ខេត្តកំពង់ធំ÷ ផ្ទះឈើមួយខ្នងមាន ទំហំ ៥,៥០ម៉ែត្រ គុណនិង៧ម៉ែត្រ ត្រូវបានអគ្គិភ័យឆាបឆេះអស់គ្មានសល់ ខណ:ម្ចាស់មិននៅផ្ទះបិទទ្វារផ្ទះចេញទៅក្រៅមួយភ្លែតហើយភ្លេចបិទចង្រ្កានហ្គាស បណ្តាលឲ្យផ្ទុះហ្គាសក្លាយជាអគ្គិភ័យពេញបន្ទុក។
ករណីអគ្គិភ័យនេះបានកើតឡើង វេលាម៉ោង ៨និង១៤នាទីយប់ ថ្ងៃទី១៣ ខែ សីហាឆ្នាំ២០២០ ស្ថិតនៅភូមិវាលល្ពាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ផ្ទះនេះជាកម្មសិទិ្ធរបស់
ម្ចាស់ឈ្មោះ ហ៊ន ហ៊ីន ភេទប្រុស អាយុ ៣៥ឆ្នាំ ប្រពន្ធឈ្មោះ ឌិន សាមន អាយុ ៣៥ឆ្នាំ ដែលធ្វើអំពីឈើ (ផ្ទាល់ដី) ទំហំ០៥,៥មx០៧មដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាក្នុងករណីនេះមានការខូចខាតរួម៖
-ឆេះផ្ទះមួយខ្នងទាំងស្រុងទំហំ ៥,៥មx០៧ម
-គ្រែឈើចំនួន ១
-ទូឈើចំនួន ១
-តុក្តាមូលចំនួន ២០គ្រាប់ និងសម្ភារប្រើប្រាស់ក្នុងផ្ទះបាយមួយចំនួនទៀត ។
ម្ចាស់ផ្ទះអះអាងថាមូលហេតុ បណ្តាលមកពីផ្ទុះកំប៉ុងហ្គាសពេលគាត់ដាក់ដាំទឹកចោលលើចង្រ្កានហើយទៅផ្ទះអ្នកជិតខាងមួយភ្លែត។
ចំណែកសមត្ថកិច្ចជំនាញអះអាងថាគ្រោះអគ្គិភ័យនេះមានរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្ក បានចេញអន្តរាគមន៍ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២រថយន្ត ស្មើនិង ០៨ម៉ែត្រគូប និងមានកម្លាំងអន្តរាគមន៍ពន្លត់ចំនួន ១៥នាក់ ប្រជាការពារនិងប្រជាពលរដ្ឋចំនួន ១៧នាក់ចូលរួមផងដែរ៕
ដោយ÷ ប្រាថ្នា