​ឥណ្ឌូណេស៊ី​ យល់ព្រម​ឲ្យ​ក្រុមហ៊ុន​ឱសថ​ចិន Sinovac Biotech មានការ​ធ្វើតេស្ត​វ៉ាក់សាំង​លើ​មនុស្ស​ជា​ទ្រង់ទ្រាយ​ធំក្នុង​ទឹក​ខ្លួន​

ចែករំលែក៖

អន្តរជាតិ៖ ឥណ្ឌូណេស៊ី យល់ព្រម​ឲ្យ​ក្រុមហ៊ុន​ឱសថ​ចិន Sinovac Biotech មានការ​ធ្វើតេស្ត​វ៉ាក់សាំង​លើ​មនុស្ស​ជា​ទ្រង់ទ្រាយ​ធំក្នុង​ទឹក​ខ្លួន​ ។ មិនតែប៉ុណ្ណោះ ឥណ្ឌូណេស៊ី នឹង​ក្លាយទៅជា​ប្រទេស​មាន​អាទិភាព​ក្នុងការ​ទទួលបាន​បច្ចេក​វិទ្យា និង​រូបមន្ត​ផលិត​វ៉ាក់សាំង COVID-19 របស់​ក្រុមហ៊ុន​ចិន​មួយនេះ នៅពេល​វ៉ាក់សាំង​ដែល​កំពុង​ធ្វើតេស្ត​ក្នុងដំណាក់កាល​ទី​៣ ហើយនេះក៏​ទទួលបាន​ការយល់ព្រម​ពី​អាជ្ញាធរ​សុខាភិបាល​ផងដែរ ។

​ជាក់ស្តែង​ក្រុមហ៊ុន​ឱសថ​ចិន Sinovac Biotech ត្រូវបានរដ្ឋភិបាលឥណ្ឌូណេស៊ី បានអនុញ្ញាត​ឲ្យធ្វើតេស្ត​លើ​មនុស្ស​ជា​ទ្រង់ទ្រាយ​ធំ​ក្នុងប្រទេស​របស់ខ្លួន​។ ហើយវ៉ាក់សាំង​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ឱសថ​នេះ​មាន​ឈ្មោះថា CoronaVac នឹងត្រូវ​ធ្វើតេស្ត​លើ​អ្នកស្ម័គ្រចិត្ត​ចំនួន​១,៦២០​នាក់ ក្នុង​រយៈពេល​៦​ខែ​ដើម្បី​តាមដាន​ប្រសិទ្ធភាព​វ៉ាក់សាំង​ប្រឆាំង COVID-19 មួយ​នេះ​។ ក្រៅតែពី​ឥណ្ឌូណេស៊ី ក្រុមហ៊ុន​Sinovac ក៏​ធ្វើតេស្ត​វ៉ាក់សាំង​នេះ​នៅ​ប្រទេស​ប្រេ​ស៊ី​ល និង​បង់​ក្លា​ដែ​ស​ផងដែរ​។

សូមជម្រាបថា Bio Farma ដែលជា​ក្រុមហ៊ុន​ឱសថ​គ្រប់គ្រង​រដ្ឋ​របស់​ឥណ្ឌូណេស៊ី នឹង​ចាប់​ដៃគូ​ជាមួយ​សាកលវិទ្យាល័យ Padjajaran ក្នុងការ​ធ្វើតេស្ត​វ៉ាក់សាំង​នេះ​។ បើសិនជា​ការធ្វើ​តេស្ត​ជោគជ័យ ក្រុមហ៊ុន Bio Farma នឹង​ផលិត​វ៉ាក់សាំង​នេះ​តែ​។ លោកស្រី Rini Mulia Sari អ្នកនាំពាក្យ​ក្រុមហ៊ុន Bio Farma បាន​លើកឡើងថា​៖« នឹងមាន​ការបញ្ជូន​ប​ច្ចេក​វិទ្យា​។ ដូច្នេះ វ៉ាក់សាំង​ដែល​លក់​នៅ​ឥណ្ឌូណេស៊ី គឺជា​វ៉ាក់សាំង​ដែល​ផលិត​ដោយ​ក្រុមហ៊ុន Bio Farma»​។​

​បើតាម​ទូរ​ទស្ស​សិង្ហ​បុរី Channel News Asia អ្នកនាំពាក្យ​ក្រុមហ៊ុន Bio Farma បានបញ្ជាក់​ផងដែរ​ថា ការទទួលបាន​បច្ចេក​វិទ្យា​នោះ​រួមមាន​រូបមន្ត​ក្នុង​ការផលិត​វ៉ាក់សាំង​ផងដែរ​។ ចំណែកឯ​មន្ត្រី​របស់​ក្រុមហ៊ុន​ជឿជាក់ថា វ៉ាក់សាំង​អាច​នឹង​រួចរាល់​សម្រាប់​ប្រើប្រាស់​នៅ​ខែមីនាឆ្នាំ​២០២១​។​

​គួរបញ្ជាក់ថា ក្រៅតែពី​សហការ​ក្នុងការ​ធ្វើតេស្ត​វ៉ាក់សាំង​ជាមួយ​ក្រុមហ៊ុន​ចិន ក្រុមហ៊ុន​រដ្ឋ​របស់​ឥណ្ឌូណេស៊ី​មួយ​នេះ​ ក៏​កំពុង​អភិវឌ្ឍ​វ៉ាក់សាំងCOVID-19 ផ្ទាល់ខ្លួន​ទៀតផង​។ បន្ថែម​ពីនេះ ក្រុមហ៊ុន​នេះ​ក៏​កំពុងធ្វើការ​លើ​វ៉ាក់សាំង​ដែលមាន​សក្តានុពល​ជាមួយ​ប្រទេស​កូរ៉េខាងត្បូង និង​អា​រ៉ា​ប៊ី​សា​អូឌីត​ផងដែរ​។​ បើគិត​ត្រឹម​ថ្ងៃទី​១២ សីហា ឆ្នាំ២០២០ ឥណ្ឌូនេស៊ី​មាន​អ្នក​ឆ្លង​ជាង​ចំនួន​១​សែន​៣​ម៉ឺន​ករណី និង​ស្លាប់​ជិត​៦​ពាន់​នាក់​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print