ភ្នំពេញ៖ នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃសុក្រ ១០រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ លោក វ៉ាន់ មុនីនាថ អគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជាប្រធានឧត្តមមន្ត្រីបរិស្ថានអាស៊ាន តំណាងលោករដ្ឋមន្ត្រី បានដឹកនាំមន្ត្រីពីអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ និងអគ្គនាយកដ្ឋានគាំពារបរិស្ថាន ចូលរួមកិច្ចប្រជុំលើកទី៩ ថ្នាក់រដ្ឋមន្ត្រីទទួលបន្ទុកការបំពុលផ្សែងអ័ព្ទឆ្លងដែន នៃប្រទេសអនុតំបន់មេគង្គ តាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមពីតំណាងប្រទេសក្នុងអនុតំបន់មេគង្គដែលរួមមាន កម្ពុជា ឡាវ ថៃ វៀតណាម ភូមា និងលេខាធិការដ្ឋានអាស៊ាន។
កិច្ចប្រជុំបានធ្វើការរាយការណ៍ពីស្ថានភាពការបំពុលផ្សែងអ័ព្ទឆ្លងដែនក្នុងអនុតំបន់មេគង្គ និងពិនិត្យពីវឌ្ឍនភាពការអនុវត្តផែនការសកម្មភាពមួយចំនួនទាក់ទងនឹងការគ្រប់គ្រង និងកាត់បន្ថយការបំពុលផ្សែងអ័ព្ទឆ្លងដែន ក៏ដូចជាការគ្រប់គ្រងតំបន់ដីមមោក៕
ដោយ៖ សិលា