ភ្នំពេញ៖ ករណីប្លន់ម៉ូតូបានកើតឡើងទៀតហើយ ក្នុងមូលដ្ឋានខណ្ឌទួលគោក បន្ទាប់ពីជនសង្ស័យជាក្រុមចោរប្លន់មានគ្នា៥ទៅ៦នាក់ជិះម៉ូតូ៣គ្រឿងបានធ្វើសកម្មភាពវាយប្លន់យកម៉ូតូយុវជន២នាក់ពេលជិះទៅទិញទឹកក្រឡុកនៅស្តុបសាលាមតីទួលគោក គេចខ្លួនដោយសុវត្តិភាព ។

ករណីប្លន់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភ្លើងស្តុបសាលាមតីទួលគោក សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។
តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះបានជិះម៉ូតូម៉ាកស៊ុយសីុគី ឡែត ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FF-2024 ជិះជាមួយមិត្តភក្តិមកពីដើរលេងតាមបណ្ណោយផ្លូវគីម អីុលស៊ុងពីរង្វង់មូលផ្សារទួលគោក ឆ្ពោះទៅម្តុំអង់តែនទួលគោកដើម្បីទិញទឹកក្រឡុក លុះជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យ៥ទៅ៦នាក់ជិះម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ៣គ្រឿងមិនចាំស្លាកលេខបានជិះមកពីក្រោយហើយដកដាវសាំម៉ូរ៉ៃមករកកាប់តែជនរងគ្រោះមើលឃើញទាន់ជនរងគ្រោះរួមជាមួយមិត្តភក្តិបានផ្តួលម៉ូតូរត់ចោលមិនបណ្តាលអោយមានរបួសស្នាមឡើយ ឆ្លៀតពេលនោះជនសង្ស័យបានលើកយកម៉ូតូជិះចេញឆ្ពោះទៅសំដៅអង់តែនបាត់ស្រមោលតែម្តង ។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានសមត្ថកិច្ចនាំទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលរដ្ឋបាលបឹងកក់១ សួរភិនភាគក្រុមជនសង្ស័យ ដើម្បីស្រាវជ្រាវរកមុខសញ្ញាទាំងអស់នោះយកមកផ្តន្ទាទោសតាមច្បាប់ ៕
...
ដោយ៖ ស ដារ៉ា