អន្តរជាតិ៖ យោងតាមទីភ្នាក់ងារកាសែត Chosun Ilbo របស់កូរ៉េខាងត្បូង បានរាយការណ៍កាលពីថ្ងៃពុធថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ថាប្រទេសកូរ៉េខាងត្បូង បានចាប់ផ្តើមត្រៀមសម្រាប់ការធ្វើសមយុទ្ធរដូវក្តៅរួមគ្នា ជាមួយសហរដ្ឋអាមេរិកនៅក្នុងឆ្នាំនេះ ដែលនឹងត្រូវធ្វើឡើងក្នុងទ្រង់ទ្រាយតួចមួយប៉ុណ្ណោះ ដោយសារតែមេរោគកូរ៉ូណាវីរុស កំពុងរាលត្បាតទូទាំងពិភពលោក ។
យោងតាមការរាយការណ៍ដដែល បានឲ្យដឹងទៀតថា សមយុទ្ធនេះ គ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២៨ ខែសីហានេះ ។ ដោយការត្រៀមរៀបចំរបស់កូរ៉េខាងត្បូង បានចាប់ផ្តើមកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ហើយរួមមានទាំងការបណ្តុះ បណ្តាលបុគ្គលិកគ្រប់គ្រងវិបត្តិផងដែរ។
សូមជម្រាបថា កាលពីខែកុម្ភៈ កន្លងទៅ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានផ្អាកសមយុទ្ធយោធារួមគ្នា Key Resolve, Foal Eagle និងUlchi-Freedom Guardian និងជំនួសមកវិញដោយសមយុទ្ធ Dong Maeng ។ ព្រោះដំបូងឡើយ សមយុទ្ធ Dong Maeng ត្រូវបានគេសន្មត់ថា ជាការចូលរួមជាមួយកងទ័ព និងឧបករណ៍យោធាពិត បើទោះបីជាបរិមាណមានការថយចុះក៏ដោយ។ ប៉ុន្តែដោយសារតែជំងឺរាតត្បាត បានបង្កភាពស្មុគស្មាញដល់ការមកដល់របស់កងទ័ពសហរដ្ឋអាមេរិក និងរដ្ឋាភិបាលកូរ៉េខាងត្បូង ក៏បានកាត់បន្ថយទ្រង់ទ្រាយនៃសមយុទ្ធនេះបន្ថែមទៀតនៅក្នុងឆ្នាំនេះ ដោយលុបចោលការហ្វឹកហាត់នៅពេលយប់។
គួរបញ្ជាក់ថា ការធ្វើសមយុទ្ធយោធា Dong Maeng នៅក្នុងខែមីនាកន្លងទៅ ក៏ត្រូវបានលុបចោលកាលពីដើមឆ្នាំនេះ ដោយសារតែបញ្ហាជំងឺកូវីដ–១៩៕ដោយ៖ស តារា