ខេត្តពោធិ៍សាត់ ៖ ក្មេងទំនើង២ក្រុមមានគ្នាចំនួនប្រមាណជាង២០នាក់ បានណាត់កាប់គ្នានៅលើខ្នងប្រឡាយសាធារណៈ ដោយគ្មានញញើតសមត្តកិច្ចសូម្បីតែបន្តិច បណ្ដាលឲ្យក្រុមទី១ចូលមន្ទីរពេទ្យចំនួន៣នាក់ ចំណែកក្រុមទី២រត់គេចបាត់ស្រមោល បន្សល់នូវម៉ូតូស៊េរីទំនើបចំនួន១គ្រឿងផងដែរ ។
ហេតុការណ៍ក្មេងស្ទាវបើកសង្វៀនប្រយុទ្ធគ្នាបន្សល់នូវអ្នករយះក្បាល និងមធ្យោបាយធ្វើដំណើរ១គ្រឿងនេះ បានកើតឡើងនៅវេលាម៉ោង៣ និង៤០នាទី រសៀលថ្ងៃសៅរ៍ ១១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចម្ដុំលើខ្នងប្រឡាយទី៨ ស្ថិតក្នុងភូមិខ្វាវ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានដែលឃើញហេតុការណ៍បានឲ្យដឹងថា ក្រុមទី១ មានគ្នាបមិនក្រោម១០នាក់នោះទេ ហើយបានរងរបួសចំនួន៣នាក់ ទី១ – ខេង បញ្ញា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដំណាក់ត្រាច ឃុំរំលេច ស្រុកបាកាន របួសក្បាល(ធ្ងន់) ទី២-ឈ្មោះ សារឹម គីរី ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំរាំងទិល ស្រុកបាកាន របួសក្បាល(ធ្ងន់) និងទី៣-ឈ្មោះ ធីម ធីបុត្ត ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដំណាក់ត្រាច ឃុំរំលេច ស្រុកបាកាន របួសកំភួនដៃស្ដាំ(ស្រាល)។ ជនរងរបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាកាន ។
ប្រភពដដែលបានបន្តថា ឯក្រុមទី២មានគ្នាប្រមាណ១២នាក់ជិះម៉ូតូចំនួន៧គ្រឿងបានរត់គេចខ្លួនបាត់ស្រមោល ប៉ុន្តែត្រូវគេកំណត់មុខសញ្ញាចំនួន៣នាក់ និងបន្សល់នូវម៉ូតូចំនួន១គ្រឿងផងដែរ។ ចំពោះ ករណីនេះសមត្ថកិច្ចកំពុងធ្វើការងារបន្ត ប៉ុន្តែលទ្ធផលយ៉ាងណានោះ សូមរង់ចាំអ៊ុតមើលទាំងអស់គ្នា ៕ ដោយៈ បុឹម ពិន