អុីស្រាអែល​បាញ់មីស៊ីលដល់ទៅ​៤២០០ដើម ទៅលើគោលដៅ​ជាង​១០០០កន្លែងនៅស៊ីរី​ចាប់តាំងពីឆ្នាំ​២០១៧មក

ចែករំលែក៖

អុីស្រាអែល៖ ចាប់តាំងពីឆ្នាំ​២០១៧ មកទល់ពេលនេះ អុីស្រាអែលបានបាញ់ប្រហារដោយមីស៊ីលរហូតដល់ទៅ​៤២០០គ្រាប់ទៅលើទីតាំងជាង​១០០០កន្លែងនៅក្នុងប្រទេសស៊ីរី ហើយបំផ្លាញប្រព័ន្ធការពារដែនអាកាសដល់ទៅ​១ភាគ​៣​ក្នុងរដ្ឋធានី Damascus។
តាមសារព័ត៌មាន Haaretz បានផ្សាយថា ចាប់តាំងពីឆ្នាំ​២០១៧មកទល់ពេលនេះ​ទាហានអ៊ុីស្រាអែលបានបាញ់មីស៊ីលទៅលើគោលដៅក្នុងប្រទេសស៊ីរី ជាង​១ពាន់កន្លែង។ គោលដៅនៃការវាយប្រហារនោះគឺ​ដើម្បីរារាំងអុីរ៉ង់ បង្កើតទីតាំងយោធានៅក្នុងប្រទេសស៊ីរី ក៏ដូចជាបំផ្លាញប្រព័ន្ធមីស៊ីល​របស់ក្រុមទាហាន Hezbollah។ប៉ុន្តែ រដ្ឋាភិបាលអ៊ុីស្រាអែលមិនដែលទទួលស្គាល់ពីការបាញ់មីស៊ីលនៅស៊ីរីនោះឡើយ។
ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះអុីស្រាអែល​បានបាញ់មីស៊ីល​ដល់ទៅ​៤២០០ដើម គឺច្រើនជាងទ្វេដង​ក្នុងអំឡុងពេលឆ្នាំ​២០១០ ដល់ឆ្នាំ​២០១៣​​។ ប៉ុន្តែ មីស៊ីលជាច្រើនរបស់អ៊ុីស្រាអែល​ត្រូវប្រព័ន្ធមីស៊ីលការពារ​របស់ស៊ីរីវាយប្រហារកម្ទេចជាច្រើនគ្រាប់ផងដែរ។
តាមសារព័ត៌មាន Haaretz បានផ្សាយថា រុស្ស៊ីនិងអុីរ៉ង់ ក៏បានបញ្ជូនប្រព័ន្ធមីស៊ីលការពារជាច្រើនទៅកាន់ស៊ីរី ដើម្បីទប់ស្កាត់ការវាយប្រហារពីអុីស្រាអែល និងកម្លាំងទាហានសុីរី​ដែលគាំទ្រដោយអាមេរិក​។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ស៊ីរី គឺជាទីតាំង​ដើម្បីប្រទេសមហាអំណាចក្នុងតំបន់​សាកល្បងអាវុធរបស់ខ្លួន ក្នុងនោះមានអាមេរិក រុស្ស៊ី អុីរ៉ង់ និងអុីស្រាអែល​។ ​ចំណែកស៊ីរី គឺជាជនរងគ្រោះ​ ជាទីលានសាកល្បងអាវុធបង្ហាញពីឥទ្ធិពលរបស់ប្រទេសមហាអំណាច៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print