វ៉ាក់សាំង Sputnik V គឺជាក្តីសង្ឃឹមយ៉ាងធំធេងសម្រាប់សេដ្ឋកិច្ចជាតិរុស្ស៊ី និងជាប្រភពចំណូលដ៏សំខាន់បំផុតពីទីផ្សារវ៉ាក់សាំងពិភពលោក ។
តាមការវាយតម្លៃទៅលើវ៉ាក់សាំងប្រឆាំង កូវីដ១៩ ដំបូងបំផុតនៅលើពិភពលោក Sputnik V របស់រុស្ស៊ី បានបង្កឲ្យមានការមន្ទិលសង្ស័យពីកម្រិតសុវត្ថិភាព ប៉ុន្តែក្រសួងសុខាភិបាលរុស្ស៊ី បានចេញមកអះអាងពីកម្រិតសុវត្ថិភាព និងប្រសិទ្ធភាព។
មូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី បានវាយតម្លៃថា តម្រូវការវ៉ាក់សាំង នៅលើពិភពលោករហូតដល់ចុងឆ្នាំ២០២១ គឺមានរហូតដល់៣-៥ពាន់លានដូស។ អគ្គនាយក មូលនិធិខាងលើ លោក Kirill Dmitriev បានបញ្ជាក់ថា ជាមធ្យមវ៉ាក់សាំងប្រឆាំងកូវីដ១៩ លើកនៅលើទីផ្សារមានតម្លៃ ២៥ ដុល្លារអាមេរិក ។ ដូច្នេះវ៉ាក់សាំងរុស្ស៊ី អាចរកប្រាក់ចំណូលយ៉ាងតិច ៧៥ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។ ទាំងនោះហើយទើបប្រទេសជាច្រើន កំពុងតែប្រជែងចំណីដ៏ឆ្ងាញ់របស់រុស្ស៊ី។
រដ្ឋាភិបាលរុស្ស៊ី បានចំណាយប្រាក់៥៥លានដុល្លារអាមេរិក សម្រាប់ការស្រាវជ្រាវនឹងផលិតវ៉ាក់សាំងប្រឆាំងកូវីដ១៩ ហើយនៅថ្ងៃទី១២ខែសីហារុស្ស៊ីបានសាកល្បង ដំណាក់កាលចុងក្រោយ វ៉ាក់សំាងប្រឆាំងកូវីដ១៩។ ព្រមជាមួយគ្នានេះដែររុស្ស៊ីបានឲ្យផលិតវ៉ាក់សាំងពី៥លានដូស ឡើងដល់១០លានដូសក្នុងមួយខែក្នុងដំណាក់កាលទី៣ចុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១។
បច្ចុប្បន្នរុស្ស៊ីទទួលបានការបញ្ជាទិញ វ៉ាក់សាំងប្រឆាំងកូវីដ១៩ ដល់ទៅជាង១ ពាន់លានដូស ពី២០ប្រទេសជុំវិញពិភពលោក ហើយមានតម្លៃ២០ដុល្លារក្នុងមួយដូស៕