មេដឹកនាំចិន អំពាវនាវឲ្យ​បញ្ចប់​ការ​ខ្ជះខ្ជាយ​អាហារ ហើយ​បង្កើន​ការ​សន្សំសំចៃ ខណៈកំពុង​រង​ផលប៉ះពាល់ COVID-19

ចែករំលែក៖

អន្តរជាតិ៖ ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង បានលើកឡើងថា ខណៈ​ប្រទេសចិន​កំពុង​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ COVID-19នោះលោក បាន​អំពាវនាវ​ឲ្យ​បញ្ចប់​ការ​ខ្ជះខ្ជាយ​អាហារ ហើយ​បង្កើន​ការ​សន្សំសំចៃ ។ ហើយលោក ក៏​ណែនាំ​ឲ្យ​មានការ​ដាក់បញ្ចូល​លក្ខខណ្ឌ​សន្សំសំចៃ​អាហារ ចូលទៅក្នុង​សេចក្តីណែនាំ​របស់លោក​។

​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋចិន Xinhua នៅ​ថ្ងៃទី​១១ ខែសីហា​ កន្លងទៅ ដែលបានដកស្រង់សម្ដី​របស់ លោក ស៊ី ជិន​ភីង បានបញ្ជាក់ថា ការ​ខ្ជះខ្ជាយ​អាហារ​គឺជា​រឿង​ដ៏​រន្ធត់ និង​ព្រួយបារម្ភ​។ ប្រធានាធិបតីចិនរូបនេះ ​ដោយ​កត់សម្គាល់ថា សុវត្ថិភាព​ស្បៀង ជា​រឿង​មិនអាច​ភ្លេច​បានឡើយ ជាពិសេស​ក្នុងពេល​មាន​ជំងឺឆ្លង​COVID-19 និង​បើទោះបីជា​ចិន​ប្រមូល​ផល​បាន​យ៉ាងច្រើន​ប៉ុន្មាន​ឆ្នាំ​ជាប់​គ្នា​ក៏ដោយ​។​

​លោក ស៊ី ជិន​ភីង ដែលជា​លេខា​បក្ស​កុ​ម្មុនី​ស្ត​ចិន និង​ប្រធាន​គណៈកម្មការ​យោធា​ផងដែរ​នោះ បាន​សង្កត់ធ្ងន់​ទៅលើ​ការពង្រឹង​ច្បាប់ និង​ការឃ្លាំមើល ដើម្បី​ចាត់ជា​វិធានការ​ក្នុងការ​បញ្ឈប់​ការ​ខ្ជះខ្ជាយ​អាហារ ។ ត្រង់នេះ លោកបន្ថែមថា​៖ «​វា​ជាការ​ចាំបាច់ ក្នុងការ​ធ្វើ​ឲ្យ​សាធារណៈមតិ​ដឹង​ពី​បញ្ហា​នេះ បង្កើត​ទម្លាប់​សន្សំសំចៃ និង​បង្កើត​បរិយាកាស​ក្នុងសង្គម​មួយ ដែល​ការ​ខ្ជះខ្ជាយ​ជា​រឿង​ដែល​គួរ​ឲ្យ​អាម៉ាស់ និង​ការ​សន្សំសំចៃ​ជា​រឿង​ដែល​គួរ​ឲ្យ​សរសើរ​។​»

​សូមជម្រាបថា ការលើកឡើង​របស់​ប្រធានាធិបតី​ចិន ទៅលើ​បញ្ហា​ខ្ជះខ្ជាយ​នេះ​មិនមែនជា​លើកទីមួយ​ឡើយ​។ ជាច្រើនលើក ច្រើនសារលោក​តែងតែ​ភ្ជាប់​ពី​សារៈសំខាន់​នៃ​សន្តិសុខ​ស្បៀង និង​តែង​លើក​ឲ្យ​មានការ​សន្សំសំចៃ និង​ប្រឆាំង​និង​ការ​ខ្ជះខ្ជាយ​។​

​គួរបញ្ជាក់ថា កាលពី​ឆ្នាំ​២០១៣ លោក​បានចេញ​ការណែនាំ​ជាច្រើន​ឲ្យ​ស្ថាប័នរដ្ឋ​ចាប់​អនុវត្ត​យ៉ាង​តឹងរឹង​ទាក់ទង​ទៅនឹង​ការកាត់បន្ថយ​ការ​ខ្ជះខ្ជាយ ក៏ដូចជា​ការដាក់ចេញ​នូវ​វិធាន និង​ពិន័យ​យ៉ាង​តឹងរ៉ឹង​ចំពោះ​ការចំណាយ​ដែល​ប្រើប្រាស់​មូលនិធិ​សាធារណៈ​។ លោក​ក៏​ធ្លាប់​ណែនាំ​ឲ្យ​កាត់បន្ថយ​ការ​ខ្ជះខ្ជាយ​ក្នុង​សាលារៀន និង​ជំរុញ​សិស្ស​ឲ្យ​ដឹង និង​អនុវត្ត​ការ​សន្សំសំចៃ​ផងដែរ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print