ភ្ញៀវទេសចរមកខេត្តស្វាយរៀងសូមកុំភ្លេចទៅលេងរមណីយដ្ឋានស្ពានព្រែកត្នោត នៅស្រុកស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ភ្ញៀវទេសចរដែលមិនទាន់បានទៅកម្សាន្តសូមកុំភ្លេចទៅរមណីយដ្ឋានស្ពានព្រែកត្នោត ដែល
ជារមណីយដ្ឋានបែបធម្មជាតិនិងកែច្នៃមួយដែលមានទីតាំងស្ថិតនៅក្នុងឃុំចំនួនពីរគឺឃុំតាសួស និងឃុំកំពង់ចម្លង ក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

យោងតាមមន្ត្រីមន្ទីរទេសចរណ៍ខេត្តស្វាយរៀងបានឱ្យដឹងថា ស្ពានព្រែកត្នោត គឺជារមណីយដ្ឋានបែបធម្មជាតិនិងកែច្នៃមួយដែលខណ្ឌព្រំប្រទល់គ្នាដោយព្រែកត្នោត និងតភ្ជាប់គ្នាដោយស្ពានត្នោត (ពីមុនស្ពានឈើ បច្ចុប្បន្នស្ពានដែកបេឡេ) ។ ដោយភ្ញៀវទេសចរអាចធ្វើដំណើរចេញពីក្រុងស្វាយរៀងឆ្ពោះទៅទិសខាងលិចតាមផ្លូវជាតិលេខ១ គឺស្ថិតនៅខាងត្បូងសាកលវិទ្យាល័យស្វាយរៀងចម្ងាយប្រមាណជា ២គីឡូម៉ែត្រ ហើយទីតាំងនេះគឺស្ថិតនៅត្រើយខាងជើងក្នុងភូមិព្នៅ ឃុំតាសួស ស្រុកស្វាយជ្រំ ឬក៏លោកអ្នកអាចធ្វើដំណើរតាមផ្លូវលំលេខ ៣១៤B ខាងលិចក្រុងស្វាយរៀងប្រហែល ៤គីឡូម៉ែត្រ ទីតាំងនេះគឺនៅត្រើយខាងត្បូង ស្ថិតក្នុងភូមិឫស្សីព្រៃ ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំដូចគ្នា ។

ប្រភពបានបញ្ជាក់ថា រមណីយដ្ឋានស្ពានព្រែកត្នោតមានទេសភាពស្រស់បំព្រង មានខ្យល់អាកាសបរិសុទ្ធបែបស្រុកស្រែចម្ការ មានរុក្ខជាតិតូចធំនានា និងព្រៃឈើ ពិសេសដើមអាកាស្យា ដុះអមសងខាងផ្លូវមានពណ៌បៃតងខ្ចីផ្តល់ម្លប់យ៉ាងត្រជាក់ត្រឈឹងត្រឈៃ និងមានក្យូសជាច្រើនផុសអណ្តែតលើផ្ទៃទឹកលាយឡំនឹងឈូក ព្រលិត រំចង់ កញ្ឆែត កំពុងចេញផ្ការីកស្គុះស្គាយ ។ ខណៈភ្ញៀវទេសចរអាចសម្រាកលំហែកាយក្នុងក្យូសនិងអាចកុម្មង់អាហារ និងភេសជ្ជៈគ្រប់ប្រភេទយកមកពិសាបានតាមតម្រូវការភ្លាមៗផងដែរ។ លើសពីនេះទៀត ភ្ញៀវទេសចរអាចជិះទូកត្នោត ទូកក្តារបីសន្លឹកអុំកម្សាន្តលេង និងស្ទួចត្រីធម្មជាតិក្នុងព្រែកត្នោត ពិសេសគយគន់មើលព្រះសុរិយារៀបអស្តង្គត ព្រមទាំងអាចថតផ្តិតយករូបភាពស្អាតៗជាច្រើនទុកជាអនុស្សាវរីយ៍នៅទីនោះផងដែរ ។

នៅរដូវវស្សាទឹកព្រែកត្នោតមានសភាពកើនឡើងច្រើនបន្តិចដែលទាមទារឲ្យភ្ញុៀវទេសចរមកកម្សាន្តមានការប្រុងប្រយ័ត្នក្រែងលោមានឧបទ្ទវហេតុចៃដន្យណាមួយកើតឡើង។ ចំណែកនៅរដូវប្រាំងវិញទឹករីងស្រកគោកស្ទើរអស់ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយរមណីយដ្ឋាននេះនៅតែរក្សាសោភណភាពជូនចក្ខុភ្ញៀវទេសចរដដែល ។
ភ្ញៀវទេសចរជាច្រើនដែលបានទៅកម្សាន្តនៅរមណីយដ្ឋាននេះហើយ បានលាន់មាត់សរសើរគ្រប់ៗគ្នានិងចង់ទៅលេងម្តងហើយម្តងទៀត ក្នុងឱកាសជួបជុំពិសេសៗជាមួយក្រុមគ្រួសារ បងប្អូន មិត្តភក្តិ ជាដើម។ សម្រាប់ភ្ញៀវទេសចរដែលមិនទាន់បានទៅកម្សាន្ត សូមកុំភ្លេចទៅរមណីយដ្ឋានស្ពានព្រែកត្នោត ។

មន្ត្រីដដែលបន្តថា សូមបងប្អូនយើងបន្តការការពារនូវការឆ្លងជំងឺកូវីដ-១៩ឲ្យបានខ្ជាប់ខ្ជួនដោយអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល ដោយការលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ជែល ពាក់ម៉ាស់នាពេលនៅទីប្រជុំជន រក្សាគម្លាត១.៥ម៉ែត្រពីគ្នា ហើយជំនួសការចាប់ដៃដោយការសំពះ កាត់បន្ថយការជួបជុំមនុស្សចាប់ពី៥០នាក់ឡើង ជាពិសេសថ្ងៃឈប់បុណ្យចូលឆ្នាំជំនួសខាងមុខនេះបើស្រឡាញ់ខ្លួនឯង គ្រួសារ និងសហគមន៍ត្រូវការពារកុំឲ្យឆ្លងជំងឺកូវីដ-១៩៕

ដោយ៖ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print