ក្រុម​រថយន្តយីឌុប ដែល​មាន​បិទ​អក្សរ L.M.H ធ្វើឲ្យពលរដ្ឋ​ស្រុក​ពោធិ៍​រៀង ក្ដៅក្រហាយធ្វើឲ្យផ្លូវលំក្នុងភូមិបាក់ស្រុត

ចែករំលែក៖

ខេត្ត​ព្រៃវែង៖ ដោយសារតែក្រុម​រថយន្តយីឌុបដឹក​ទំនិញ​ ដែល​មាន​បិទ​អក្សរ L.M.H ជាច្រើនគ្រឿងនាំគ្នាបើកគេចពីកន្លែងថ្លឹងជញ្ជីងចូលក្នុងភូមិ បានធ្វើឲ្យប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ពោធិ៍​រៀង បាន​នាំគ្នាត្អូញត្អែ​ក្ដៅក្រហាយព្រោះ​ផ្លូវលំ​ក្នុងភូមិ​របស់​ពួក​គាត់ ត្រូវ​ស្រុត​ខូច​ជា​ច្រើន​កន្លែង និង​បង្ក​ផល​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ពួក​គាត់​ជា​ខ្លាំង​។

តាមសម្តីប្រជាពលរដ្ឋ​ខាងលើ បានប្រាប់​ថា កាលពីមុនក្រុម​រថយន្ត​ទាំងនោះ បើកបរ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៨​អា មិន​ដែល​បើក​កាត់​តាម​ផ្លូវលំ​ក្នុងភូមិ​របស់​ពួក​គាត់​ឡើយ ប៉ុន្តែ​ថ្មី​ៗ​នេះ ក្រោយ​ពី​ស្ថានីយ​ជញ្ជីង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៨​អា ត្រង់​ចំណុច​ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង មានការ​រឹត​បន្តឹង​ខ្លាំង ស្រាប់តែ​ក្រុម​រថយន្ត​ទាំងនោះ​នាំ​គ្នា​បើក​វាង​ជញ្ជីង ចូល​មក​ក្នុងភូមិ​របស់​ពួក​គាត់​តែ​ម្តង ហើយ​រថយន្ត​ទាំងនោះ​ភាគច្រើន​គឺ​ក្រុម​រថយន្ត ដែល​មាន​បិទ​អក្សរ L.M.H ។ ដោយក្រុម​រថយន្ត​យី​ឌុ​ប​ទាំងនោះ គឺ​មក​ពី​កន្លែង​ផ្សេង​ៗ​គ្នា ប៉ុន្តែ​ពេល​មក​ដល់​ស្រុក​ស្វាយ​អ​ន្ទ​រ ក៏​បត់​ចូល​ផ្លូវ​តែ​មួយ​គឺ​ផ្លូវ​ចូល​ស្រុក​ពោ​ធ៌​រៀង ហើយ​ចាក់​ឡើង​ទៅ​លើ​ផ្លូវជាតិ​លេខ​៨​អា ត្រង់​ចំណុច​ផ្សារ​ស្នាយ​ពល ក្នុងស្រុក​ពារាំង ដោយ​វាង​គេច​មិន​ចូល​ថ្លឹង​នៅ​ក្នុង​ស្ថានីយ​ជញ្ជីង​នៅ​ឃុំ​ព្រៃ​ព្នៅ​នោះ​ទេ​។

ប្រជាពលរដ្ឋ​បន្ត​ថា ​ក្រុម​រថយន្ត​យីឌុបទាំងនោះ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ខូច​ផ្លូវ​និង​ស្ពាន​នៅ​ក្នុងភូមិ​នោះ​ទេ ។ ប៉ុន្តែ​អ្វីដែលធ្វើ​ឲ្យ​ពួកគាត់មានការ​ព្រួយ​បារ​ម្ភ​ខ្លាំងនោះ គឺអំពី​សុវត្ថិភាព​កូនចៅ​របស់​ខ្លួន ព្រោះ​ក្រុម​រថយន្ត​ទាំងនោះ បើក​លឿន​ខ្លាំង​ណាស់ ហាក់​មិន​ខ្វល់​ពី​អ្នកស្រុក​ដែល​រស់នៅ​តាម​បណ្តោយ​ផ្លូវ​សោះឡើយ ដូច្នេះ​ហើយ​ទើប​ពួក​គាត់​សំណូមពរ​ដល់​អាជ្ញាធរ​ស្រុក​ខេត្ត ក៏​ដូច​ជា​មន្ទីរ​សាធារណៈការ​ខេត្តព្រៃវែង មេត្តា​ជួយ​អន្តរាគមន៍​ទប់ស្កាត់​រថយន្ត​យីឌុប​ទាំងនោះ​ផង​។

ជុំវិញបញ្ហានេះដែរ ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្តព្រៃវែង លោក អ៊ុ​ន សុធា បានឲ្យ​ដឹង​ថា ​ខាង​អាជ្ញាធរ​ស្រុក​ពោ​ធ៌​រៀង ក៏​បាន​រាយ​ការ​ណ៍មក​រូប​លោក​ដែរ ហើយ​លោក​បាន​បញ្ជាក់​ថា ក្រុម​រថយន្ត​ទាំងនោះ​គឺ​សុទ្ធតែ​ដឹក​លើស​ទំងន់​ខ្លាំង ទើប​នាំ​គ្នា​បើក​វាង​គេច​ជញ្ជីង ហើយ​លោក​បាន​ស្នើ​ឲ្យ​ខាង​អាជ្ញាធរ​ស្រុក សុំ​គោល​ការ​ណ៍ទៅ​លោក​​អភិបាលខេត្ត ដើម្បី​ដាក់​បា​រ៉ា​ស់កាត់​ថ្នល់ នៅ​ចំណុច​គល់​ស្ពាន​កំពង់​ខ្សាច់ ដើម្បី​កុំឲ្យ​រថយន្ត​ទាំងនោះ​អាច​ឆ្លងកាត់​បាន​ទៀត ។

លោកប្រធាន​មន្ទីរ​សាធារណៈការ បន្តថា ប៉ុន្តែ​ចំពោះ​មុខ​ពេល​នេះ គឹ​មិន​ទាន់​អាច​ចុះ​ធ្វើ​ភ្លាម​ៗ​ទេ គឺ​អាច​ត្រូវ​រង់ចាំ​ដល់​ផុត​ថ្ងៃ​សំរាក ដែល​រាជរដ្ឋាភិបាល​បាន​សង ជំនួស​ថ្ងៃ​ចូល​ឆ្នាំ​សិន​៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print