ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានបញ្ជាក់មកអភិបាល នៃគណៈអភិបាលខេត្តថា ៖ អង្គការសហគមន៍២ធ្នូ ត្រូវបានក្រសួងមហាផ្ទៃសម្រេចលុបឈ្មោះចេញពីបញ្ជីអង្គការ មិនមែនរដ្ឋាភិបាល នៅក្រសួងមហាផ្ទៃ រួចហើយ តាមរយៈប្រកាសលេខ១៤៣២ ប្រ ក ចុះថ្ងៃទី១៨ ខែមីនាឆ្នាំ២០១៩។ ប៉ុន្តែរហូតមកដល់ពេលនេះ អតីតអង្គការសហគមន៍២ធ្នូ នៅតែបន្តធ្វើសកម្មភាពបំពាននឹងបទប្បញ្ញត្តិ មាត្រា៣២ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដោយសារលោក សួស តាន ជាអតីតប្រធានសាខា អតីតអង្គការសហគមន៍២ធ្នូ នៅខេត្តព្រះសីហនុ ធ្វើការផ្ទេរសិទ្ធិឲ្យលោក សួស សារ័ត្ន ជាប្រធានសាខាស្តីទី ដើម្បីដឹកនាំ និងសហការជាមួយក្រសួង ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ តាមរយៈលិខិតលេខ ៣៥/២០ អ .ស.២.ធ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០។ ដូច្នេះ ក្រសួងមហាផ្ទៃ ស្នើឲ្យរដ្ឋបាលខេត្តព្រះសីហនុ ត្រូវធ្វើការណែនាំ និងតម្រូវឲ្យអតីតអ្នកដឹកនាំសាខាអតីតអង្គការសហគមន៍២ធ្នូ ត្រូវបញ្ឈប់នូវរាល់សកម្មភាពរបស់ខ្លួនជាកំហិត។ ក្នុងករណីអតីត អង្គការនេះនៅតែបន្តធ្វើសកម្មភាពទៀត រដ្ឋបាលខេត្តត្រូវចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។ អាស្រ័យហេតុនេះ សូមលោកអភិបាល នៃគណៈអភិបាលខេត្ត ជ្រាបជាព័ត៌មាន និងចាត់ចែង អនុវត្តឲ្យមានប្រសិទ្ធភាព៕