ភ្នំពេញ៖ ជនសង្ស័យម្នាក់ជិះម៉ូតូដេីរ
មេីលក្នុងមូលដ្ឋាន ហើយពេលឃេីញផ្ទះប្រជាពលរដ្ឋបេីកទ្វារចំហក៏ចូលលួចទ្រព្យសម្បត្តិ តែពេលកំពុងជញ្ជូនចេញម្ចាស់ផ្ទះក្រឡេកឃេីញក៏ចាប់ប្រគល់ជូននគរបាល កាលពីវេលាម៉ោង១រសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ នៅផ្លូវច្រកចូលផ្សារតាំងកសាង ភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះរ៉េត សារាជ ភេទប្រុសអាយុ២៦ ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណេីតនៅភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកេីតហេតុគាត់បានហៅជាងមកជួសជុលផ្ទះរបស់គាត់ខណៈជួសជុលផ្ទះមួយរួចហេីយក៏រេីមកជួសជុលផ្ទះមួយទៀតដែលនៅចំហៀងផ្លូវម្ខាងតែមិនបានបិទទ្វារផ្ទះដែលជួសជុលរួចហេីយនោះទេ។
ជនរងគ្រោះបានបន្តថា ខណៈជាងកំពុងជួសជុលក៏ក្រឡេកឃេីញជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកស្គូពីពណ៌ខៀវលាយស ពាក់ស្លាកលេខភ្នំពេញ1BM-6814 មកឈប់មុខផ្ទះ ហើយដោយឃេីញទ្វារផ្ទះចំហជននោះក៏ចូលទៅលួចយកប៉ុស្តិ៍ផ្សារ និងម៉ូទ័រជញ្ជូនចេញមកក្រៅ ប៉ុន្តែភ្លាមនោះរូបគាត់ក្រឡេកឃេីញក៏រត់មកឃាត់ជាប់តែម្តង។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុនិងនាំខ្លួនជនសង្ស័យមកធ្វេីការសាកសួរ។
នៅមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វេីសកម្មភាពលួចប្រាកដមែនដោយខ្លួនបានយកសម្ភារទាំងនេះរបស់មេជាងទៅលក់យកលុយចាយអស់ហេីយគ្មានលុយទិញវិញក៏ជិះម៉ូតូឃេីញឱកាសល្អទេីបចូលលួចបំណងយកទៅសងមេវិញតែត្រូវបានម្ចាស់មកទាន់តែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្នរង់ចាំចាត់ការតាមច្បាប់៕
ដោយ ៖ សុខាសែនជ័យ