មានជនជាតិចិនកាប់បំផ្លាញដីព្រៃនៅខេត្តរតនគិរី តើមានច្បាប់វិនិយោគវិស័យកសិកម្ម ឬជាអំពើឃុបឃិតរំលោភយក..!

ចែករំលែក៖

ខេត្តរតនគិរី ៖ អាជ្ញាធរ សមត្ថកិច្ចជំនាញគ្រប់ជាន់ថ្នាក់ មានទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានដឹងនឹងទទួលបទបញ្ជាពី ប្រមុខរាជរដ្ឋាភិបាល លើវិធានរឹតបណ្តឹង ក្នុងការទប់ស្កាត់ បង្ក្រាបរាល់សកម្មភាពកាប់រានដីព្រៃឈើ ល្មើសច្បាប់ ដើម្បីចូលរួមថែរក្សាព្រៃឈើ ធនធានធម្មជាតិ។ ប៉ុន្តែមួយរយៈនេះ គេពុំទាន់ដឹងថា៖ ក្រុមចិនមានច្បាប់វិនិយោគដាំដុះដំណាំលើវិស័យកសិកម្ម ឬមួយយ៉ាងទេ ខណៈអាជ្ញាធរ និងជំនាញមិនបានបញ្ជាក់ច្បាស់ពី សកម្មភាពឈូសឆាយដីព្រៃ ដែលបង្កឡើងដោយជនជាតិនៅ ស្រុកកូនមុំ ខេត្តរតនគិរី។

ជាក់ស្ដែងដីព្រៃមួយកន្លែងស្ថិតនៅក្នុងភូមិស្រែពកតូច ឃុំសេរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី ត្រូវបានជនជាតិចិន ធ្វើសកម្មភាព ឈូសឆាយ កាប់បំផ្លាញពង្រីកផ្ទៃដីបន្ថែមជាបន្តបន្ទាប់ បើទោះជាដីឈូសឆាយនៅតំបន់នេះ ត្រូវគណៈកម្មការខេត្តចុះពិនិត្យរួចម្ដងមកហើយ មិនទាន់សម្រេចថាដកហូតឬយ៉ាងណានោះទេ។ ចំណែកអាជ្ញាធរមូលដ្ឋាន និងជំនាញពាក់ព័ន្ធបានត្រឹមនិយាយថាមិនដឹង នឹងចាំចុះទៅមើលតែប៉ុណ្ណោះ ត្រង់មានច្បាប់ ឬមិនមានច្បាប់ពួកគាត់មិនបរិយាយ។
សូមបញ្ជាក់ថា៖ ករណីជនជាតិចិនកាប់បំផ្លាញព្រៃឈើរានយកដីខាងលើនេះ ឆ្លើយតបជាមួយអ្នកសារព័ត៌មាន លោក នូ ម៉ឹង មេឃុំសេរីមង្គល ស្រុកកូនមុំ ហាក់មិនសូវផ្តោតអារម្មណ៍លើមូលដ្ឋានខ្លួនគ្រប់គ្រង ខណៈលោកនិយាយ មិនអីទេក្នុងរឿងនេះ។
ដោយឡែក លោក សេក ហៃ អភិបាលស្រុកកូនមុំ បានឱ្យដឹងថា៖ ដីនៅឃុំសេរីមង្គលមិនមានក្រុមហ៊ុនវិនិយោគទេ ។ លោកបន្តថា៖ ចំណែកថាមានជនជាតិចិនលួចកាប់រានដីព្រៃនោះលោកទាន់បានមិនដឹងទេ សុំឲ្យសួរទៅជំនាញវិញទៅ។
លោក ថោ ប៊ុនថេត ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកកូនមុំ បានបញ្ជាក់ថា៖ ដីនេះមានឈ្មោះ ស៊ីង នៅស្រុកវើនសៃ ជាអ្នកឈរឈ្មោះទិញ ហើយដីនេះមិនមានចុះបញ្ជីត្រឹមត្រូវទេ គ្រាន់តែជំនាញចុះវាស់វែងលក្ខណៈទិញដូរ រវាងអ្នកទិញនិងអ្នកលក់តែប៉ុណ្ណោះ។ ចំណែកការកាប់រានដីព្រៃ សូមទំនាក់ទំនងសួរជំនាញរដ្ឋបាលព្រៃឈើ នោះគេដឹងជាង ។
ជុំវិញបញ្ហានេះ លោក គួក ធឿន នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកកូនមុំ បានឲ្យដឹងថា លោកមិនបានដឹងទេ ចំពោះការកាប់រានដីព្រៃបន្ត គ្រាន់តែការកាប់រានចាស់ៗកន្លងទៅ លោកបានចុះទៅពិនិត្យ និងធ្វើរបាយការណ៍ជូនថ្នាក់លើនិងខេត្តរួចម្ដងហើយ ការមានវិធានការដកហូត ឬយ៉ាងណានោះ លោករងចាំការសម្រេចពីថ្នាក់លើនិងខេត្តសិន។ ចំពោះការកាប់រានដីព្រៃថ្មី លោកនិងរកពេលចុះទៅពិនិត្យម្ដងទៀតនៅពេលក្រោយដើម្បីរាយការណ៍ជូនថ្នាក់លើ។
លោក ញែម សំអឿន អភិបាលរងខេត្តរតនគិរី បានឲ្យអ្នកសារព័ត៌មាន ដឹងកន្លងទៅថា ៖ ដីព្រៃនៅតំបន់នោះជាដីគម្របព្រៃ ដែលមាន សរាចរណែនាំ ចេញតាំងពីឆ្នាំ២០០២ មិនអាចអនុញ្ញាតឲ្យអ្នកណាកាប់ទន្រ្ទានបានទេ បើទោះជាប្រជាពលរដ្ឋទៅកាប់រានធ្វើចំការនៅទីនោះក៏ដោយ ហើយអាជ្ញាធរមូលដ្ឋាន ឬជំនាញពាក់ព័ន្ធហ៊ានចេញលិខិតណាមួយពាក់ព័ន្ធត្រូវមានទោសទាំងអស់ ហើយដីចំការអ្នកណាក៏ដោយ ឲ្យតែពាក់ព័ន្ធនិងផ្ទៃដីគម្របព្រៃនេះ ត្រូវដកហូតទាំងអស់។
គួរបញ្ជាក់ថា កន្លងមកក្រុមឈ្មួញតែងតែ ប្រើរូបភាពឲ្យប្រជាពលរដ្ឋលួចកាប់រានធ្វើចំការជាលក្ខណៈគ្រួសារ ហើយអាជ្ញាធរមូលដ្ឋានឃុបឃិតគ្នា ធ្វើលិខិតទិញដូរជាមួយប្រជាពលរដ្ឋលក់ឲ្យឈ្មួញ៕

ដោយ ៖សាយ ប៉ូច

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print