពីជំងឺឆ្លងកូវីដ១៩។

ជាមួយគ្នានេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានគម្រោងដើរលេងកម្សាន្តទៅតាមគោលដៅទេសចរណ៍នានា ត្រូវបង្កើននូវការប្រុងប្រយ័ត្នខ្ពស់នៅក្នុងដំណាក់កាលនៃការឆ្លងកូវីដ១៩ ជាពិសេសយើងត្រូវប្រកាន់ខ្ជាប់អនាម័យបរិស្ថានខ្លួនប្រាណឱ្យបានស្អាតជានិច្ចចៀសវាងការចម្លងមេរោគផ្សេងៗ ធ្វើយ៉ាងណាចូលរួមបង្ការទប់ស្កាត់ឱ្យបាន ដោយអនុវត្តទៅតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងរបស់រដ្ឋាភិបាលដែលបានដាក់ចេញជាធរមាន។

លោកអ្នកនាំពាក្យ បានបញ្ជាក់ទៀតថា ចំណុចសំខាន់មួយទៀតនោះ គ្រប់សណ្ឋាគារ និងផ្ទះសំណាក់ ទាំងអស់ត្រូវមានការចុះឈ្មោះភ្ញៀវ ដែលជារឿងសំខាន់បំផុតសម្រាប់យុទ្ធនាការសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ពីព្រោះថានឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់ភ្ញៀវផ្ទាល់ ដែលអាចផ្តល់ព័តមានទាន់ពេលវេលា និងក្នុងករណីដែលមានបញ្ហាអ្វីកើតឡើង គឺយើងអាចស្រាវជ្រាវតាមនឹងបាន ដើម្បីចូលរួមក្នុងការទប់ស្កាត់ និងពីការឆ្លងជំងឺកូវីដ១៩ មានន័យថា ភ្ញៀវដែលចូលទៅក្នុងភោជនីយដ្ឋាន ឬក្នុងសេវាកម្មស្នាក់នៅណាមួយ ចាំបាច់ត្រូវផ្តល់ព័តមាន ដូចជាការចុះឈ្មោះ និងលេខទូរស័ព្ទជាដើម។

ប្រមុខរដ្ឋាភិបាលបានប្រកាសអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់សម្រាកដោយទទួលបានប្រាក់ឈ្នួលរយះពេល០៥ថ្ងៃ ចាប់ពីថ្ងៃ១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០។ ការឈប់សម្រាករយះពេល០៥ថ្ងៃនេះ គឺជាការសង់ថ្ងៃសម្រាកទៅឱ្យបុគ្គលិក និយោជិត មន្រ្តីរាជការ កម្មករ កម្មការនី ដែលមិនបានឈប់សម្រាកនៅថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ កាលពីខែមេសាកន្លងទៅ៕ដោយ៖ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print