នាយករដ្ឋមន្ត្រី​ឥណ្ឌា ព្រមានចិន​ជាថ្មី​ ពាក់ព័ន្ធ​បញ្ហា​តានតឹង​នៅ​ព្រំដែន

ចែករំលែក៖

អន្តរជាតិ៖ ចំថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​របស់ប្រទេសឥណ្ឌា នៅ​ថ្ងៃសៅរ៍ទី១៥ ខែសីហា ឆ្នាំ២០២០នេះ លោក ណា​រិន្ទ​ដ្រា ម៉ូ​ឌី នាយករដ្ឋមន្ត្រី​ឥណ្ឌា បាន​ព្រមានរដ្ឋាភិបាល​ចិន​សារជាថ្មី​ ពាក់ព័ន្ធ​បញ្ហា​តានតឹង​នៅ​ព្រំដែន​ប្រទេស​ទាំងពីរ ដោយ​សន្យា​ពង្រឹង​កម្លាំងយោធា​កាន់តែខ្លាំង​ថែមទៀត​។ ខណៈ​ការចរចា​រឿង​ព្រំដែន​ជាមួយ​ចិន​បន្ត​ជាប់គាំង ដោយលោក សង្កត់ធ្ងន់ថា អធិបតេយ្យភាព​របស់​ឥណ្ឌា គឺ​ខ្ពស់បំផុត ហើយទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង អាស្រ័យ​លើ​សន្តិសុខ និង​ការជឿជាក់​។

​នាយករដ្ឋមន្ត្រី​ឥណ្ឌារូបនេះ អះអាងនៅ​ចំពោះមុខ​អ្នកចូលរួម​ជាង​៤​ពាន់​នាក់ នៅ​ទីលាន Red Fort ក្នុង​ទីក្រុង ញ៉ូ​វ ដេលី ​ពី​ការប្រឈមមុខ​ដាក់គ្នា​ជាមួយ​ប្រទេស​ប៉ា​គី​ស្ថាន និង​ចិន លើ​ព្រំដែន​ដែល​កំពុងមាន​ជម្លោះ​របស់​ពួកគេ ដោយ​ពុំ​និយាយ​ចំៗ​ឈ្មោះ​ប្រទេស​ទាំងពីរ​ឡើយ​។

លោក ណា​រិន្ទ​ដ្រា ម៉ូ​ឌី សង្កត់ធ្ងន់ថា «​អ្នកណា​ដែល​ហ៊ាន​ចោល​ភ្នែក​ទៅលើ​ដែន​អធិបតេយ្យ​របស់​ប្រទេស​យើង កងទ័ព​យើង​នឹង​ឆ្លើយតប​ទៅ​ពួកគេ ដោយ​ប្រើ​ភាសា​ពួកគេ​ផ្ទាល់​តែម្ដង​»​។ លោកនាយក​រដ្ឋមន្ត្រី និយាយ​បញ្ឆិតបញ្ឆៀង​បែបនេះ ដោយ​ចង់​មានន័យថា៖ បើ​នរណា​ហ៊ាន​ប្រើ​កម្លាំង​ដាក់​ឥណ្ឌា ឥណ្ឌា​នឹង​ប្រើ​កម្លាំង​តប​វិញ​។

​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក បញ្ជាក់ទៀតថា​៖«​បូរណភាព​ទឹកដី​របស់​ឥណ្ឌា​គឺ​ខ្ពស់បំផុត​សម្រាប់​យើង​។ អ្វីដែល​យើង​អាចធ្វើ​បាន អ្វីដែល​កងទ័ព​យើង​អាចធ្វើ​បាន គ្រប់គ្នា​បាន​មើលឃើញ​ហើយ​ក្នុង​តំបន់ Ladakh»​។ លោក​សំដៅលើ​ការប៉ះទង្គិច​ព្រំដែន​ជាមួយ​កងទ័ព​ចិន ក្នុង​តំបន់ Ladakh លើ​ជួរ​ភ្នំ ហិមពាន្ត កាលពី​ថ្ងៃទី ១៥ ខែមិថុនា​។

​លោក ម៉ូ​ឌី លើកឡើងក្នុង​សុន្ទរកថា​ដដែលថា ឥឡូវនេះ ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង គឺ​ជាប់​ពាក់ព័ន្ធ​នឹង សន្តិសុខ ដំណើរការ និង​ការជឿជាក់​។ លោក​ថា​៖«​ប្រទេសជិតខាង គឺ​មិន​គ្រាន់តែ​ជា​ប្រទេសមួយ​ដែលមាន​ព្រំដែន​ជាប់​គ្នា​ប៉ុណ្ណោះ​ទេ តែ​ជា​អ្នក​ដែល​ចែករំលែក​បេះដូង​ផងដែរ​។ ទំនាក់ទំនង​កាន់តែ​កក់ក្ដៅ កាលណា​ចេះ​គោរព​គ្នា​ទៅវិញទៅមក​»​។​

​ក្រៅពីនេះ លោកនាយក​រដ្ឋមន្ត្រី អះអាងថា កងទ័ព​សកម្ម​ឥណ្ឌា​ទាំង​១,៤​លាន​នាក់ នឹងត្រូវ​ពង្រឹងសមត្ថភាព​ឲ្យ​កាន់តែខ្លាំង​ថែមទៀត​។ លោក​អះអាង​ដូច្នេះ​ថា បន្ថែម​ពី​ការតាំង​ចិត្ត​រឿង​សន្តិសុខ​ខ្លួន និង​ពង្រឹងសមត្ថភាព​យោធា ប្រទេស​ឥណ្ឌា​ក៏​ចង់បាន​សន្ដិភាព​និង​ភាព​សុខដុម​ដែរ​។​

​គួររម្លឹកថា កន្លងទៅកងទ័ព​ឥណ្ឌា​២០​នាក់ ត្រូវបាន​សម្លាប់​ក្នុងការ​ប៉ះទង្គិច​គ្នា​នោះ ដែល​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​ប្រយុទ្ធ ដោយ​ប្រើ​ដំបង​ព័ទ្ធ​លួស ដុំថ្ម និង​ដៃទទេរ​។ ចំណែកឯខាង​ចិន​ក៏បាន​ទទួលស្គាល់ថា​កង​ទ័ព​ស្លាប់​ក្នុង​ហេតុការណ៍​នេះ តែ​ពុំបាន​បញ្ចេញ​តួលេខ​ឡើយ​។ ភាគី​ទាំង​ពីរបាន​ចោទ​គ្នា​ទៅវិញទៅមក ហើយ​កងទ័ព​ចិន​និង​ឥណ្ឌា​រាប់ពាន់នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​តំបន់​ជម្លោះ​នោះ​។ បញ្ហា​ព្រំដែន​មិនទាន់​ដាច់​ស្រា​ច់នេះ កើតឡើង​តាំងពី​ឆ្នាំ​១៩៦២​មកម្ល៉េះ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print