អំឡុងថ្ងៃឈប់សម្រាក ស្នងការខេត្តកណ្ដាល ដាក់ផែនការពង្រឹងសន្តិសុខតាមមូលដ្ឋាន និងផ្សព្វផ្សាយវិធានការកូវីដ-១៩

ចែករំលែក៖

ខេត្តកណ្ដាល៖ នគរបាលខេត្តកណ្តាលទាំមូលរៀបចំផែនការច្បាស់លាស់ និងម៉ឺងម៉ាត់ ដល់គ្រប់មូលដ្ឋានក្នុងការរៀបចំសណ្ដាប់ធ្នាប់សង្គម ការពារសុខសុវត្ថិភាពជូនពលរដ្ឋ។ ពិសេសជំរុញឱ្យកម្លាំងតាមមូលដ្ឋាន ត្រូវបញ្រ្ជៀបការយល់ដឹង និងផ្សព្វផ្សាយពីវិធានការការពារជំងឺកូវីដ១៩ ដល់ពលរដ្ឋឱ្យបានគ្រប់គ្នា។ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានថ្លែងបែបនេះ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ ។ ដោយលោកថា ផែនការសម្រាប់ការឈប់សម្រាករបស់ពលរដ្ឋនៅទូទាំងខេត្តកណ្ដាលនេះ ដើម្បីឲ្យមានភាពរលូនល្អ និងមានសណ្ដាប់ធ្នាប់សង្គម១០០% កម្លាំងនឹងចេញល្បាតទាំងយប់ថ្ងៃ ពង្រាយកម្លាំងនៅតាមទីកន្លែងកំសាន្តនានា វត្តអារាម និងទីប្រជុំជនផ្សេងទៀត ខណៈលោកស្នងការមិនអនុញ្ញាត ឲ្យជនបំពុលសង្គម បង្ករចលនាបានជាដាច់ខាត។ ពិសេសមួយទៀត គឺកម្លាំងអន្តរាគមន៍ខាងអគ្គិភ័យ បានត្រៀមរួចជាស្រេច ក្នុងការត្រៀមសង្រ្គោះបន្ទាន់ ករណីមានអគ្គិភ័យណាមួយ កើតឡើង ។

សូមជម្រាថា ៖ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលគ្រោងនឹងធ្វើឡើងក្នុងខែមេសា ឆ្នាំ២០២០នេះ ត្រូវបានអាក់ខានដោយសារ តែវិបត្តិនៃការរីករាលដាលវីរុសកូវីដ១៩ ដើម្បីទប់ស្កាត់ការរីករាលដាលនេះ សម្តេចតេជោ ហ៊ុន សែន បានចេញសារាចរណែនាំមួយ ដោយផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ប៉ុន្តែសម្តេចតេជោក៏បានប្រកាសផងដែរថា នឹងសងប្រជាពលរដ្ឋវិញផងដែរ ឲ្យឈប់សម្រាករយៈពេល៥ថ្ងៃឯណោះ គឺចាប់ពីថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០។ 

លោកស្នងការឈឿន សុចិត្ត បានក្រើនរំលឹកថា៖ សូមជនរួមជាតិបើកបរគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ពិសេសក្នុងអំឡុងឱកាស សងថ្ងៃឈប់សម្រាកការងារ នៅថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ពិសេសប្រកាន់ខ្ជាប់ខ្ជួនពីការណែនាំ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ត្រូវ

អនុវត្តតាមវិធានការដូចខាងក្រោម៖

 ១-ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្តទោះជិត ឬឆ្ងាយ គ្រប់ពេលវេលា។ 

២-មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត។

៣-មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត។ 

៤-ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច។

 ៥-ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមរថយន្ត។

៦-មិនត្រូវបត់ ឬវ៉ាជែង ក្នុងភាពប្រថុយប្រថាន ឬប្រើទូរស័ព្ទដោយគ្មានឧបករណ៍សំឡេងកាប់ទំនាក់ទំនង។

 ៧-ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជាប្រចាំ ពិសេសត្រួតពិនិត្យកង់ ចង្កូត ហ្នឹង ភ្លើងបំភ្លឺ ។ល។ 

៨-សូមកុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករ មិនត្រូវផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល និងសូមមេត្តាកុំដំឡើងថ្លៃធ្វើដំណើរក្នុងឱកាសនេះ។

៩-មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត។ 

១០-ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌យោគយល់អាធ្យាស្រ័យ។

 ១១-សូមបងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់មេត្តាយោគយល់ចំពោះការប្រកាន់យកវិធានការ ច្បាប់ដ៏តឹងរ៉ឹងចំពោះបទល្មើសចរាចរណ៍ផ្លូវគោក។ ដើម្បីចៀសវាងពីការប្រឈមចំពោះផ្លូវច្បាប់ សូមបងប្អូន គោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្លួន ដើម្បីការពារអាយុជីវិតខ្លួនឯងផ្ទាល់ ដើម្បីភាពសុខដុម រម្យនាក្នុងក្រុមគ្រួសារ ដើម្បីការពារទ្រព្យសម្បត្តិរបស់បងប្អូន និងដើម្បីរួមគ្នាលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់ប្រទេសជាតិយើង៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print